ពីនេះ ពីនោះ
នយោបាយឡើងកម្ដៅ សីលធម៌កូនខ្មែរក៏ធ្លាក់ចុះ
× ភ្នំពេញ៖ នៅពេញបណ្ដាញសង្គម ឲ្យតែមានចរន្តប្រែប្រួលផ្នែកនយោបាយ និងកម្ដៅនយោបាយកើនឡើងម្ដងៗ គេសង្កេតឃើញថា សន្ទុះអ្នកប្រតិកម្ម និងបញ្ចេញមតិយ៉ាងសកម្មជាពិសេសនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ការបញ្ចេញមតិនេះមានទាំងការជេរប្រមាថ មានទាំងរិះគន់ស្ថាបនា និងពាក្យពេជន៍គ្មានសីលធម៌គ្រប់រូបភាព។
ជាប្រវត្តិសាស្ត្រមកហើយ ដែលដូនតាខ្មែរស្ទើរគ្រប់រូបបានថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អរបស់ខ្មែរ។ ជាពិសេសក្បួនច្បាប់នានាដែលតែងតែអប់រំ និងណែនាំឲ្យកូនខ្មែរឲ្យចេះរស់មានសីលធម៌ល្អបែបខ្មែរ ចេះប្រើប្រាស់ពាក្យសម្ដីសមរម្យ មានកាយវិការសុភាពរាបសារសមជាពូជពង្សអ្នកថ្លៃថ្នូរ។ ព្រោះតែកត្តានេះគួរណាស់តែ កូនខ្មែរចេះរួមគ្នា ក្នុងការរៀបចំសង្គមជាតិ ឲ្យមានសីលធម៌ថ្លៃថ្នូរ សន្តិភាពពិត និងសុភមង្គលពិត។
ផ្ទុយមកវិញ ក្នុងបរិបទសង្គមថ្មីនេះ កូនខ្មែរជំនាន់ថ្មីហាក់បាត់បង់នូវស្មារតីរក្សាសីលធម៌សង្គមទៅវិញ។ អ្វីដែលអាចនិយាយបែបនេះបាន ព្រោះតែរាល់ពាក្យសម្ដីរបស់កូនខ្មែរ ដែលបានបញ្ចេញមតិ បង្ហាញគំនិត នៅក្នុងបណ្ដាញសង្គមភាគច្រើនបំផុតគឺជាភាសារជេរប្រមាថ ពាក្យពេជន៍គ្មានសីលធម៌ ការកាត់តរូបភាពអាសអាភាសន៍ ដែលមើលទៅហាក់បីដូចជាមិនមែនជាបុគ្គល ដែលទទួលបានការអប់រំ។ សកម្មភាពបែបនេះរបស់យុវជនខ្មែរ ចង់មិនចង់គឺកំពុងតែបំផ្លាញសីលធម៌សង្គម បង្កើតវប្បធម៌ជេរប្រមាថ បង្កើតវប្បធម៌គ្មានតម្លៃចំពោះជាតិមាតុភូមិហើយ។
ថ្វីដ្បិតថា សង្គមបច្ចុប្បន្នមានរឿងរ៉ាវមួយចំនួនធំគឺជារឿងដែលគួរឲ្យស្អប់ខ្ពើម ដែលត្រូវតែកែប្រែរតាមរយៈការផ្ដល់យោបល់ ប៉ុន្តែកូនខ្មែរក៏មិនគួរយកវិធីសាស្ត្ររបៀបមនុស្សពាល និងខ្វះការអប់រំមកបញ្ចេញគំនិតនោះទេ។ ព្រោះថាការធ្វើបែបនោះវាមិនបានផ្ដល់ផលល្អអ្វីសម្រាប់ជាតិនោះទេ ប៉ុន្តែវាបែបជាធ្វើឲ្យខ្លួនឯងបាត់បង់តម្លៃក្នុងនាមជាអ្នកចេះដឹងទៅវិញ។
ហេតុដូច្នេះ កូនខ្មែរជំនាន់ថ្មីត្រូវបណ្ដុះនូវការគិតជាវិជ្ជមាន ការគោរព ការទទួលស្គាល់ និងការផ្ដល់តម្លៃគ្នាទៅវិញទៅមក នោះខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ ហើយ រួមគ្នារៀបចំសង្គម កែលម្អនិង បំពេញបន្ថែម នូវចំណុចខ្វះខាត ភាពអសកម្ម និងភាពអវិជ្ជមានដែលមិនទាន់បានដោះស្រាយទើបជាការប្រសើរ។ យុវជនខ្មែរគួរនាំគ្នា ស្វះស្វែងរកចំណេះដឹងឲ្យបានទូលំទូលាយ ចេះពិចារណា ប្រកបដោយវិចារណញ្ញាណ ឧត្តមតិ និងគុណធម៌។ បន្ទាប់មកប្រើប្រាស់ចំណេះទាំងនោះ ចូលរួមរៀបចំសង្គមឲ្យមានយុត្តិធម៌ សង្គមសុភមង្គល សង្គមប្រជាធិបតេយ្យ សង្គមសីលធម៌ថ្លៃថ្នូរជឿនលឿន ក្នុងនាមជាពលរដ្ឋថ្លៃថ្នូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com