ពីនេះ ពីនោះ
៣១ ចំណុច​នៃ​ច្បាប់​បុរាណ បង្ហាញ​ពី​លក្ខណៈ​ស្ត្រី​គ្រប់​ល័ក្ខណ៍
29, Apr 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ត្រី​គ្រប់​ល័ក្ខណ៍​គឺជា​ទ្រព្យ​ដ៏​មានតម្លៃ​សម្រាប់​គ្រួសារ និង​សង្គម​។ ស្ត្រី​នាំមក​នូវ​សុភមង្គល​គ្រួសារ ភាព​រីកចម្រើន និង​ភាពស្រស់ថ្លា​ប្រកបដោយ​ភាពកកក្ដៅ​ក្នុង​ជីវិត​គ្រួសារ​។ ប៉ុន្តែ​ប្រសិនបើជា​ស្ត្រី​ខ្វះខាត​អង្គ​លក្ខណៈ​ល្អ ក៏​មិនអាច​នាំមក​នូវ​របស់​ទាំងឡាយ​ទាំងពួង​ដែល​បានលើកឡើង​នោះដែរ​។ ហេតុនេះ តាមច្បាប់​បុរាណ​លោក​បាន​ពោលថា ស្ត្រី​គ្រប់លក្ខណ៍ ត្រូវ​ប្រកបដោយ​លក្ខខណ្ឌ​៣១ ដូចខាងក្រោម​៖



​តាមច្បាប​បុរាណ​បាន​បញ្ជាក់ថា ស្ត្រី​ដែរ​មិនចេះ​អេចអូច​និយាយដើម​គេ​, ចេះ​គួរសម​ក្រោក​ទទួល​មាតាបិតា​និង​ស្វាមី​, ដឹងគុណ​មាតាបិតា​ញាតិសន្ដាន​ទាំងសងខាង​, មិនចេះ​ដេក​ថ្ងៃ​, មិន​ភ្លីភ្លើ ភ្លេចមុខភ្លេចក្រោយ​, ចេះ​ថែទាំ​ខំ​រក្សាទ្រព្យ​សម្បត្តិ​, មិន​ក្បត់ចិត្ត​ស្វាមី​ទៅ​មាន​បុរស​ថ្មី​ជាស​ហាយ​, មិនចេះ​ប្រចណ្ឌ ស្វាមី​ផ្ដេសផ្ដាស​មិន​សម​ហេតុផល​, គ្មាន​កល​មាយា គឺជា​មង្គល​ដ៏​ឧត្ដម​សម្រាប់​ស្ត្រី​គួ​ប្រតិបត្តិ​និង​ធ្វើតាម​។​

​បន្ថែម​ពី​នោះ​ទៀត ការមិន​រំសាយសក់​ឲ្យ​គេ​ឃើញ​, មានចិត្ត​ខន្តី អត់ធ្មត់​គ្រប់​កិច្ចការ​, មាន​ជើង​ស្រាល​មិន​ដើរ​ទ​ន្ទ្រំ​ក្ដុងក្ដាំង​, មិន​ឈរ​ឬ​អង្គុយ​សំញែង​កាយ​ឲ្យ​គេ​ឃើញ​, មិន​ដើរ​ញ៉ិកញ៉ក់​កាច់រាង​, ចេះ​សង្រួម​ភ្នែគ មិន​ក្រឡេករ​ឡេ​ករ​ឡេ​ម​, មានដំណើរ​ល្អ មិន​គ្រលែង​កាយ ចំទយគូថ​, មិន​បង់បោយ​ញាក់ស្មា គ្រលែង​ដើមដៃ​, មាន​សំឡេង​តិច​ច្បាស់លាស់ មិន​និយាយ​ឡូឡា​, មិនចេះ​ឡេះឡោះ​លេងសើច​, មិន​និយាយ​ផ្ដោះផ្ដង​ចំពោះ​បុរស​និង​ស្ត្រី គឺ​សុទ្ធតែជា​ច្បាប់​ដេ​ល​ចាស់​បុរាណ​បាន​ចារ​សម្រាប់​ឲ្យ​ស្ត្រី​គ្រប់រូប​ប្រតិបត្តិ​តាម​ក្នុង​ការកសាង​ខ្លួន​ទៅជា​ស្ត្រី​គ្រប់​ល័ក្ខណ៍​។​

​យ៉ាងណាមិញ ការមិន​ទម្រន់​ធ្វើ​ការងារ បើ​ធ្វើ​ទាល់តែ​ឃើញ​ការ​នោះ​, ទៅ​ទីណា​ឆាប់​ត្រលប់មក​ផ្ទះ​វិញ មិន​ញៀន​អង្គុយ​ផ្ទះ​គេ​, ចេះ​ទុកដាក់​ឥ​វ៉ាន់ ក្នុងពេល​គួរ​ទុកដាក់​, ចេះ​រៀបចំ​ផ្ទះសម្បែង​ឲ្យ​មាន​របៀប​រយ​, ចេះ​ចាត់ចែង​គ្រឿងឧបភោគ​និង​បរិភោគ​, ខ្លាចចិត្ត​ស្វាមី​មាតាបិតា​ហើយ​គោរព​តាម​ឱវាទ​, បរិភោគ​ចំណីអាហារ​ក្រោយ​ស្វាមី​និង​មាតាបិតា , ឈប់​បរិភោគ​មុន​ស្វាមី​និង​មាតាបិតា​, ដេកលក់​ក្រោយ​ស្វាមី​, ភ្ញាក់​មុន​ស្វាមី​, និង​មាន​សន្ដាន​មេត្តាករុណា​ចេះ​ធ្វើ​បុណ្យទាន​រក្សាសីល គឺ​កត្ដា​គួរ​ប្រតិបត្តិ​របស់​ស្ត្រី​គ្រប់រូប​។​

​លក្ខណៈ​ស្ត្រី​គ្រប់​ល័ក្ខណ៍​ទាំង​៣១ ខាងលើ គឺ​បញ្ញត្តិ​ដែល​ចាស់​បុរាណ​បាន​ចារ​មក​។ ប៉ុន្តែ​សម្រាប់​បរិបទ​សង្គម​ទំនើប​បច្ចុប្បន្ននេះ មាន​ចំណុច​ខ្លះ​ប្រហែល​មិន​ត្រឹម​ត្រូវចំ​ពើ​បរិបទ​សង្គម​ថ្មី​នេះ​នោះទេ​។ ជាក់ស្ដែង ៣១​ចំណុច​ខាងលើ វា​ពិតជា​លំបាក់​នឹងធ្វើ​ឲ្យ​បាន​ណាស់​។ តែ​ទោះបី​យ៉ាងណាក៏ដោយ បើ​មិនបាន​គ្រប់លក្ខណ៍ ក៏​សូម​ត្រឹម​មាន​សតិ បញ្ញា បានន័យថា មានគំនិត​មារយាទ ចេះ​គិតគូរ​ពិចារណា​នោះ​គឺជា​ដ៏​ប្រសើរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com