ពីនេះ ពីនោះ
ខ្លាឃ្មុំធំជាប្រភេទសត្វរស់នៅឯកឯងហើយរស់នៅជាគូពេលរដូវបន្តពូជតែប៉ុណ្ណោះ
× ភិនភាគ៖ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ (V) នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល-ដងខ្លួនពី ១២០០-១៥០០ម.ម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០-១៥០គ.ក រីឯញីមានទម្ងន់ពី ៥៦-៩០គ.ក។ ប្រអប់ជើងមានទំរង់ស្រដៀងនឹងប្រអប់ជើងរបស់មនុស្ស។
ជីវសាស្ត្រ៖ ជាប្រភេទសត្វរស់នៅឯកឯង វារស់នៅជាគូពេលរដូវបន្តពូជតែប៉ុណ្ណោះ និងចូលចិត្តរស់នៅតាមទីជំរកតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ប្រភេទនេះជាទូទៅដេកនៅពេលថ្ងៃ តាមប្រហោងគល់ឈើធំៗ រូងភ្នំ និងក្រហែងថ្ម។ វាចេញរកស៊ីនៅពេលយប់ ប៉ុន្តែមានពេលខ្លះរកស៊ីពេលថ្ងៃផងដែរនៅរដូវផ្លែឈើទុំ។ ចំណីររបស់វាមានដូចជា ឃ្មុំ ព្រួត ឬសឈើ សត្វល្អត រុក្ខជាត។ វាមានលក្ខណៈបន្សុំាផងដែរទៅនឹងចំណីផ្សេងៗ ចំពោះខ្លាឃ្មុំដែលចិញ្ចឹមនៅក្នុងសួនសត្វវាស៊ីចំណីដូចជា បបរសណ្តែក បន្លែ ត្រី សាច់ឆៅ ដូង។ល។ ខ្លាឃ្មុំធំបង្កើតកូនម្តងបាន ១-២ក្បាល បន្ទាប់ពីពពោះរយៈពេល ៧-៨ខែ ជួនកាលមានកូនរហូតដល់ ៣-៤ក្បាល ប៉ុន្តែចំនួននេះកម្រនឹងមានណាស់។ កូនរស់នៅជាមួយមេរហូតដល់អាយុ ៣ឆ្នាំ និងជួនកាលរហូតដល់មេរបស់វាមានកូនបន្ទាប់មួយទៀត។
រប៉ាយរស់នៅ៖ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទនេះក៏មានវត្តមានផងដែរ នៅប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវ និងប្រទេសវៀតណាម។
ស្ថានភាពអភិរក្ស៖ ខ្លាឃ្មុំធំស្ថិនក្នុងក្រុមប្រភេទជិតផុតពួជ ដែលត្រូវបានការពារដោយច្បាប់ស្តីពីព្រៃឈើ និងបានចុះបញ្ជីក្រហម IUCN (VU) ជាប្រភេទរបគ្រោះ ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធទី I នៃអនុសញ្ញា CITES។ ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារការបាត់បង់ទីជំរក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។
© រក្សាសិទ្ធិដោយ thmeythmey.com