ពីនេះ ពីនោះ
តើ​ការរស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្រោយពេល​រៀបការ​ផ្ដល់​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​?
30, Apr 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍ មាន​គូ​ស្វាមីភរិយា​ខ្លះ​ចង់​បន្ត​រស់នៅ​ជាមួយ​ឪពុកម្ដាយ ចំណែក​អ្នកខ្លះ​ចង់​បែក​គ្រួសារ​រស់នៅ​តែ​ពី​នាក់​ប្ដី​ប្រពន្ធ​ជាដើម​។ ប៉ុន្តែ​ការរស់នៅ​ជាមួយ ឬ​នៅ​បែក​ពី​ឪពុកម្ដាយ វា​គឺ​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​គូស្រករ​ថ្មីថ្មោង​នោះ​។ ចុះបើ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​មានគុណ​សម្បត្តិ​អ្វីខ្លះ​? ហើយ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​មានគុណ​វិបត្តិ​អ្វីខ្លះ​?



​សម្រាប់​ការរស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្រោយពេល​រៀបការ​អាច​ផ្ដល់នូវ​គុណសម្បត្តិ​មួយចំនួន​ដូចជា​៖ ធ្វើ​ឲ្យ​មាន​ភាពកក់ក្ដៅ​ក្នុង​ជីវិត​, មាន​សុវត្ថិភាព​និង​សន្តិសុខ​ផ្លូវកាយ និង​ផ្លូវចិត្ត​, សុវត្ថិភាព​ហិរញ្ញវត្ថុ​, ធូរស្រាល​ការងារ​ផ្ទះ​និង​ការងារ​មើលថែ​កូន​, អាចជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតមានឡើង​ក្នុង​រង្វង់​គ្រួសារ​, មាន​អ្នក​ជួយ​លើកទឹកចិត្ត និង​លួងលោម​, មាន​ទីប្រឹក្សា​ជីវិត​រស់នៅ​ជាមួយ​ជាប្រចាំ​ថ្ងៃ​។​

​ផ្ទុយ​មកវិញ​ការរស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្រោយពេល​រៀបការ ក៏​អាចមាន​គុណវិបត្តិ​មួយចំនួន​ផងដែរ ដូចជា​៖ ធ្វើ​ឲ្យ​ខ្វះ​សេរីភាព​មួយចំនួន​, អាចមាន​ការមិនសប្បាយចិត្ត​រៀងៗ​ខ្លួន​រវាង​ម្ដាយ​ឪពុកក្មេក និង​កូនប្រសា​, អាចមាន​ទំនាស់​កើតឡើង​, អាច​កាត់បន្ថយ​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា​, មានការ​ទើសមុខ​គ្នា ទើស​មាត់​គ្នា ទើសចិត្ត​គ្នា ចំពោះ​ម្ដាយ​ឪពុកក្មេក​, និង​មាន​មានការ​ចង្អៀតចង្អល់ តឹងតែង​ក្នុង​អារម្មណ៍​ជាដើម​។​

​ទោះជា​យ៉ាងណា គ្រប់យ៉ាង​វា​មិន​អាចមាន​លក្ខណៈ​ដាច់ខាត​នោះទេ​។ ការរស់នៅ​ជាមួយគ្នា វា​គង់​តែមាន​បញ្ហា​ខ្លះ និង​មានគុណ​សម្បត្តិ​ខ្លះ​។ ហេតុនេះ ការសម្រេចចិត្ត​របស់​កូនប្រុស​ស្រី គូ​ស្វាមី​ថ្មីថ្មោង​ថា​រស់នៅ​ជាមួយ ឬ​មិន​នៅ​ជាមួយ គឺ​ត្រូវ​មើលថា ខ្លួន​មានលទ្ធភាព​ប៉ុណ្ណា សមត្ថភាព​ប៉ុណ្ណា មានការ​តាំងចិត្ត​ប៉ុណ្ណា និង​បាន​ត្រៀមលក្ខណៈ​យ៉ាងណា​ហើយ​សម្រាប់​ទទួលយក​រឿង​រ៉ាង​រ៉ាវ​នានា​ក្រោយពេល​សាង​ស្ពាន​គ្រួសារ​នោះ​?

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​,​រៀបរៀង​ដោយ ភិក្ខុ សុន​ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com