ពីនេះ ពីនោះ
តើ​ការរស់នៅ​តែ​ពីរ​នាក់​ក្រោយពេល​រៀបការ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​?
30, Apr 2016 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពេល​រៀបការ​មាន​គូ​ស្វាមីភរិយា​ថ្មី​ខ្លះ​សម្រេចចិត្ត​រស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដើម្បី​កសាង​សុភមង្គល​គ្រួសារ​។ ការសម្រេចចិត្ត​បែបនេះ​គេ​តែងតែ​យល់ថា​បុគ្គល​ពីរ​នាក់​នោះ​ជា​មនុ​ស្សមាន​ទំនួល​ខុសត្រូវ​ក្នុង​ជីវិត​។ ក៏ប៉ុន្តែ តើ​ការសម្រេចចិត្ត​រស់នៅ​តែ​ពី​នាក់​ប្ដី​ប្រពន្ធ​ក្រោយពេល​រៀបការ​វា​បានផ្ដល់​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​ចំពោះ​គូ​ស្វា​មីនោះ​?



​ជាការ​ពិតណាស់ ក្នុង​ជីវិត​ជា​ប្ដី​ប​ប្រពន្ធ​ថ្មីថ្មោង ផល​អវិជ្ជមាន​រមែង​តែងតែ​កើតមាន​ចំពោះ​ពួកគេ​។ ហើយ​ការរស់នៅ​នោះ​អាចមាន​ជា​គុណវិបត្តិ​នៃ​ការរស់នៅ​មួយចំនួន​ដូចជា​៖ ពួកគេ​ស្ថិតនៅ​ក្នុងចំណោម​គូស្រករ​នៅ​ក្មេង​ខ្វះ​បទពិសោធន៍​ជីវិត​, មិនទាន់មាន​ការងារ​ធ្វើ​ត្រឹមត្រូវ​, អាច​ជួប​ការលំបាក បើសិន​មិនទាន់មាន​សមត្ថភាព​ក្នុងការ​រស់នៅ​ដោយ​ខ្លួនឯងបាន​, ជួប​ផលវិបាក​ក្នុងពេល​មាន​ផ្ទៃពោះ​និង​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន​, មានការ​មមាញឹក មិនមាន​ពេល​គ្រប់គ្រាន់​ថែទាំ និង​ណែនាំ​កូន​, គ្មាន​ចាស់ទុំ​ជា​បង្គោល​និង​ជា​ព្រះ​សម្រាប់ធ្វើ​បុណ្យទាន​។​

​ប៉ុន្តែ​ក្នុងនោះ​ក៏មាន​គុណសម្បត្តិ​នៃ​ការរស់នៅ​តែ​ពីរ​នាក់​ផងដែរ នោះ​គឺ​៖ ធ្វើ​ឲ្យ​គូ​ស្វាមី​មាន​សេរីភាព​ច្រើន​ក្នុង​ការធ្វើ​អ្វីមួយ​, រារាំង​បាន​នូវ​ទំនាស់​រវាង​ម្ដាយ​ឪពុកក្មេក​និង​កូនប្រសា​, មាន​ឯករាជភាព​ក្នុង​គ្រួសារ​, មាន​ម្ចាស់ការ​និង​ទទួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​, បញ្ហា​ដែល​អាច​នឹង​កើតមានឡើង​ចំពោះ​ស្វាមី​និង​ភរិយា​ក្រោយពេល​រៀបការ​ក៏​អាច​កាត់បន្ថយ​។​

​តែ​ទោះជា​យ៉ាងណា ប្រសិនបើ​គូ​ស្វា​មីនោះ មាន​ភាព​ចាស់ចិត្ត​ចាស់​គំនិត មាន​សមត្ថភាព​គ្រប់គ្រាន់ មានលទ្ធភាព​សមរម្យ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​វា​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​ការរស់នៅ​បែបនេះ​ទេ​។ ប៉ុន្តែ​ជាទូទៅ តាម​ការសង្កេត កូន​ខ្មែរ​តាម​ស្រុក​ស្រែចំការ ភាគច្រើន​ក្មេងៗ មិនសូវ​មានចំណេះ ខ្វះ​ទំនួល​ខុសត្រូវ គ្មាន​លទ្ធភាព​គ្រប់គ្រាន់ តែងតែ​ជួប​នូវ​គុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ​៕

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​,​រៀបរៀង​ដោយ ភិក្ខុ សុន​ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com