ពីនេះ ពីនោះ
ស្រា​៧​ប្រភេទ​ដែល​គ្រោះថ្នាក់​ខ្លាំង​!
30, Apr 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!


​កំណាព្យ​បទ ពាក្យ​៨

​ខ្ញុំ​សូម​និទាន​ពី​រឿង​ស្រាថ្នាំ​    ​    ​    ​ចាស់​ស្រុក​ខ្ញុំ​ផ្តាំ​មាន​ប្រាំពីរ​មុខ​
​ពេល​ផឹក​រួចហើយ​តែងតែ​នាំទុក្ខ​    ​    ​ខ្ញុំ​រៀប​ទំនុក​ទុក​ពិចារណា​។​

​មាន​ប្រភេទ​ស្រា​ប្រមាត់​សុនខ​    ​    ​ផឹក​ហើយ​សម្លក់​ចង់​ហក់​ប្រហារ​
​លែង​ស្គាល់​សាច់​ញ​តិ​បងប្អូន​ខាង​ណា​    ​នៅពេល​បាន​ស្រា​ថា​ស្តី​មិន​ស្តាប់​។​

​មាន​ស្រា​វរវឹក​ផឹក​ហើយ​ហានក្លា​    ​    ​ចង់​រករឿង​គ្នា​ចិត្តហ៊ាន​សម្លាប់​
​ស្រា​ប្រមាត់​ខ្លា បើតាម​គេ​ប្រាប់​    ​    ​អ្នក​ផឹក​តែង​យ៉ាប់​ផឹក​ហើយ​គ្រាំគ្រា​។​

​មាន​ដែរ ស្រាថ្នាំ​ត្រាំ​ប្រមាត់​មឹក​    ​    ​ផឹក​ហើយ​ភ្លេច​ភ្លឹក​នឹក​ចង់បាន​គ្នា​
​ចង់​រាវ​បេះបោច​មិន​ខ្លាច​វេរា​    ​    ​    ​ផឹក​ហើយ​រងារ​ចង់បាន​គ្នា​ក្បែរ​។​

​មាន​ស្រា​មួយទៀត​ហៅ​ប្រមាត់​ពស់​    ​    ​ផឹក​ហើយ​ខូច​ឈ្មោះ​លូន​តាម​ភ្លឺស្រែ​
​ផឹក​ចោល​កិច្ចការ​ស្រវឹង​តែវ៉ែ​    ​    ​    ​ធំក្លិន​ត្រប៉ែ​ទៅ​ក្បែរ​មិនបាន​។​

​មាន​ប្រភេទ​ស្រា​ផឹក​ហើយ​ចង់​ដេក​    ​    ​អ្នក​ផឹក​ដែល​ស្រេក​ដាក់​ហើយ​ទន់​ប្រាណ​
​ស្រា​ប្រមាត់​ជ្រូក​ខ្ញុំ​ប្រាប់​សន្តាន​    ​    ​អ្នក​ដែល​ផឹក​បានដាក់​ហើយ​ចង់​ដេក​។​

​ស្រា​ប្រមាត់​សេក​មិន​ដេក​ផឹក​ច្រៀង​    ​    ​បង្ហើរ​សំណៀង​ក្រោម​ភ្លើង​ភ្លឺ​ផ្លេក​
​ស្រវឹង​ច្រៀង​រាំ​បាយទឹក​មិន​ស្រេក​    ​    ​ផឹក​ច្រៀង​ដូច​សេក​ទើប​ដេក​បាន​សុខ​។​

​ស្រាថ្នាំ​ចុងក្រោយ​ផឹក​លែង​គិត​អី​    ​    ​ក្រៅពី​រក​ស្រី​អត់​មិន​ស្រណុក​    ​
​ស្រា​ប្រមាត់ថ្លាន់​បើតាម​អ្នកស្រុក​    ​    ​ចូល​ពោះ​ហើយ​ស្មុគ​នឹក​ឃើញតែ​ស្រី​។​

​អស់ហើយ​រឿង​ស្រា​ខ្ញុំ​ថា​ប៉ុណ្ណឹង​    ​    ​ខុសត្រូវ​កុំ​ខឹង​បើ​ជ្រុលសម្តី​
​បើ​ផឹក​កុំ​ជ្រុល​មិត្ត​ទាំងប្រុស​ស្រី​    ​    ​នាំ​អាប់រាសី​ខូច​ទាំង​កេរ្តិ៍ឈ្មោះ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com