ពីនេះ ពីនោះ
តើ​បញ្ហា​អ្វីខ្លះ អាច​នឹង​កើតមានឡើង​ចំពោះ​ស្វាមី​ក្រោយពេល​រៀបការ​?
12, May 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការ​ចាប់ដៃគ្នា​ជា​ប្ដី​ប្រពន្ធ វា​គឺជា​ប្រពៃណី​មួយ​របស់​មនុស្ស​ដែល​ត្រូវមាន​ដៃគូ​ជីវិត​ស្របតាម​ច្បាប់​ប្រពៃណី និង​ច្បាប់សង្គម​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​នៅត្រង់ថា ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​ក្លាយជា​ប្ដី​ប្រពន្ធ​បញ្ហា​តែងតែ​កើតមាន​។ ចំណែក​ច​រិ​ករប​ស់មនុស្ស​ក៏​អាច​ប្រែប្រួល ឬ​អាចនិយាយបាន​លេញ​ចេញ​នូវ​ច​រិ​ក​ដើម​ក៏​ថា​បាន​។



​ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​មួយចំនួន​អាច​និង​កើតមាន​ចំពោះ​ស្វាមី​ក្រោយពេល​រៀបការ​៖

​ក្រោយពេល​រៀបការ​ស្វាមី មួយចំនួន​អាច​ឈ្លក់​វង្វេង​នឹង​កាម​សន្ថវៈ (​រួមភេទ​), គ្មាន​ចំណេះដឹង​ដឹកនាំ​ប្រពន្ធ​កូន​, ក្លាយជា​មនុស្ស​ប្រុស​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​, អាច​ប្រព្រឹត្ត​អបាយមុខ ស្រី ស្រា ល្បែង​, នឿយណាយ​និង​សោះអង្គើយ​ចំពោះ​ប្រពន្ធ​, សេពគប់​មិត្ត​ខុស ដើរ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ មិន​គិត​ប្រពន្ធ​កូន​និង​គ្រួសារ​, គ្មាន​ទំនួល​ខុសត្រូវ​លើ​ការងារ​, ខ្ជិលច្រអូស ប្រចាំ​ប្រពន្ធ រស់​ដោយសារ​ប្រពន្ធ និង​កូន​ជាដើម​។

​បន្ថែម​ពីនេះ​ទៀត រូបភាព​ផិតក្បត់​ប្រពន្ធ​, ការ​កាន់​ប្រាក់​ខ្លួនឯង មិន​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រពន្ធ , មិនចេះ​ថ្នាក់ថ្នម​និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រពន្ធ​និង​កូន​, ដេក​ស្ពឹក គ្មាន​ភាពរហ័សរហួន​, ឆាប់​ដេក​ប៉ុន្តែ​ក្រ​ភ្ញាក់​, មិនចេះ​អភិវឌ្ឍ​ខ្លួន ធ្វើ​តែ​សកម្មភាព​ដដែលៗ​, គំនិត​ចាស់គំរឹល ប្រកាន់​ជ្រុល , ប្រចណ្ឌ​ច្រើន រករឿង​ដោយ​គ្មាន​ហេតុផល​, ធ្វើខ្លួន​ជាម​នុស្ស​នៅ​លីវ​, និង​ប្រកាន់ខ្លួន មិនចេះ​រស់នៅ​ជា​សហគមន៍ ទាំងនេះ​គឺ​សុទ្ធតែ​សរូប​ភាព​ដែល​អាច​កើតមានឡើង​ចំពោះ​ស្វាមី​មួយចំនួន​។ ទីបំផុត​ទង្វើ​ទាំងឡាយ​ទាំងពួង​បាន​ទាញ​ទម្លាក់​សុភមង្គល​គ្រួសារ​ឲ្យ​ធ្លាកចុះ និង​គ្មាន​ភាព​រីកចម្រើន​។​

​តែ​ទោះជា​យ៉ាងណា កត្តា​ទាំងនេះ​មិន​កើតមានឡើង​ចំពោះ​មនុស្ស​ទូទៅ​នោះទេ ។ ព្រោះថា​តាម​ការសង្កេត​ជាក់ស្ដែង មាន​ចំណុច​ខ្លះ​វា​ពិតជា​បាន​កើតមានឡើង​ជាទូទៅ ក៏ប៉ុន្តែ​សម្រាប់​ចំណុច​ខ្លះ​គឺ​វា​កើតឡើង​តែ​ចំពោះ​មនុស្ស​ដែល​គ្មាន​វិចារណញ្ញាណ​តែប៉ុណ្ណោះ​ទេ​៕

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​,​រៀបរៀង​ដោយ ភិក្ខុ សុន​ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com