ពីនេះ ពីនោះ
​ខ្លាឃ្មុំ​តូច​កំពុង​រងគ្រោះ​ដោយ​ការបាត់បង់​ទីជម្រក ការ​បរបាញ់ និង​ទាក់​ចាប់ធ្វើ​អាជីវកម្ម
01, May 2016 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ ជា​ប្រភេទ​ខ្លាឃ្មុំ​ដែលមាន​មាឌតូច​ជាងគេ​នៅលើ​ពិភពលោក មាន​ទម្ងន់​ពី​២៧-៦៥ គ​.​ក​។ ដងខ្លួន​គ្របដណ្តប់​ទៅដោយ​រោម​ខ្លី​ក្រាស់​ពណ៌​ខ្មៅ​រលោង លើកលែងតែ​ផ្ទៃមុខ​មាន​រោម​ពណ៌​ស និង​ឆ្នូត​ពណ៌​លឿងខ្ចី​រាង​អ​ក្សា​រ (U) នៅ​ខាងក្រោម​ក ត្រចៀក​មូល​ខ្លី និង​មាន​ដានជើង​ប្រហាក់ប្រហែល​នឹង​មនុស្ស​ដែរ​។



​ជីវសាស្ត្រ​៖ វា​អាច​រស់​នៅតាម​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង​។ ខ្លាឃ្មុំ​តូច​ជា​សត្វ​ពូកែ​ឡើងដើមឈើ និង​មាន​លក្ខណៈ​ជីវសាស្ត្រ​ដូច​ខ្លាឃ្មុំ​ធំ ទាំង​ការបន្ត​ពូជ និង​ការរក​ចំណី​។ ប្រភេទ​ចំណី​រួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និង​ពពួកសត្វ​កកេរ ព្រមទាំង​សត្វ​ស្លាប​ដូចជា​មាន់ព្រៃ​ផងដែរ​។ ក្រ​ញុំ​ាំ​ជើង​មុខ​ទាំងពីរ​អាច​កាយ​ដំបូក​កណ្តៀរ​រហូតដល់​ជម្រៅ​លិចខ្លួន​បាត់​។ ជាទូទៅ​វា​បង្កើតកូន​ម្តង​បាន​ពី ១-២​ក្បាល​ក្នុង​មួយឆ្នាំ ហើយ​កូន​រស់នៅ​ជាមួយ​មេ​រហូតដល់​ពេញវ័យ​។

​រប៉ាយ​រស់នៅ​៖ មាន​ជា​មធ្យម​នៅ​ភូមិភាគ​ឦ​សាន្ត និរតី និង​ភូមិភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ពួកវា​ក៏មាន​វត្តមាន​ផងដែរ នៅ​ភូមិភាគ​អាស៊ី​អា​គ្នេ​ហ៍ កោះ​ស៊ូ​មាត្រា និង​កោះ​បរ​ណេ​អូ​។​

​ស្ថានភាព​អភិរក្ស​៖ ខ្លាឃ្មុំ​តូច​ជា​ប្រភេទ​ស្ថិតក្នុង​ក្រុម​មាន​ដោយ​កម្រ និង​បាន​ចាត់ថ្នាក់​ក្នុង​ឧ​បស​ម្ព័​នទី I នៃ​អនុសញ្ញា CITES​។ ខ្លាឃ្មុំ​តូច​កំពុង​រងគ្រោះ​ដោយ​ការបាត់បង់​ទីជម្រក និង​ការ​បរបាញ់ និង​ទាក់​ចាប់​ដើម្បី​យក​ធ្វើ​អាជីវកម្ម​។ 


Tag:
 ឯកសារសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com