ពីនេះ ពីនោះ
យុវជន​គួរ​ចាប់ផ្ដើម​គិត​រក​វិធីសាស្ត្រ​រៀបចំ​សង្គម​ជាជាង​អង្គុយ​ដាក់​កំហុស​ឲ្យ​គ្នា​
12, May 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ការរៀបចំ​សង្គម​មួយ ត្រូវ​ចាប់ផ្ដើម​ពី​ការរៀបចំ​ពលរដ្ឋ​នៅក្នុង​សង្គម​នោះ​។ បើ​និយាយ​ពី​ការរៀបចំ​ពលរដ្ឋ​នៅក្នុង​សង្គម នោះ​មិនមែនជា​កិច្ចការ​សាមញ្ញ​ដែល​គិត​មួយថ្ងៃ​អាចធ្វើ​បាន​នោះទេ​។ បច្ចុប្បន្ន​មានការ​លើកឡើង​ច្រើន ពី​សំណាក់​យុវជន ដែល​ដង្ហោយហៅ​រដ្ឋាភិបាល និង​អ្នកនយោបាយ​ថា​មិន​ព្រម​នាំគ្នា​គិត​បញ្ហា​ជាតិ​ជាធំ​។ ការលើកឡើង ដើម្បី​ជំរុញ​បុគ្គល​សំខាន់​ទាំងនោះ គឺជា​កិច្ចការ​ដ៏​ល្អ​របស់​យុវជន ក៏ប៉ុន្តែ​ប្រសិនបើ​យុវជន​ចង់ឃើញ​ជាតិ​រីកចម្រើន ចង់​ជួយ​ជាតិ​ពិត គួរ​ណាស់​ត្រូវធ្វើ​ឲ្យ​បាន​ច្រើនជាង​និយាយ​។​



​ជាទូទៅ​មិន​ថា នៅក្នុង​សង្គម​ណា​ក៏​ដូច​សង្គម​ណា​នោះទេ ដើម្បី​បណ្ដុះ​បាន​ធនធានមនុស្ស​ម្នាក់​បាន គេ​ត្រូវ​ចំណាយពេល​យ៉ាងតិច ២៥​ឆ្នាំ ក្រោម​ការបណ្ដុះបណ្ដាល​ពី​សំណាក់​ប្រព័ន្ធ​អប់រំ តាមរយៈ​ក្រសួង​អប់រំ ទើប​បុគ្គល​នោះ​អាច​ក្លាយជា​សសរទ្រូង​សម្រាប់​ប្រទេសជាតិ​ពិត​បាន​។ ហើយ​យុវជន ដែលមាន​គុណភាព គឺជា​យុវជន​មាន​មូលដ្ឋានគ្រឹះ​នៃ​ការអប់រំ ដែល​ទទួលបាន​ការអប់រំ​ទាំង​ចំណេះ ជំនាញ មេរៀន​ជីវិត និង​ពិសោធន៍​សង្គម​ជាដើម​។ ហើយ​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង របស់​យុវជន​នឹង​កាន់តែ​រឹងមាំ នៅពេលដែល​យុវជន​ទទួលបាន​ចំណេះ​ជំនាញ​ពិត និង​ដកស្រង់​បទពិសោធន៍​ជាក់ស្តែង​ល្អៗ​ពី​ការងារ ការទទួលខុសត្រូវ ជាពិសេស​ការអាន និង​ការស្រាវជ្រាវ​ជាប្រចាំ ។​

​យុវជន គឺជា​សមាជិក​នៃ​សង្គម​។  បើ​យុវជន​ជា​សមាជិក​សង្គម យុវជន​ត្រូវ​ចេះ​ប្រើប្រាស់​ចំណេះដឹង ក្នុង​ការគិត​វែកញែក ពិចារណា​បញ្ហា​សង្គម ប្រកបដោយ​វិចារណញ្ញាណ​។ មិនតែប៉ុណ្ណោះ យុវជន​ត្រូវ​នាំគ្នា​ចូលរួម​គិតគូរ ស្វែងរក​ដំណោះស្រាយ​ល្អៗ ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ ជូន​ដល់​ជាតិ​មាតុភូមិ​។

​យុវជន ត្រូវ​ចូលរួម​លើកស្ទួយ​ជីវភាព​គ្រួសារ​ឲ្យ​មាន​ភាពរឹងមាំ ធ្វើខ្លួន​ឲ្យ​ក្លាយជា​ពលរដ្ឋ​រឹងមាំ ដើម្បី​ជា​ធាតុ​មួយ​នាំ​សង្គមជាតិ​ឆ្ពោះទៅរក​ភាពរឹងមាំ ដោយ​ស្មារតី​មោទនភាព​ជាតិ​ពិត​។ ព្រោះថា ប្រសិនបើ​យុវជន​ចង់​ឲ្យ​សង្គម​ខ្លួនឯង​ក្លាយជា​រដ្ឋ​ទំនើប​មួយ សង្គម​ជឿនលឿន មាន​ប្រជា​ប្រជាធិបតេយ្យ យុវជន​ត្រូវតែ​ក្លាយជា​ពលរដ្ឋ​សកម្ម និង​មាន​ថ្លៃថ្នូរ​ប្រកបដោយ​បញ្ញា និង​មាន​ការងារ​ថ្លៃថ្នូរ​សម្រាប់​ខ្លួនឯង​ជាមុនសិន​។ ដូច្នេះ​ពលរដ្ឋ​សកម្ម និង​ថ្លៃថ្នូរ ជា​សមាជិក​នៃ​សង្គម ជា​ចលករ ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​សង្គម ។​

​មិនតែប៉ុណ្ណោះ​យុវជន​មិនគួរណា បន្តរ​ធ្វើ​ខ្លួនឯង​ជា​បុគ្គល​ដែល​ពូកែ​តែ​ទ្រឹស្ដី ពូកែ​តែ​រិៈ​គន់​គេ ពូកែ​តែ​ដាក់​កំហុស​ឲ្យ​គេ ពូកែ​តែ​វាយតម្លៃ​គេ ប៉ុន្តែ​ខ្លួនឯង​ជួយ​ខ្លួនឯង​ក៏​មិនបាន​។ ប្រសិនបើ​នៅ​បន្ត​បណ្ដោយ​ខ្លួន​ឲ្យ​នៅតែ​ជា​យុវជន​របៀបនេះ​កុំ​សង្ឃឹម​ឡើយ​ថា​បានឃើញ​ពន្លឺ​សង្គម​ដែលមាន​ការប្រែប្រួល​របៀប​រស់នៅ​ថ្មី​៕


© រក្សាសិទ្ធិដោយ thmeythmey.com