កីឡាអន្តរជាតិ
អន្តរជាតិ
ពី​កុមារកំព្រា​កម្ពុជា ទៅជា​កីឡាករ​ជ្រមុជ​ទឹក​ជាប់​ពានរង្វាន់​ថ្នាក់ជាតិ Jordan Pisey Windle សង្ឃឹម​លើកទឹកចិត្ត​កុមារកំព្រា​នៅ​កម្ពុជា​
07, May 2016 , 3:04 pm        
រូបភាព
ដោយ:
វ៉ាស៊ីនតោន​៖ ក្មេង​កំព្រា​របស់​កម្ពុជា​ម្នាក់ គឺជា​កីឡាករ​ជ្រមុជ​ទឹក​ថ្នាក់ជាតិ​ដ៏​ឆ្នើម​របស់​សហរដ្ឋអាមេរិក​នាពេល​បច្ចុប្បន្ននេះ​។ ក្នុង​សប្តាហ៍​ក្រោយនេះ Jordan Pisey Windle និង​ក្រុមគ្រួសារ​របស់គេ នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ជា​លើកដំបូង ដើម្បី​ផ្តល់​កី្ត​សង្ឃឹម​ដល់​កុមារកំព្រា​ឯទៀត​។​


Jordan Pisey Windle អាយុ​១៧​ឆ្នាំ បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​ថ្នាក់ជាតិ​បី​លើក សម្រាប់​ក្រុម​កីឡាករ​ជ្រមុជ​ទឹក​វ័យ​ជំទង់​នៅ​សហរដ្ឋអាមេរិក​។ បច្ចុប្បន្ននេះ Jordan គឺជា​កីឡាករ​ជាប់​លំដាប់​ថ្នាក់ជាតិ​លេខ​៥ ហើយ​កំពុង​ព្យាយាម​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​ជម្រើស​ថ្នាក់ជាតិ​ជា​បន្តបន្ទាប់ ដើម្បី​បាន​ទៅ​ប្រកួត​នៅក្នុង​កម្មវិធី​កីឡា​អូឡាំពិក​លំដាប់​ពិភពលោក​នៅ​ទីក្រុង Rio នៃ​ប្រទេស​ប្រេ​ស៊ី​ល នៅ​ខែសីហា​ខាងមុខនេះ និង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០២០​ ។

​កាលពី​អាយុ​១២​ឆ្នាំ កីឡាករ​រូបនេះ បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ​សម្រាប់​វិញ្ញាសារ​កីឡា​ជ្រមុជ​ទឹក​ចម្ងាយ​១០​ម៉ែត្រ​។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មកទៀត គាត់​ក៏បាន​ឈ្នះ​មេដាយមាស​សម្រាប់​ការប្រកួត​ថ្នាក់ជាតិ​នៅ​រដ្ឋ Arizona និង​មេដាយប្រាក់ និង​ស្ពាន់​សម្រាប់​ការប្រកួត​ថ្នាក់ជាតិ​ពីរ​ផ្សេងទៀត​។​

Jordan Pisey Windle បាន​ហែល​ឆ្លងកាត់​ដំណើរ​ជីវិត​ដ៏​វែងឆ្ងាយ មុននឹង​ក្លាយជា​កីឡាករ​ជ្រមុជ​ទឹក​វ័យក្មេង​ដ៏​ឆ្នើម​ម្នាក់ ដែល​ប្រកួត​បាន​ពានរង្វាន់​ថ្នាក់ជាតិ​ជាច្រើនលើក​នៅ​សហរដ្ឋអាមេរិក​នេះ​។ Jordan គឺជា​កុមារកំព្រា​នៅ​ខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បានដាក់​ឲ្យ​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​ពេលដែល​
ឪពុកម្តាយ​បង្កើត​របស់​គេ​បានទទួល​មរណភាព​។ Jordan ត្រូវបាន​ទទួល​យកទៅ​ចិញ្ចឹម និង​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​មាន​អាយុ​ត្រឹមតែ​ជិត​២​ឆ្នាំ​ប៉ុណ្ណោះ​។​

លោក Jerry Windle ដែលជា​ឪពុកចិញ្ចឹម​ជនជាតិ​អាមេរិកាំង​របស់ Jordan បាន​ប្រាប់ VOA ថា ជោគជ័យ​របស់​កីឡាករ​ដ៏​ឆ្នើម​រូបនេះ គឺ​កើតចេញពី​ទេពកោសល្យ​ពី​កំណើត​របស់គេ ដែល​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​នឹង​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់គេ​។​

«​អ្វីដែល​យើង​ចង់​ចែករំលែក​ជាមួយនឹង​មនុស្ស​គ្រប់រូប​គឺថា ជោគជ័យ​របស់ Jordan គឺ​កើតចេញពី​ស្រុកកំណើត​របស់គាត់​នៅ​ប្រទេស​កម្ពុជា​។ ហើយ​យើង​បាន​ជួយ​ឲ្យ​គាត់​សម្រេច​ជោគជ័យ​របស់គាត់​បាន តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​គាត់​»​។​

លោក Jerry Windle បានសម្រេច​ចិត្ត​ទទួលយក Jordan Pisey Windle មក​ចិញ្ចឹម​កាលពី​ខែមិថុនា ឆ្នាំ​២០០០ ក្រោយពី​បានទទួល​ព័ត៌មាន អំពី​ការដាក់​ពាក្យសុំ​កុមារ​ពី​ប្រទេស​កម្ពុជា​មក​ចិញ្ចឹម តាមរយៈ​ទស្សនា​វ​ដ្តី​មួយ​នៅ​ការិយាល័យ​របស់គាត់​។ បច្ចុប្បន្ននេះ លោក Jerry និង​ដៃគូ​របស់គាត់​ដែលជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​លោក Andres Rodriguez កំពុងតែ​រៀបចំ​នាំ Jordan ធ្វើដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​នៅ​សប្តាហ៍​ក្រោយនេះ​។​

«​ខ្ញុំ​ចង់​រង់ចាំ​ដល់ពេល​ដែល Jordan ធំ​ដឹងក្តី​បន្តិច មុននឹង​នាំ​គាត់​ទៅ​ប្រទេស​កំណើត​របស់គាត់​វិញ ដើម្បី​ឲ្យ​គាត់​អាច​ស្វែងយល់ ស្គាល់ និង​ចងចាំ​ដំណើរ​ទៅ​ប្រទេស​កំណើត​របស់គាត់​បាន​កាន់តែច្រើន​»​។​

នាពេលនេះ Jordan Pisey Windle កំពុង​ស្ថិតនៅ​ទីក្រុង Los Angeles ជាមួយនឹង​ក្រុម​កីឡាករ​ជ្រមុជ​ទឹក​ថ្នាក់ជាតិ ដើម្បី​ហ្វឹកហាត់​។ កីឡាករ​វ័យក្មេង​រូបនេះ បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា គេ​ពិតជា​ទន្ទឹងរង់ចាំ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កំណើត​របស់គេ​ក្នុងពេល​ឆាប់ៗ​នេះ​។​

«​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា មាន​មោទនភាព ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កំណើត​របស់ខ្ញុំ ដែល​ខ្ញុំ​មិនដែល​ធ្លាប់បាន​ទៅ​ពីមុន​ទាល់តែសោះ តាំងពី​ខ្ញុំ​ត្រូវបាន​យកមក​ចិញ្ចឹម​។ ខ្ញុំ​គិតថា នេះ​គឺជា​បទពិសោធន៍​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​រំភើប​ក្នុង​ចិត្ត​»​។​

ពេលទៅដល់​ប្រទេស​កម្ពុជា កីឡាករ​ជា​ក្មេង​កំព្រា​រូបនេះ នឹង​ជួប​ជាមួយនឹង​កេ្ម​ង​កំព្រា​ដូច​ខ្លួន​ជាច្រើន​ទៀត ហើយ​សង្ឃឹមថា នឹង​ផ្សព្វផ្សាយ​សារ​នៃ​កី្ត​សង្ឃឹម​ទៅកាន់​ក្មេងៗ​កំព្រា​ទាំងនោះ​។​

«​សារ​របស់ខ្ញុំ​គឺថា ខ្ញុំ​ក៏​ដូចគ្នា​នឹង​កុមា​រទាំង​នោះដែរ គឺ​យើងទាំងអស់គ្នា​គឺជា​កុមារកំព្រា​។ គ្រាន់តែ​ថា ខ្ញុំ​មានសំណាង​ត្រូវបាន​ទទួល​យកទៅ​ចិញ្ចឹម ហើយ​សព្វថ្ងៃ ជីវិត​របស់ខ្ញុំ​មាន​ស្ថានភាព​ប្រសើរ​។ ប៉ុន្តែ ខ្ញុំ​ចង់​ប្រាប់​ទៅ​ពួកគេ​ថា បើសិនជា​យើង​ត្រូវបាន​ប្រគល់​ឱកាស​មួយ ទោះបីជា​ឱកាស​នោះ​តូចក្តី យើង​អាច​ប្រែក្លាយ​ឱកាស​នោះ ដើម្បី​សម្រេចបាន​ជោគជ័យ​ដែល​យើង​ចង់បាន ហើយ​បង្ហាញ​ទៅកាន់​ពិភពលោក​ថា យើង​ក៏​អាចមាន​ជីវិត​ដ៏​ល្អ​មួយ​ដែរ​»​។​

Jordan Pisey Windle និង​ក្រុមគ្រួសារ​របស់ខ្លួន ក៏​នឹង​ទទួលបាន​កិត្តិយស​ចូលគាល់​ព្រះមហាក្សត្រ​ខ្មែរ​គឺ​ព្រះបាទ​នរោត្តម សីហមុន្នី និង​ជួប​សំណេះសំណាល់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ កីឡាករ​ជ្រមុជ​ទឹក​ដ៏​ឆ្នើម​រូបនេះ នឹងធ្វើ​ពិព័រណ៍​ជ្រមុជ​ទឹក ដើម្បី​បង្ហាញ​ទេពកោសល្យ​របស់ខ្លួន ដោយ​សង្ឃឹមថា នឹង​លើកទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ផ្សេងៗ​ទៀត ឲ្យ​ស្វែងរក​ទេពកោសល្យ​របស់ខ្លួន​។​

លោក Jerry Windle ដែលជា​ឪពុក បាន​ប្រាប់ VOA ថា Jordan មិនអាច​និយាយ​ភាសា​ខ្មែរ ដែលជា​ភាសា​កំណើត​របស់ខ្លួន​បានទេ​។ លោក Jerry បាន​បន្ថែមទៀតថា ទោះជា​យ៉ាងណាក្តី កីឡាករ​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​រូបនេះ បាន​ស្វែងយល់ និង​ដឹង​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការអាន​សៀវភៅ​រឿង និង​ការធ្វើ​សេចក្តី​អត្ថាធិប្បាយ​ក្នុង​ថ្នាក់រៀន​។​

«​បើទោះបីជា​គាត់​មាន​សញ្ជាតិ​អាមេរិកាំង​ក្តី ក៏​ការពិត​គឺថា គាត់​គឺជា​កូន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កំណើត​របស់គាត់​។ គាត់​ពិតជា​ទទួលស្គាល់​ការពិត​នេះ​មែន​»​។​

សម្រាប់​កីឡាករ​រូបនេះ ការ​ធំ​ដឹងក្តី​ឡើង​ដោយ​ទទួលបាន​ការឧបត្ថម្ភ គាំទ្រ និង​ក្តី​ស្រឡាញ់​ពី​ឪពុក​ទាំងពីរ​ដែលជា​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នានេះ ពិតជា​បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​យល់ដឹង និង​គាំទ្រ​តម្លៃ និង​លក្ខណៈពិសេស​នៃ​វប្បធម៌​ចម្រុះ​។​

លោក​បាន​ប្រាប់ VOA ថា​៖ «​ខ្ញុំ​ពិតជា​ស្រឡាញ់​ឪពុក​ទាំងពីរ​របស់ខ្ញុំ​ខ្លាំងណាស់ ហើយ​ខ្ញុំ​អាច​សម្រេចបាន​ជោគជ័យ​ទាំងអស់នេះ គឺ​ដោយសារតែ​ការលះបង់​របស់​ពួកគាត់​។ ដូច្នេះ សារ​របស់ខ្ញុំ​គឺថា បើសិនជា​អ្នក​ចង់បាន​គ្រួសារ​មួយ ហើយ​បើទោះបីជា​អ្នកជា​មនុស្ស​ខុស​ប្រក្រតី​ក្តី ក៏​វា​មិន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង​នោះទេ ដរាបណា​គ្រួសារ​របស់​អ្នកគាំទ្រ យកចិត្តទុកដាក់ និង​ស្រឡាញ់​អ្នក​»​។​

បើតាម​លោក Jerry Windle ដែលជា​ឪពុកចិញ្ចឹម កីឡាករ​ជ្រមុជ​ទឹក​ដ៏​ឆ្នើម​រូបនេះ មាន​ទេពកោសល្យ​ជ្រមុជ​ទឹក​តាំងពី​នៅ​តូច​។ ក្រោយពី​បាន​រកឃើញ​ទេពកោសល្យ​របស់ខ្លួន​មក Jordan Pisey Windle បានទទួល​ការបង្ហាត់បង្រៀន​ជា​បន្ត​បន្ទាប់ពី​គ្រូបង្វឹក​លំដាប់​ថ្នាក់ជាតិ និង​ដ៏​មាន​ជំនាញ​ជាច្រើន​នាក់​របស់​អាមេរិក ដូចជា​គ្រូបង្វឹក Tim O'Brien, Evan Linette, Sean McCarthy និង Greg Louganis​។ នៅពេល​មាន​អាយុ​១២​ឆ្នាំ Jordan បាន​ក្លាយជា​កីឡាករ​ជ្រមុជ​ទឹក​ដ៏​វ័យក្មេង​ជាងគេ​បង្អស់​ម្នាក់ ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​ជម្រើសជាតិ​ដើម្បី​ទៅ​ប្រកួត​ក្នុង​កម្មវិធី​កីឡា​អូឡាំពិក បើទោះបីជា​គេ​មិន​បានឈ្នះ​ការប្រកួត​នោះ​ក៏ដោយ​។​

នាពេល​បច្ចុប្បន្ននេះ កីឡាករ​ជ្រមុជ​ទឹក​ដែលជា​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិកាំង​រូបនេះ កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​ផង និង​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​កីឡាករ​ថ្នាក់ជាតិ​របស់​អាមេរិក​ជាប្រចាំ​ផង​។ Jordan Pisey Windle នឹង​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ចុងឆ្នាំ​២០១៦​នេះ ហើយនឹង​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខនេះ​៕

សូមចុចត្រង់នេះដើម្បីមើល VOA



© រក្សាសិទ្ធិដោយ thmeythmey.com