អន្តរជាតិ
កូរ៉េខាងជើង មានផ្លូវរួចផុតពីទណ្ឌកម្មអន្តរជាតិ បើប្រកាន់ជំហរបន្ទន់ខ្លួនពិតប្រាកដ
× ការបន្តបាញ់សាកល្បងមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្រោមការដឹកនាំ ដោយមេដឹកនាំវ័យក្មេងលោកគីម ជុងអ៊ុន បានក្លាយជាចំណោទបញ្ហា និងការគំរាមកំហែងសន្តិសុខមួយនៅក្នុងតំបន់ និងពិភពលោក។ ជម្រើសនៃការចរចា មិនអាចត្រូវបានអនុវត្តក្នុងបញ្ហានេះនោះទេ ដ្បិតមិនមានវត្តមានរបស់កូរ៉េខាងជើង។ តែចុងក្រោយនេះ នាឱកាសនៃសមាជបក្សពលករលើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ លោក គីម ជុងអ៊ុន បានបង្ហាញគោលនយោបាយការបរទេសថ្មីវិជ្ជមានទៅរក សហគមន៍អន្តរជាតិ ដែលជំហាននេះ អាចនឹងជួយស្រោចស្រង់សា្ថនភាពកូរ៉េខាងជើងឡើងវិញបាន។
« បើទោះជាប្រទេសមួយចំនួន ធ្លាប់ជាសត្រូវក៏ដោយ ព្យុងយ៉ាង នឹងពង្រឹង និងធ្វើឲ្យធម្មតាឡើង វិញនូវទំនាក់ទំនងជាមួយនឹងប្រទេសទាំងនោះដែលគោរពអធិបតេយ្យកូរ៉េខាងជើង និងស្វាគមន៍ ចំពោះវត្តមាននោះជានិច្ច»។ នេះគឺជាលើកឡើងរបស់លោកប្រធានាធិបតីកូរ៉េខាងជើង និងជាប្រមុខបក្សពលករ គីម ជុងអ៊ុន នាឱកាសនៃសមាជបក្សដែលត្រូវបានចុះផ្សាយដោយភ្នាក់ងារជាតិកូរ៉េខាង ជើង KCNA នៅថ្ងៃទី០៨ ខែឧសភា នេះ។
ខណៈប្រទេសកំពុងតែទទួលសម្ពាធទាំងវិស័យការទូត និងសេដ្ឋកិច្ច ប្រមុខដឹកនាំវ័យក្មេងរូបនោះ ក៏បានសង្កត់ធ្ងន់ដែរថា « ក្នុងនាមជារដ្ឋនុយក្លេអ៊ែរមួយដែលប្រកបដោយទំនួលខុសត្រូវ កូរ៉េខាងជើង នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ លុះត្រាតែអធិបតេយ្យរបស់យើង ត្រូវបានគេបំពានតាមរយៈ កម្លាំងរបស់គូសត្រូវជាមួយនឹងអាវុធនុយក្លេអ៊ែរផងដែរនោះ»។ នេះបើយោងតាមប្រភពព័ត៌មាន ដដែល ដែលបានបន្ថែមដែរថា កូរ៉េខាងជើង នឹងបំពេញកាតព្វកិច្ចដោយស្មោះត្រង់សម្រាប់ការមិនធ្វើសកម្មភាពគំរាមនុយក្លេអ៊ែរ និង ខិតខំកាត់បន្ថយនូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាសកលផងដែរ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០២ ខែមីនា កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ បានអនុម័តជាឯកច្ឆ័នលើសេចក្តីសម្រេចថ្មីមួយទៀតប្រឆាំងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើងក្នុងការបាញ់សាកល្បងគ្រាប់បែកមីស៊ីលតាំងពីឆ្នាំ២០១៤ និង២០១៥ និងជាពិសេសនោះការបាញ់គ្រាប់បែកបរមាណូនៅថ្ងៃទី០៦ ខែមករា និងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ សេចក្តីសម្រេចលេខ២២៧០ ដែលបានបញ្ញាត្តិ៥២ចំណុចនោះ ត្រូវបានចាត់ទុកថាជាទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរបន្ថែមលើទណ្ឌកម្មដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខកន្លងមក។
១. តើចំណុចថ្មីធ្ងន់ធ្ងនអ្វីខ្លះដែលបានបញ្ញត្តិក្នុងសេចក្តីសម្រេចលេខ២២៧០ប្រឆាំងក្រុងព្យុងយ៉ាង?
តាមពិតទៅវាមិនមែនជាលើកដំបូងនោះទេ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័ត លើសម្រេចដើម្បីដាក់ទណ្ឌកម្ម និងប្រឆាំងកូរ៉េខាងជើងក្នុងការបាញ់សាកល្បងគ្រាប់បែកបរមាណូ និងកម្មវិធីនុយក្លេអ៊ែរនោះ។ កន្លងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចបួនលើករួចហើយដើម្បីប្រឆាំងនឹងកូរ៉េខាងជើង។ ក្នុងនោះរួមមានក្នុងឆ្នាំ២០០៦ ( សេចក្តីសម្រេចលេខ១៧១៨ ) ឆ្នាំ២០០៩ (សេចក្តីសម្រេចលេខ១៨៧៤) ឆ្នាំ២០១៣(២០៨៧) និង ឆ្នាំ២០១៣ (សេចក្តីលេខ២០៩៤) ។ សេចក្តីសម្រេចទាំងនេះដែលបានបញ្ញាត្តិទណ្ឌកម្មមួយចំនួនទាក់ទងនឹងការរឹតត្បិតលើប្រភពសេដ្ឋកិច្ចទៅកាន់កូរ៉េខាងជើងទាំងនេះ មិនបានធ្វើឲ្យកូរ៉េខាងជើងថមថយសកម្មភាពខ្លួននោះទេ។
ដោយឡែក សម្រាប់សេចក្ដីសម្រេចលេខ២២៧០ ឆ្នាំ២០១៦ ជាសេចក្តីសម្រេចទី៥ ដែលមាន៥២ចំណុចត្រូវបានចាត់ទុកថា ជាប្រភេទទណ្ឌកម្មបន្ថែមដ៏ធ្ងន់ធ្ងរបំផុតលើទណ្ឌកម្មចាស់ ប្រឆាំងនឹងកូរ៉េខាងជើង។ ក្នុងនោះរាល់សមាជិកទាំងអស់ តម្រូវឲ្យមានការត្រួតពិនិត្យលើទំនិញទាំងអស់ដែលនាំចេញនិងនាំចូលពីកូរ៉េខាងជើង មិនថាធ្វើឡើយតាមផ្លូវអាកាសឬសមុទ្រ កំណត់ពីការហាមឃាត់ការនាំចេញធ្យូងថ្ម ដែក មាស និងរ៉ែមានតម្លៃដទៃទៀត ពីកូរ៉េខាងជើងផងដែរ ដែលនេះគឺសំដៅដល់ការកាត់ផ្ដាច់ធនធានហិរញ្ញវត្ថុរបស់ក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងទទួលបានចំណូលជាច្រើនលានក្នុងការនាំចេញភោគផលរ៉ែទាំងនេះ ដែលត្រូវប្រើសម្រាប់ការចំណាយរបស់ខ្លួន។
ក្រៅពីនោះ ក្រុមប្រឹក្សាសន្តិសុខក៏ពង្រឹងលើការហាមធ្វើពាណិជ្ជកម្មអាវុធ ជាពិសេសអាវុធធុនស្រាល និងបានអនុញ្ញាតឲ្យឃាត់កប៉ាល់ដែលសង្ស័យថា មានដឹកទំនិញខុសច្បាប់ទៅកូរ៉េខាងជើង។ សូម្បីនាឡិកាទំនើប ដូចជាសម្ភារៈកីឡាក៏ត្រូវបានហាមឃាត់ចូលទៅកូរ៉េខាងជើងផងដែរ ដែលការហាមឃាត់នេះសំដៅដល់ក្រុមមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង។ លើសពីនេះទៅទៀត ប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានសិទ្ធិបណ្ដេញអ្នកការទូត កូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងការរត់ពន្ធអាវុធខុសច្បាប់ផងដែរ។
២. កូរ៉េខាងជើងនៅមានផ្លូវចរចាដើម្បីបន្ធូរបន្ថយទណ្ឌកម្មតាមមធ្យោបាយណា?
បើទោះបីជាបទបញ្ញត្តិនៅក្នុងសេចក្តីសម្រេចថ្មីភាគច្រើន បានកំណត់ពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ពោលគធ្វើយ៉ាងណាដើម្បីធានាមិនឲ្យប្រភពហិរញ្ញវត្ថុក្នុងការផ្គត់ផ្គង់ និងពង្រឹងសមត្ថភាពអាវុធក្លេ អ៊ែរក៏ដោយ កូរ៉េខាងជើងក៏នៅតែអាចមានឱកាសដើម្បីបន្ធូរបន្ថយទណ្ឌកម្មនោះដែរ។ យោងតាមសេចក្តីសម្រេចថ្មីដដែលក្នុងប្រការទី៥០ និង៥១ កូរ៉េខាងជើងអាចនឹងរួចផុត ឬត្រូវបានបន្ធូរបន្ថយ ទណ្ឌកម្មខ្លះ ប្រសិនបើ កូរ៉េខាងជើង ងាកមករកតុចរចាវិញ ពោលគឺបន្តកិច្ចសន្ទនាប្រាំមួយភាគី ( Six Party Talks)ឆ្នាំ២០០៥ ក្នុងការធានាឲ្យបាននូវគ្មានការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ កិច្ចសន្ទនាប្រាំមួយ ភាគី គឺជាយន្តការក្នុងចរចាមួយដែលមានរដ្ឋពាក់ព័ន្ធដូចជា ចិន កូរ៉េខាងជើង ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និង អាមេរិក។
ប្រសិនបើមេដឹកនាំកូរ៉េខាងជើង ពិតជាអាចប្រកាន់គោលជំហរមិនបន្តសកម្មភាពបង្កហេតុដោយការ បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងការផ្តើមទំនាក់ទំនងធម្មតាជាថ្មីជាមួយនឹងសហគមន៍អន្តរជាតិមែននោះ ប្រាកដណាស់ ស្ថានភាពកូរ៉េខាងជើង អាចនឹងធូរស្រាលជាងនេះ៕
Tag:
កូរ៉េខាងជើង
លោក គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com