ជាតិ
ក្រុមយុវជន​បង្កើត​ក​ម្ម​វិធី​បោះតង់​នៅ​កែវផុស កសិដ្ឋាន​លោក ម៉ុង ឫទ្ធី នៅ​ចុងខែ​នេះ​
09, May 2016 , 8:14 am        
រូបភាព
​សៀមរាប​៖ ក្រុមយុវជន ដែលមាន​ឈ្មោះថា Cambodia Amazing Trip Planner នឹង​រៀបចំ​កម្មវិធី​បោះជំរំ​តង់ «​ឋានសួគ៌​កសិកម្ម​កែវផុស ឧកញ៉ា ម៉ុង ឫទ្ធី​» នៅ​ថ្ងៃទី​២១ និង​២២ ឧសភា​នេះ​។ ដូច​កន្លែង​ផ្សេងៗ​ទៀត​ដែរ គោលដៅ​របស់​ក្រុមយុវជន​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ថ្មីៗ និង​ប្លែកៗ ដល់​សាធារណជន​បាន​ស្គាល់​។



​ក្រុមយុវជន Cambodia Amazing Trip Planner បង្កើតឡើង ដោយ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុងស្រុក ដោយ​មិន​រកប្រាក់​ចំណេញ​។ ក្រុម​នេះ​ធ្លាប់​រៀបចំ​កម្មវិធី​បោះជំរំ​តង់​ជាច្រើនលើក​រួចមកហើយ ក្នុងនោះ មានដូចជា​ការបោះ​តង់​មាត់បឹង​ត្រាវ​កុដិ ជំរំ​តង់​ឋានសួគ៌​ព្រំដែន​កម្ពុជា​-​ថៃ (​ប៉ៃលិន​)​។​

​នៅ​ថ្ងៃទី​២១-២២ ឧសភា ក្រុមយុវជន Cambodia Amazing Trip Planner ដែលជា​យុវជន​រស់នៅ​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​បោះជំរំ​តង់​នៅ​កែវផុស កសិដ្ឋានរបស់​លោក ម៉ុង ឫទ្ធី ដែល​គេ​ស្គាល់​ថា ជា​សេដ្ឋី​កសិកម្ម​នៅ​កម្ពុជា​។ ការបោះតង់នឹងធ្វើនៅបរិវេណសាលាបឋមសិក្សាឫទ្ធី៥ ។ អ្នករៀបចំ​កម្មវិធី​នេះ​និយាយថា ការបោះ​តង់​នេះ​មិនមាន​ការគាំទ្រ​ថវិកា​ពី​ក្រុមហ៊ុន​លោក ម៉ុង ឫទ្ធី​ទេ តែ​ចង់​លើកទឹកចិត្ត​ការវិនិយោគ​របស់លោក​។​

​លោក  សា ឌី​ណា តំណាង​ក្រុម Cambodia Amazing Trip Planner បាន​ឲ្យ​ដឹងថា កសិដ្ឋាន​នៅ​កែវផុស​របស់លោក ម៉ុង ឫទ្ធី គឺជា​ការអភិវឌ្ឍ​ដោយមាន​សក្កា​នុព​ល​បំផុត​។ លោក ឌី​ណា​អះអាង​បែបនេះ ក្រោយពី​លោក​បានធ្វើ​ដំណើរ​ទៅ​ទីនោះ និង​បានឃើញ​រាល់​ការ​អ​ភ​វិ​ឌ្ឍ​របស់លោក ម៉ុង ឫទ្ធី ដែល​លោក​ថា ចង់​ចែករំលែក​ឲ្យ​សាធារណជន​ដទៃ​បានឃើញ​ដូច​លោក​ដែរ​។ លោក​បន្ថែមថា​៖« យើង​ឃើញថា ការវិនិយោគ​របស់លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជាការ​អភិវឌ្ឍ​ដោយ​ស្នាមញញឹម​។ ខ្ញុំ​មិន​សំដៅទៅ​អ្នកវិនិយោគ​ផ្សេង​ទេ តែ​ចង់​ឲ្យ​អ្នកវិនិយោគ​ដទៃ​យក​គំរូ​តាម​លោក ម៉ុង ឫទ្ធី​។ ហើយ​ប្រជាជន​នៅ​ទីនោះ បាន​ទទួលផល​យ៉ាងពិត​ប្រាកដ​។ វា​ជា​ឋានសួគ៌​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​»​។​

​រហូតមកដល់​ថ្ងៃនេះ មាន​អ្នក​ចុះឈ្មោះ​ប្រមាណ​៦០​នាក់​ហើយ ដើម្បី​ចូលរួម​បោះតង់​នៅ​កែវផុស​នៅ​ចុងខែ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សា ឌី​ណា​។ លោក​បន្តថា អ្នក​ដែល​ចូលរួម នឹង​បានឃើញ និង​ស្វែងយល់​ពី​កន្លែង​សំខាន់ៗ​របស់លោក ម៉ុង ឫទ្ធី មានដូចជា​ចំការ​ដូងប្រេង កៅស៊ូ ស្វាយ សៅ​ម៉ា​វ ទុរេន កសិដ្ឋាន​ចិញ្ចឹម​ជ្រូក គោ សួន​បន្លែ​ធម្មជាតិ ហើយ​អ្នក​ចួ​ល​រួម ក៏​អាច​ហែល​ទឹកសមុទ្រ​។​ល​។​

​សម្រាប់​អ្នក​ចាប់អារម្មណ៍​ចូលរួម​កម្មវិធី​បោះជំរំ​តង់​នេះ អាច​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ​ទាំងពីរ​ខ្សែ​ខាងក្រោម​នេះ​។ លោក សា ឌី​ណា ០៩៣ ៥៣៣៣៣៣៨ និង​លោក ជី​ម ០៧៧ ៧៧៦០៦០៕


© រក្សាសិទ្ធិដោយ thmeythmey.com