ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្រាប់​អ្នកវិភាគ ការ​ស្លៀកពាក់​ខ្មៅ មិនមែនជា​បដិវត្ត​ឡើយ​
09, May 2016 , 2:42 pm        
រូបភាព
 
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ឧសភា​នេះ ក្រុម​សង្គម​ស៊ីវិល​មួយចំនួន​និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត បាននាំគ្នា​ស្លៀកពាក់​ពណ៌​ខ្មៅ ដើម្បី​ទាមទារ សុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស​។ ជា​អកុសល មន្ត្រី​សង្គម​ស៊ីវិល​២​រូប រួមទាំង​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន ខណៈដែល​ពួកគាត់​កំពុង​ធ្វើ​យុទ្ធនាការ នៅមុខ​ពន្ធនាគារ​ព្រៃ​ស​។ ការបន្ត​ឃាត់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ គឺ​ទិដ្ឋភាព​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ស្ថានការណ៍​នយោបាយ​និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ នេះ​ជាការ​មើល​របស់​ក្រុមអ្នកតាមដាន​ស្ថានការណ៍​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​។​



​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ មិន​ស្វាគមន៍​ចំពោះ​វិធានការ​នៃ​ការបង្ក្រាប​និង​ការឃាត់ខ្លួន មន្ត្រី​សិទ្ធិមនុស្ស ព្រមទាំង​ប្រជាពលរដ្ឋ ពី​សំណាក់​រដ្ឋាភិបាល​ឡើយ​។ ក្រុម​អ្នកឃ្លាំមើល​សកម្មភាព​ន​យោ​បាយ​នៅ​កម្ពុជា  មើលឃើញថា ការឃាត់ខ្លួន​ក្រុម​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ គឺជា​រូបភាព​អវិជ្ជមាន​មួយ ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​សហគមន៍ជាតិ​និង​អន្តរជាតិ​។ ពួកគេ យល់ថា រដ្ឋាភិបាល​គួរតែ​បង្កលក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ ដែល​ចូលរួម​តវ៉ា​និង​ទាមទារ​ដោយ​អហិង្សា​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​នយោបាយ លោក សូ ចន្ថា ហួសចិត្ត​ចំពោះ​អាជ្ញាធរ ដែល​បាន​ឃាត់ខ្លួន លោក អ៊ី សា​រុំ ប្រធាន​សមាគម​ធាងត្នោត និង​លោក ថាវ គឹម​សាន នាយករង​ទទួលបន្ទុក​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​លីកាដូ  រួមទាំង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​។ លោក​ថា សហគមន៍​អន្តរជាតិ​នឹង​មើល​កម្ពុជា​ក្នុង​ផ្លូវ​អវិជ្ជមាន ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ចាត់វិធានការ​មកលើ​ក្រុម​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​។ 
 
​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ បន្តថា ក្រុម​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​មិនគួរ​ត្រូវបាន​ប​ង្ក្រា​ន​នោះទេ  តែ​ផ្ទុយទៅវិញ អាជ្ញាធរ​គប្បី​រៀបចំ​និង​សម្រួល ដល់​ពួកគាត់ ទៀតផង​។ លោក​ថា ការធ្វើ​យុទ្ធនាការ​ទាម​ទាម​អ្វីមួយ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប  ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ «​គ្រាន់តែ​ស្លៀកពាក់​ពណ៌​ខ្មៅ និង​ដង្ហែ​ក្បួន​ដោយ​អហិង្សា ក៏​ត្រូវបាន​ឃាត់ខ្លួន​ដែល​នោះ អ៊ីចឹង​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបភាព​អាក្រក់​សម្រាប់​សា្ថ​នភា​ព​នយោបាយ​កម្ពុជា​។ បើ​រដ្ឋាភិបាល​នៅតែ​បន្តធ្វើ​ដូច្នេះ​ទៀត គឺ​កំពុងតែ​ធ្វើ​នយោបាយ​អត្តឃាត​ខ្លួនឯង​ហើយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សូ ចន្ថា​។ 
 
​រីឯ​អ្នកវិភាគ​មួយរូប​ទៀត លោក មាស នី បាន​លើកឡើងថា ការ​ដង្ហែ​ង​ក្បួន​និង​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ ដើម្បី​បញ្ចេញមតិ​និង​ទាម​ទាម​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ប​.​ប មិនមែនជា​ការធ្វើបដិវត្ត​ពណ៌​នោះទេ ប៉ុន្តែ​ជា​សិទ្ធិ​សេរី​របស់​ប្រជាពលរដ្ឋ​។ លោក​ថា ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល មិនអាច​ត្រូវបាន​ចោទប្រកាន់ថា ធ្វើ​បដិវត្ត​ពណ៌​ឡើយ ព្រោះ​ពួកគាត់​មាន​គ្មាន​អាវុធ ឬ​បង្កចលាចល​នោះទេ​។

​លោក មាស នី បន្ថែមទៀតថា ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល បានត្រឹមតែ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ប៉ុណ្ណោះ ដើម្បី​ទាមទារ ដូច្នេះ​មិនអាច​ចាត់ទុក​ការ​ថា ជា​ការធ្វើបដិវត្ត​ពណ៌​នោះទេ​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​ពួកគាត់​គ្មាន​អាវុធ​នោះទេ​។ ពួកគាត់​មានតែ​សិទ្ធិ​ហ្នឹងហើយ ដើម្បី​ទាម​ទាម គឺ​ពួកគាត់​មានតែ​ប៉ុណ្ណឹង​ទេ​។ 
 
​សូមបញ្ជាក់ថា ការ​ផុស​ផុរ​សកម្មភាព​នៃ​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​៤​រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី រួមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ១​រូប​ផង​។ មន្ត្រី​អាដហុក ត្រូវបាន​តុលាការ​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ ចំណែកឯ មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ទាក់ទង​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ដូចគ្នា​៕
 
 

Tag:
 អាដហុក​
  គជប​
  មាស នី​
  សូ ចន្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com