ពីនេះ ពីនោះ
កំណាព្យ៖ ភ្លៀងខុសរហូត!
× (បទកាកគតិ)
ខ្ញុំគឺទឹកភ្លៀង
អ្នកខ្លះរាំច្រៀង
ចង់បានរូបខ្ញុំ
ព្រោះតែរាំងស្ងួត
គ្រប់ស្រុកភូមិឃុំ
ខ្លះអង្វរសុំ
អារក្សឡើងទន់។
ពេលដល់ភ្លៀងធ្លាក់
ខ្លះរងាញាក់
ត្រជាក់ចង់គ្រុន
ខ្លះមិនសប្បាយ
ព្រោះទឹកជំនន់
ខ្លះទៀតរិះគន់
លិចផ្ទះសំណប់។
ខូចសម្ភារ
សម្លៀកបំពាក់
គេខឹងគេស្អប់
ខ្លះលួចជេរមេឃ
ព្រោះចិត្តមិនគាប់
ខ្លះឈឺចង់ងាប់
ព្រោះភ្លៀងនេះណា។
ឯអ្នកលក់ដូរ
តាមផ្សារហែហូរ
បាននិយាយថា
ដោយសារតែភ្លៀង
ទើបគ្មានម៉ូយណា
ដើរចូលក្នុងផ្សារ
លក់សល់ទំនិញ។
អ្នកស្រែសប្បាយ
អ្នកក្រុងសោកស្តាយ
ព្រោះមិនចំណេញ
ចំណែកអ្នកស្រែ
មានទឹកពោរពេញ
បើដាំស្រូវវិញ
បានផលប្រសើរ។
ទឹកភ្លៀងមួយសោះ
គេតែងបន្ទោស
គេតែងសរសើរ
អ្នកបានប្រយោជន៍
គេថាគ្រាន់បើ
ឯខ្លះវិញភ្លើ
ជេរភ្លៀងធម្មជាតិ៕
និពន្ធដោយ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com