ពីនេះ ពីនោះ
កម្ពុជាមានអ្វីគ្រប់យ៉ាងតែនៅខ្វះបុគ្គលប្រាំប្រភេទដើម្បីមករៀបចំសង្គម!
× ភ្នំពេញ៖ ក្នុងបរិបទសង្គមបច្ចេកវិទ្យានេះ ប្រសិនបើចង់បំផ្លាញជាតិមួយប្រហែលជាមិនពិបាកទេ ប៉ុន្តែប្រសិនចង់រៀបចំសង្គមមួយឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍វាពិតជារឿងដែលលំបាក ដែលមនុស្សគ្រប់គ្នាត្រូវតែទទួលស្គាល់។
ប្រសិនបើនិយាយក្នុងន័យទូលាយ សង្គមមួយដែលមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ គឺគេត្រូវមើលទៅលើប្រភពសក្ដានុពលនានា ដែលមាននៅក្នុងប្រទេសនោះថា សំបូរអ្វី? និងមានអ្វី ដែលជាប្រភពធនធានសំខាន់សម្រាប់ប្រទេសមួយនោះ?
សម្រាប់ប្រទេសកម្ពុជា មានទឹក មានដីកសិកម្ម មានព្រៃ មានតំបន់ភ្នំ ជ្រោះ សមុទ្រ ទឹកធ្លាក់ ប្រាសាទបុរាណ ទីឋានសម្រាប់វិស័យទេសចរណ៍ ដ៏សម្បូរបែប។ កម្ពុជាមានកម្លាំងពេញវ័យដែលមានសក្តានុពលក្នុងការអភិវឌ្ឍនជាតិ ដែលមានសក្តានុពលពេញលេញ សមត្ថភាពពិតប្រាកដ ទាំងផ្នែកចំណេះដឹងទូទៅ ផ្នែកជំនាញ ផ្នែកបច្ចេកទេស ដែលកើតចេញពីការបណ្ដុះបណ្ដាលពីប្រព័ន្ធអប់រំទាំងនៅក្នុងស្រុក និងមកពីក្រៅស្រុក ក្នុងចំនួនច្រើនសមរម្យអាចជាសរសរទ្រូងជាតិ។ ប្រភពសក្ដានុពលទាំងនេះអាចនិយាយបានថា ជាប្រភពដែលអនុគ្រោះដល់មធ្យោបាយអភិវឌ្ឍនជាតិ ឆ្ពោះទៅរកសង្គមទំនើប។
ទោះបីថា គេសង្កេតឃើញក្នុងរូបភាពជាក់ស្ដែង កម្ពុជាមានអ្វីទាំងឡាយដែលបានរៀបរាប់ ប៉ុន្តែវានឹងមិនអាចឲ្យជាតិរីកចម្រើនទៅមុខបានលឿនបានទេ ប្រសិនបើសង្គមមួយនេះមានចំនួនបុគ្គលអត្តទត្ថច្រើន។
រហូតមកដល់ពេលនេះ គេអាចនិយាយបានថាកម្ពុជាមានហើយសក្ដានុពលសម្រាប់នាំជាតិទៅរកការរីកចម្រើន។ ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជានៅខ្វះបុគ្គលប្រាំប្រភេទ ដែលអាចនាំជាតិឲ្យរុងរឿងបាន។ នោះគឺនៅត្រង់ថា កម្ពុជានៅខ្វះនៅឡើយបុគ្គលដែលគិតជាតិពិតប្រាកដ, បុគ្គលជួយជាតិពិតប្រាកដ, បុគ្គលស្មោះត្រង់ជាមួយជាតិពិតប្រាកដ, បុគ្គលបង្រួបបង្រួមជាតិពិតប្រាកដ, និងបុគ្គលដែលបារម្ភជាតិពិតប្រាកដ។
ការលើកឡើងបែបនេះ មិនមែនមានន័យថា ក្នុងសង្គមទាំងមូលគ្មានបុគ្គលទាំងនេះទេ។ ប៉ុន្តែគឺដោយសារជនទាំងនោះនៅមានចំនួនតិច ហើយនៅមិនហ៊ានចេញមុខក្នុងបុព្វហេតុជាតិ។ ជាសំណួរសួរថា តើមកពីមូលហេតុអ្វី? វាពិតជាពិបាកក្នុងការកំណត់ថាមកពីមូលហេតុអ្វីណាស់ ប៉ុន្តែអ្វីដែលសំខាន់ គឺនៅត្រង់ថា ទោះបីជាប្រទេសមួយមានប្រភពធនធានគ្រប់បែបយ៉ាង យ៉ាងណាក៏ដោយ ប្រសិនបើសង្គមនោះគ្មានជនស្នេហាជាតិពិតប្រាកដទេ កុំថាឡើយអភិវឌ្ឍន៍ទៅមុខ សូម្បីតែរក្សាអ្វីដែលមានស្រាប់ក៏មិនអាចរក្សាឲ្យបានគង់វង្សណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com