ពីនេះ ពីនោះ
ពេលណាអ្នកនយោបាយព្រមទទួលស្គាល់ថាពលរដ្ឋគឺជាកញ្ចក់សម្រាប់ខ្លួន?
× ភ្នំពេញ៖ ក្នុងសង្គមប្រជាធិបតេយ្យ មនុស្សគ្រប់គ្នាដឹងហើយ ឃើញហើយ ឮហើយ ថា ប្រជាពលរដ្ឋជាអ្នកសម្រេចចិត្ត ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន សម្រាប់ដឹកនាំប្រទេស។ ប៉ុន្តែហេតុអ្វីនៅពេលដែលពលរដ្ឋប្រាប់ថា តំណាងឯង មន្ត្រីឯង ឬថ្នាក់ដឹកនាំឯងបានធ្វើខុសហើយ បែរជាកម្រឃើញមានមន្ត្រី អ្នកតំណាង ថ្នាក់ដឹកនាំទាំងនោះចេញមុខទទួលស្គាល់ការពិតបែបនេះទៅវិញ?
រហូតមកដល់ពេលនេះ ប្រហែលជាមានប្រជាពលរដ្ឋច្រើនណាស់ នៅតែមានចម្ងល់ក្នុងចិត្ត ដែលមិនទាន់បានទទួលចម្លើយ ថា ហេតុអ្វីបានជា មន្ត្រីរាជការមួយចំនួន អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំមួយចំនួនមិនចេះទទួលស្គាល់អ្វីដែលសច្ចភាពពិតនៃកំហុសរបស់ខ្លួន?
យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ មានការលើកជាទស្សនៈ គំនិតយោបល់ ពាក្យសន្ទនាតាមទីសាធារណៈ របស់ប្រជាពលរដ្ឋ រិះគន់មន្ត្រី ថ្នាក់ដឹកនាំប្រទេសស្ទើរគ្រប់លំដាប់ថ្នាក់ក្នុងន័យស្ថាបនា ចំពោះទង្វើខ្វះខាត់របស់មន្ត្រីទាំងនោះ។ ប៉ុន្តែពេលខ្លះគេសង្កេតឃើញថា ពាក្យសម្ដីរបស់ពួកគាត់ហាក់បីដូចជាគ្មានប្រសិទ្ធភាពទៅវិញ។
គេថារាស្ត្រ និងរដ្ឋត្រូវមានទំនាក់ទំនងគ្នា ចំណែកឯមន្ត្រី និងប្រជាជនគឺជាបណ្ដាញទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់បាន។ បើបែបនេះ នោះគឺមានន័យថា រាស្ត្រត្រូវស្ដាប់រដ្ឋ ចំណែកឯរដ្ឋត្រូវទទួលយកការរិះគន់ពីរាស្ត្រវិញដូចគ្នា។ ប៉ុន្តែពេលរាស្ត្រនិយាយ ហេតុអ្វីរដ្ឋមិនចង់ស្ដាប់ មិនចង់ដោះស្រាយ? តើអាចទេ ប្រសិនបើគ្មានរឿងអ្វីសោះមានរាស្ត្រចេញមុខរិះគន់? តើមានទេ រាស្ត្រគ្មានទុក្ខ បែរជាមកស្រែកថាខ្លួនកំពុងមានបញ្ហា? តើគួរទេ ដែលរាស្ត្រគ្មានបញ្ហា មកប្រាប់រដ្ឋថាកំពុងខ្លួនជួបទុក្ខធំ? តើទំនងទេ ដែលរាស្ត្រកំពុងរស់ដោយសេចក្ដីសុខ មកប្រាប់រដ្ឋថា ខ្ញុំរស់វេទនាណាស់?...។ល។
ក្នុងហេតុផលបែបនេះ គេអាចនិយាយបានថា រាល់ការបង្ហាញរបស់ពលរដ្ឋ វាគឺមិនមែនមានន័យថាមួលបង្កាច់ ជេរប្រមាថរដ្ឋនោះទេ។ ប៉ុន្តែគួរតែក្លាយជាប្រធានបទតូចៗ តាមផ្នែក តាមប្រភេទនៃបញ្ហា ដែលមន្ត្រីរដ្ឋ ថ្នាក់ដឹកនាំរដ្ឋត្រូវពិចារណានិងដោះស្រាយ ហើយយកមកឆ្លុះបញ្ចាំងទៅលើសកម្មភាពរបស់ខ្លួនវិញ ថាពិតឬមិនពិត? ដូចនេះ គឺត្រូវតែយករាស្ត្រ មកធ្វើជាកញ្ចក់ឆ្លុះកែលម្អ ឲ្យទៅជាវិជ្ជមានល្អប្រសើរឡើងវិញចំពោះភាពខ្វះខាតរបស់ខ្លួន។
ក្នុងន័យនេះ រដ្ឋត្រូវកំណត់គោលដៅឲ្យជាក់លាក់ មានគោលនយោបាយផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ តម្កល់ផលប្រយោជន៍រាស្ត្រជាធំ ផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ។ ហើយដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការនេះបាន ល្គឹកណារដ្ឋធ្វើការរៀបចំសេវាសាធារណៈ និងរដ្ឋបាលមូលដ្ឋានឲ្យបានរឹងមាំ ដែលតម្រូវឲ្យយើងមានគោលនយោបាយ វិមជ្ឈការអំណាចដល់មូលដ្ឋាន។
ចំណែកឯ ក្រុមមន្ត្រីដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបង្ហាញតម្លាភាព សម្រាប់ការដឹកនាំ និងកិច្ចការរបស់ខ្លួន ដើម្បីទទួលបាននូវទំនុកទុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងរាស្ត្រ និងរដ្ឋ។ មន្ត្រី និងថ្នាក់ដឹកនាំត្រូវ ឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងភាពជិតស្និទ្ធ ស្មោះស្ម័គ្រ យុត្តិធម៌ ក្នុងគោលដៅរួម ប្រសិទ្ធភាពការងារ ចេញមុខដោះស្រាយ ហ៊ានទទួលស្គាល់ការពិត ព្រមយកការិះគន់របស់រាស្ត្រមកកែប្រែស្ថានភាព ដើម្បីជាផលប្រយោជន៍ដល់ប្រជាជាតិយើងទាំងមូល។ ធ្វើបែបនេះបាន រាស្ត្រមិនត្រឹមតែមិនស្អប់ តែថែមទាំងសប្បាយនៅក្នុងការផ្ដល់ព័ត៌មានពិតជូនរដ្ឋថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com