ជាតិ
ប្រកួត​កីឡា​ដើម្បី​ប្រមូល​យុវជន​បរិច្ចាគ​ឈាម​បញ្ចប់​ដោយ​ជោគជ័យ​
12, May 2016 , 7:39 am        
រូបភាព
 
 
​សៀមរាប​៖ កម្មវិធី​ប្រកួត​បាល់ទាត់​សប្បុរសធម៌ ប្រមូល​យុវជន​បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បិទ​បញ្ចប់​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ ក្រុមយុវជន​របស់​សាលា​បញ្ញា​សាស្ត្រ​ខេត្តសៀមរាប បាន​ផ្តួចផ្តើម​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង ក្រោម​ពាក្យស្លោក «​ប្រកួត​កីឡា​ដើម្បី​ការងារ​មនុស្សធម៌​»​។​

 
​ក្រោយពី​ឆ្លងកាត់​ការប្រកួត​ជម្រុះ​អស់​រយៈពេល ជាង​២​ខែ​មកនេះ ក្រុមនិស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​សាខា​ខេត្តសៀមរាប បាន​រកឃើញ​ក្រុម​អ្នកឈ្នះ និង​អ្នក​ចាស់ កាលពី​ថ្ងៃទី​៨ ឧសភា​កន្លងទៅ នៅ​ទីលាន​បាល់ទាត់​ភូមិ​កីឡា​។ ក្រុម​ប្រកួត​ជម្រុះ​មាន​១០​ក្រុម និង​សុទ្ធសឹង​ជា​និស្សិត​សាលា​បញ្ញា​សាស្ត្រ​។​
 
​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ហើយ នៅ​ព្រឹក​ថ្ងៃទី​៩ ឧសភា ក្រុមនិស្សិត​បាន​ទៅ​ចូលរួម​បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ខ្វះ​ឈាម​ជួយសង្គ្រោះ​កុមារ​ក្រីក្រ​។ ការបរិច្ចាគ​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ ឧសភា​។​
 
​អ្នករៀបចំ​កម្មវិធី​បាល់ទាត់​សប្បុរសធម៌ លោក ឆាយ សុភាព បាន​ឲ្យ​ដឹងថា ការប្រកួត​បាល់ទាត់​នេះ​អាច​ដំណើរការ​ទៅបាន ដោយមាន​សប្បុរសជន​ចូលរួម​ចំនួន ២០​ស្ថាប័ន​។ លោក​បញ្ជាក់ថា ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​បំណង​៣​សំខាន់ៗ រួមមាន ការរួមចំណែក​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា ទី​ពីរ​ប្រមូល​យុវជន​ដែល​ទំនេរ​ពី​ការសិក្សា​ឲ្យ​លេង​កីឡា ជៀស​ឆា្ង​យ​ពី​ការសេព​គ្រឿងញៀន​ផ្សេងៗ និង​ទី​បី ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ខ្វះ​ឈាម​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​សប្បុរសធម៌​នេះ បាន​ដំណើរការ​ចាប់ពី​ថ្ងៃទី​២១ កុម្ភៈ ឆ្នាំ​២០១៦​មក និង​បានបញ្ចប់​នៅ​ថ្ងៃទី​៨ ឧសភា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com