ជាតិ
តើ​តម្លៃ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​យ៉ាងដូចម្តេច​ដែរ​?
14, May 2016 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ បើ​និយាយ​ពី​សេរីភាព​សារព័ត៌មាន កម្ពុជា​ទទួលបាន​ពិន្ទុ​ល្អ​។ តែបើ​និយាយ​ពី​កម្រិត​នៃ​អំពើពុករលួយ និង​ពី​តម្លៃ​នៃ​ជីវិត​ពលរដ្ឋ​ខ្មែរ​វិញ កម្ពុជា​ហាក់បីដូចជា​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​ប្រទេស​ដទៃទៀត​។ តើ​តម្លៃ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​យ៉ាងដូចម្តេច​ដែរ​?



​បើ​យោងតាម​របាយការណ៍​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporter Without Border)  ឆ្នាំ ២០១៦  សេរីភាព​សារព័ត៌មាន​កម្ពុជា​ប្រសើរឡើង​ជាមុន​ពោលគឺ​ធ្លាក់ចុះ​លេខ​រៀង​ចំនួន ១១​លេខ ពោលគឺ​ពី​លេខ ១៣៩ នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ១២៨​នៅក្នុង​ឆ្នាំ ២០១៦​នេះ​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស ៩​ផ្សេងទៀត​នៅ​អាស៊ាន សេរីភាព​សារព័ត៌មាន​កម្ពុ​ជាមាន​លក្ខណៈ​ប្រសើរ​ជាងគេ​។ នេះ​ក៏ដោយ​សារ ថៃ ស្ថិតក្រោម​របប​សឹក​, ហ្វីលីពីន​ជា​ប្រទេស គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកសារព័ត៌មាន​, ឥណ្ឌូនេស៊ី​នៅ​មិនទាន់​ផ្តល់​សិទ្ធិ​ឲ្យ​អ្នកសារព័ត៌មាន​បរទេស​ពេញលេញ​, សិង្ហ​បុរី​គ្រប់គ្រង​ស្ទើរ​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​, វៀតណាម និង​ឡាវ​ស្ថិតក្រោម​របប​សង្គមនិយម​, ប្រ៊ុយណេ​មាន​របបរាជានិយម​ផ្តាច់ការ​, មី​យ៉ាន់​ម៉ា​ទើប​ស្គាល់​ប្រជាធិបតេយ្យ​, ហើយ​ម៉ាឡេស៊ី​មាន​នាយករដ្ឋមន្ត្រី​ដែល​ស្អប់​សារព័ត៌មាន​ឯករាជ្យ​។ 
 
​ដោយឡែក​ចំពោះ​កម្រិត​អំពើពុករលួយ​របស់​ក​ម្ពុ​ជា​វិញ បើ​យោងតាម​របាយការណ៍ «​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​» (The Corruption Perceptions Index) នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ស្តីពី​ចំណាត់ថ្នាក់​អំពើពុករលួយ​ឆ្នាំ​២០១៥ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥០​ក្នុងចំណោម​ប្រទេស​សរុប​១៦៨ ។ បើ​ប្រៀបធៀប​ចំណាត់ថ្នាក់​នេះ​ទៅនឹង​បណ្តា​ប្រទេស​របស់​អាស៊ាន​នោះ កម្ពុជា​ស្ថិតនៅ​ចំណាត់​ថា្នក់​ទាប​ជាងគេ ពោលគឺ​កម្រិត​នៃ​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ច្រើនជាងគេ​។ 
 
​ចំណែក​ការរស់នៅ​ប្រជាពលរដ្ឋ​កម្ពុជា​វិញ របាយការណ៍​ស​ន្ទ​ស្សន៍​សុខដុម​នីយកម្ម​ឆ្នាំ​២០១៥ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា (Prosperity Index) ត្រូវបាន​សិក្សា​ដោយ​វិទ្យាស្ថាន (Legatum Institute) មាន​មូលដ្ឋាន​នៅ​ទីក្រុង (London) ចក្រភព​អង់គ្លេស បានដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា លេខ ១១២ ក្នុងចំណោម​ប្រទេស​ទាំងអស់ ១៤២ ។ ចំណាត់ថ្នាក់​នេះ​បង្ហាញថា ភាពសុខដុមរមនារ​បស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅមានកម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​នៅក្នុង​សមាគម​អាស៊ាន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com