ពីនេះ ពីនោះ
កំណាព្យ៖ ជីវិត​អ្នកស្រែ​!
14, May 2016 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
  
(​បទ​កាកគតិ​)
​ជីវិត​អ្នកស្រែ 
​មិនដែល​ស្គាល់​ទេ  
​ខោអាវ​ថ្មីៗ​
​ជើង​នៅក្នុង​ភក់ 
​ប្រឡាក់​ជាប់​ដី 
​ក្រោម​កំដៅថ្ងៃ​
​នឿយហត់​គ្មាន​ល្ហែ​។​


 
​នង្គ័ល​រនាស់  
​ភ្ជួរ​រាល់​កាប់​គាល់ 
​គ្មាន​ពេលទំនេរ​
​ដក​ស្ទួ​ង​ដាំ​ស្រូវ 
​បូមទឹក​ដឹក​ស្រែ 
​ខំ​ថែ​ស្រែ​ម៉ែ 
​ក្រែង​ផល​ជាង​មុន​។ 
 
​ជួន​ភ្លៀង​តិចតួច 
​ឆ្នាំ​ខ្លះ​រាំងស្ងួត 
​ឆ្នាំ​ខ្លះ​ជំនន់​
​ឆ្នាំ​ខ្លះ​ភ្លៀង​គ្រប់ 
​ក៏បាន​ផលគុណ 
​ផល​ច្រើនជាង​មុន​
​ស្រូវ​ផ្លែ​ពេញ​ស្រែ​។  
 
​រដូវ​ច្រូតស្រូវ 
​ឃើញ​ម៉ែ​និង​ឪ 
​ញញឹម​ក្នុង​ស្រែ​
​ព្រោះ​ផល​ស្រូវ​ល្អ 
​មានសង្ឃឹម​ដែរ 
​លក់​ខ្លះ​សង​គេ​
​ខ្លះ​ហូប​ប្រចាំថ្ងៃ​។   
 
​ប្រមូល​ផល​ហើយ 
​ទុក្ខ​ធំ​ឥត​ស្បើយ 
​ស្រូវ​ធ្លាក់​តម្លៃ​
​អង្គុយ​ក្នុង​ស្រែ 
​ខ្លួនប្រាណ​ល្ហិតល្ហៃ 
​សង្ឃឹម​ស្រូវ​ថ្លៃ 
​តែ​គិត​ខុស​មែន​។ 
 
​ស្រែ​គ្មាន​លំនឹង 
​អ្នកស្រុក​លែង​ពឹង 
​រត់​ទៅ​Thailand
​ខ្លះទៅ​ទីក្រុង 
​ធ្វើការ​លីសែង 
​ផ្តុំគ្នា​ឡើង​ណែន​
​នៅឯ​ភ្នំពេញ​។  
 
​ខ្លះទៅ​កូរ៉េ 
​ខ្លះទៅ​ម៉ា​ឡេ 
​ទាំង​ទុក្ខ​ទោម្នេញ​
​ទៅធ្វើ​ខ្ញុំគេ 
​ខ្លះ​គេ​វាយ​ដេញ 
​រត់​មក​ស្រុក​វិញ​
​ព្រោះ​ទៅ​ខុសច្បាប់​៕

 និពន្ធ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ   
 
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com