ជាតិ
បទវិភាគ
តើ​កម្ពុជា​បច្ចុប្បន្ន​ប្រសើរ​ជាង ឬ​អន់​ជាង​កម្ពុជា​កាលពី​អតីតកាល​?
15, May 2016 , 8:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ កេរ្តិ៍ដំណែល​វប្បធម៌ សំណង់​ប្រាសាទ​ដ៏​មហិមា និង​ស្នាដៃ​យ៉ាងច្រើន ដែល​ដូនតា​ខ្មែរ បាន​បន្សល់ទុក​ដល់​ខ្មែរ​ជំនាន់​ក្រោយ គឺជា​អ្វីដែល​យុវជន​ជំនាន់​ថ្មី យកទៅ​និយាយ​ពេញៗ​មាត់​ថា មាន​មោទនភាព​ជាតិខ្មែរ ដែលមាន​ដូនតា​មាន​ភាព​វៃឆ្លាត និង​មានគំនិត ចេះ​ថែរក្សា​ទុក​របស់​មានតម្លៃ​ទុក​ឲ្យ​កូនចៅ​។ ចំណែក ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​វិញ តើ​ពួកគេ បានធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​មោទនភាព​ជាតិ​?


 
​ពាក្យ​ថា មោទនភាព​ជាតិខ្មែរ គឺ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅតាម​បទ​ចម្រៀង និង​ប្រព័ន្ធ​ផ្សាយ​ព្រោងព្រាត ដើម្បី​លើកសរសើរ​ពី​ស្នាដៃ​ដូនតា​ខ្មែរ ដែល​បាន​បន្សល់​សម្បត្តិ​វប្បធម៌ សម្បត្តិ​ធម្មជាតិ និង​គំនិត​ច្នៃប្រឌិត​ជាច្រើន មិនអាច​កាត់ថ្លៃ​បាន​។ មិនមែន​តែ​ប្រជាជន​ខ្មែរ​ទេ ដែល​បាន​កោតសរសើរ​ពី​ភាពរុងរឿង​របស់​ខ្មែរ​នា​សម័យអង្គរ ប៉ុន្តែ ជនបរទេស ក៏​ច្រណែន​នឹង​កូនចៅ​ខ្មែរ​ជំនាន់​ថ្មី​នេះ ដែលមាន​បុព្វបុរស​បន្សល់​ស្នាដៃ​យ៉ាងច្រើន​សម្បើម​បែបនេះ​។ 
 
​ស្នាដៃ​ទាំងនេះ​រួមមាន​៖ សំណង់​ប្រាសាទអង្គរវត្ត​ដែល​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក និង​ប្រាសាទ​តូចធំ​ជាច្រើន​ទៀត ព្រមទាំង​ចម្លាក់​ល្អ​ប្រណិត​រាប់រយ​រាប់ម៉ឺន​ផ្ទាំង​ដែល​បញ្ជាក់​ពី​គំនិត​ច្នៃប្រឌិត​ខ្ពស់​ជាដើម​។ ក្រៅពី​សម្បត្តិ​វប្បធម៌ បុព្វបុរស​ខ្មែរ ពិតជា​បាន​បន្សល់​សម្បត្តិ​ធម្មជាតិ​ដូចជា ព្រៃព្រឹក្សា ភ្នំ ជ្រលង ជ្រោះ ទឹកទន្លេ សមុទ្រ និង​ធនធាន​រ៉ែ​ជាច្រើន​ប្រភេទ​។ ទាំងនេះ គឺ​សុទ្ធសឹង​ជា​មោទនភាព​ជាតិ​សម្រាប់​ដូនតា​ខ្មែរ​។ កម្ពុជា​កាលពី​អតីតកាល​ត្រូវបាន​គេ​លើក​ឡើ​ថា មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង មានគំនិត​ច្នៃប្រឌិត​ខ្ពស់​។​ល​។ 
 
​ចុះ​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​វិញ តើ​ពួកគេ​បានធ្វើ​អ្វីខ្លះ​ជា​មោទនភាព​ជាតិ​?  
 
​ទូក​ទៅ កំពង់​នៅ គឺជា​ពាក្យស្លោក​បុរាណ ដែល​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ខិតខំ​កសាង​ស្នាដៃ និង​សមិទ្ធផល សម្រាប់​ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​។ ខ្មែរ​ជំនាន់​ដើម បាន​បូជា​កម្លាំងកាយ​ចិត្ត​យ៉ាងច្រើន​មហាសាល ដើម្បី​ទុក​ស្នាដៃ​ជា​ប្រយោជន៍​ដល់​ខ្មែរ​ជំនាន់​ក្រោយ​។ វត្ថុ​ដ៏​មានតម្លៃ​ទាំងនេះ គឺ​កំពុងតែ​ផ្តល់​ផល​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ ហេតុនេះ ទើប​មនុស្ស​ខ្មែរ​សម័យនេះ តែង​លើកសរសើរ​មិន​ដាច់​ពី​មាត់​ថា ពិតជា​មោទនភាព​ណាស់ ដែល​បានកើត​មកជា​កូន​ខ្មែរ​។ ប៉ុន្តែ សំណួរ​ដែល​លំបាក​ឆ្លើយ​នោះ តើ​ខ្មែរ​សម័យនេះ បានធ្វើ​អ្វីខ្លះ​ជា​មោទនភាព​ជាតិ​?
 
​ចម្លើយ​ទៅនឹង​សំណួរ គឺ​ពិត​ជាមាន ក្នុងនោះ​មានដូចជា​៖ សំណង់​អាគារ​តូចធំៗ​រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ដែលមាន​សក្តានុភាព​សេដ្ឋកិច្ច​មួយចំនួន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ស្អេកស្កះ និង​កំណើនសេដ្ឋកិច្ច​មួយឆ្នាំៗ ជាង​៧​ភាគរយ​ជាដើម​។  ទាំងអស់នេះ គឺ​សុទ្ធសឹង​ជា​មោទនភាព​សម្រាប់​កម្ពុជា បន្ទាប់ពី​រួចផុត​ពីរ​បប​អាវខ្មៅ​អស់​រយៈពេល​ជាង​៣០​ឆ្នាំនេះ​។  
 
​បើ​គេ​ធ្វើការ​ប្រៀបធៀប​កម្ពុ​ជាប​ច្ចុ​ប្បន្ន ទៅនឹង​កម្ពុជា​កាលពី​៣០​ឆ្នាំមុន​វិញ  គេ​អាច​និយាយបានថា កម្ពុជា​ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំង ដូចជា ជីវភាព​ប្រជាជន​ធូរធារ​ជាង​មុន ហេដ្ឋារចនាសម្ព័ន្ធ​ច្រើនជាង​មុន សំណង់​អាគារ​កាន់តែច្រើន និង​ទំនើប​ជាង​មុន និង​ធនធានមនុស្ស​មាន​ច្រើនជាង​មុន​។ តែ​ប្រសិនបើ​គេ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្បែរ​ខាង​ទាំង​សេដ្ឋកិច្ច និង​ធនធានមនុស្ស​វិញ កម្ពុជា ទំនងជា​ប្រសើរ​ជាង​ឡាវ និង​ភូមា តែ​អាច​អន់​ជាង​វៀតណាម ថៃ និង​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ាន​។ 
 
​បើ​ក្រឡេកមើល​បរិមាណ​យុវជន​ដែលមាន​វ័យ​ពេញកម្លាំង​វិញ កម្ពុ​ជាមាន​ច្រើន តែ​ពួកគេ​ភាគច្រើន គឺជា​យុវជន​ដែល​មិនសូវមាន​ជំនាញ​ពិតប្រាកដ​។ លើសពីនេះ យុវជន​ទាំងនោះ មិនអាច​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ដែលមាន​ចំណូល​សមរម្យ​បាន​នោះទេ​។ ជាក់ស្តែង យុវជន​ខ្មែរ​រាប់​ម៉ឺ​នាក់ បាន​សម្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​ដទៃ​ជាច្រើន​ពេ​ស​ពេញ​ពិភពលោក​ដោយ​លក់​កម្លាំង​ពលកម្ម​។ 
 
​ចំណែក​ការផលិត​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​វិញ គឺមាន​ចំនួន​ច្រើន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ​។ តែ​អ្វីដែល​អ្នកវិនិយោគ​រអ៊ូ​នោះ គឺ​ធនធានមនុស្ស​កម្ពុ​ជាមួយ​ចំនួន មិនទាន់មាន​ជំនាញ​ច្បាស់លាស់​។ ជាក់ស្តែង មាន​និស្សិត​ជាច្រើន ដែល​បញ្ចប់​បរិញ្ញាបត្រ គ្មាន​ការងារ​ធ្វើ​។ ហើយ​មួយចំនួនទៀត បានធ្វើ​ការងារ​ខុស​ជំនាញ និង​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប​។  
 
​ដោយឡែក បើ​គេ​ក្រឡេក​ទៅ​មើល​ធនធានធម្មជាតិ​ក​ម្ពុ​ជា​វិញ ដូចជា ព្រៃឈើ និង​ធនធាន​រ៉ែ ត្រូវបាន​សង្គម​ស៊ីវិល អះអាងថា កំពុង​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។ វិនាសកម្ម​ព្រៃឈើ បានធ្វើ​ឲ្យ​កម្ពុជា មានការ​ប្រែប្រួល​អាកាសធាតុ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។  ក្នុងនោះ​រួមមាន​៖ ការកើនឡើង​កំដៅ ខ្ស​ល់ក​ន្ទ្រា​ក់ ខ្ស​ល់​ព្យុះ និង​ទឹកជំនន់​ជាដើម​។ អង្គការ​សង្គម​ស៊ីវិល ធ្លាប់បាន​អះអាងថា ការកាប់​ព្រៃឈើ បាន​កើតឡើង​ក្នុង​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច​។ លើសពីនេះ ពួកគេ​រកឃើញថា ដី​សម្បទាន​សេដ្ឋកិច្ច មិន​ត្រូវតែ​ធ្វើ​បាត់បង់​ព្រៃឈើ​ប៉ុណ្ណោះ​ទេ តែ​បាន​បង្កើត​ឲ្យ​មាន​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​។ តាម​របាយការណ៍ អង្គការ​លីកាដូរ​កន្ល​ង​មក ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ព្រោះ​ជម្លោះដីធ្លី​មាន​រហូតដល់​ជាង​៧០​ម៉ឺន​នាក់​។  
 
​ចំណែក​វិស័យ​ពាណិជ្ជកម្ម​វិញ កម្ពុ​ជាមាន​អតុល្យភាព​ជញ្ជីងពាណិជ្ជកម្ម ពោលគឺ​កម្ពុជា​នាំចូល​ច្រើន តែ​នាំ​ទំនិញ​ចេញទៅ​ក្រៅប្រទេស​តិច​។ កម្ពុជា​នាំចេញ​អង្ករ កៅស៊ូ ពោត ដំឡូង និង​សម្លៀកបំពាក់​ជាដើម និង​នាំចូល​មកវិញ ដូចជា គ្រឿង​បច្ចេកវិទ្យា គ្រឿងចក្រ គ្រឿងសំណង់ និង​ចំណីអាហារ ជាដើម​។  
 
​បើ​ក្រឡេកមើល​វិស័យ​កសិកម្ម​នៅ​កម្ពុជា​វិញ កសិករ​ខ្មែរ​ជាង​៨៥​ភាគរយ​រស់នៅ​ដោយ​ការធ្វើ​ស្រែចម្ការ​។ ប៉ុន្តែ កសិករ​មួយចំនួនធំ មិនទាន់​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​គ្រប់គ្រាន់​នៅឡើយ​ទេ មានន័យថា គឺ​ពួកគេ​នៅ​បន្ត​ធ្វើស្រែ​ពឹង​លើទឹក​ភ្លៀង​។ លើសពីនេះ ថ្វី​ដ្បិត​កម្ពុជា ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា ជា​ប្រទេស​កសិកម្ម ប៉ុន្តែ កម្ពុជា​កំពុង​នាំចូល​បន្លែ ត្រី និង​សាច់ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេសជិតខាង ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។ 
 
​ដោយឡែក​ចំពោះ​កម្រិត​អំពើពុករលួយ​របស់​ក​ម្ពុ​ជា​វិញ បើ​យោងតាម​របាយការណ៍ «​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​» (The Corruption Perceptions Index) នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ស្តីពី​ចំណាត់ថ្នាក់​អំពើពុករលួយ​ឆ្នាំ​២០១៥ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥០​ក្នុងចំណោម​ប្រទេស​សរុប​១៦៨ ។ បើ​ប្រៀបធៀប​ចំណាត់ថ្នាក់​នេះ​ទៅនឹង​បណ្តា​ប្រទេស​របស់​អាស៊ាន​នោះ កម្ពុជា​ស្ថិតនៅ​ចំណាត់​ថា្នក់​ទាប​ជាងគេ ពោលគឺ​កម្រិត​នៃ​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ច្រើនជាងគេ​។ 
 
​ចំណែក​ការរស់នៅ​ប្រជាពលរដ្ឋ​កម្ពុជា​វិញ របាយការណ៍​ស​ន្ទ​ស្សន៍​សុខដុម​នីយកម្ម​ឆ្នាំ​២០១៥ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា (Prosperity Index) ត្រូវបាន​សិក្សា​ដោយ​វិទ្យាស្ថាន (Legatum Institute) មាន​មូលដ្ឋាន​នៅ​ទីក្រុង (London) ចក្រភព​អង់គ្លេស បានដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា លេខ ១១២ ក្នុងចំណោម​ប្រទេស​ទាំងអស់ ១៤២ ។ ចំណាត់ថ្នាក់​នេះ​បង្ហាញថា ភាពសុខដុមរមនារ​បស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅមានកម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​នៅក្នុង​សមាគម​អាស៊ាន​។  
 
​ងាក​មក​ឆ្លើយ​ទៅ​សំណួរ​ដែល​សួរថា តើ​កម្ពុជា​ប​ច្ច​ប្បន្ន​ប្រសើរ​ជាង ឬ​អន់​ជាង​កម្ពុជា​កាលពី​អតីត​កាលនោះ គេ​ពិតជា​ពិបាក​រក​ចម្លើយ​ឲ្យ​ច្បាស់​ពិតប្រាកដ​ណាស់ តែ​ទោះជាយ៉ាងណាក៏ដោយ គេ​អាច​សន្និដ្ឋានបានថា ​កម្ពុជានាពេលបច្ចុប្បន្ននេះ ​គឺមានការរីកចម្រើន​ជាងកម្ពុជា​នាពេលអតីត​កាល ប៉ុន្តែ​បើប្រៀបធៀប​នឹងប្រទេស​ក្នុង​តំបន់ និង​ពិភព​លោក ​កម្ពុជា​ហាក់​ពុំទាន់​មានការ​រីកចម្រើន​ជឿន​លឿន​ខ្លាំង​នោះ​ទេ​​៕ ​
 

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com