ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅក្រៅ​ឃុំរបស់​លោក អ៊ុំ សំអាន​
17, May 2016 , 10:47 am        
រូបភាព
ក្កីសង្ឃឹមរបស់លោក អ៊ុំ សំអាន ដែលជឿជាក់ថាសាលាឧទ្ធរណ៍នឹងដោះលែងខ្លួនឲ្យនៅក្រៅឃុំ ត្រូវបានបរាជ័យ។ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ទរណ៍ បានច្រានចោលសំណើរបស់តំណាងរាស្រ្តបក្សប្រឆាំងរូបនេះ បន្ទាប់ពីការសាកសួរអស់រយៈពេលជាង២ម៉ោង។ មេធាវីរបស់លោក អ៊ុំ សំអាន ចាត់ទុកសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ ថាជារឿងមិនសមហេតុផល និងត្រៀមប្តឹងសាទុក្ខ ទៅកាន់តុលាការកំពូល។



មុខពេលឈានជើងចូលក្នុងស្ថាប័នមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានបង្ហាញក្តីរំពឹងរបស់ខ្លួនថា ក្រុមប្រឹក្សាជំនុំជម្រះ អាចនឹងដោះលោក ឲ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែ ក្រោយពីបញ្ចប់ការសាកសួរអស់រយៈពេលជាង២ម៉ោង សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានបដិសេធ មិនឲ្យលោក អ៊ុំ សំអាន នៅក្រៅឃុំបណ្តោះអាសន្ននោះទេ។ «អត់ទេ អត់បាននៅក្រៅឃុំទេ។ ទាំងសភា ទាំងនាយករដ្ឋមន្រ្តី បានរំលោភ មាត្រា៨០នៃរដ្ឋធម្មនុញ្ញ»។ នេះគឺជាការបញ្ជាក់របស់លោក អ៊ុំ សំអាន ដែលបានស្រែកប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ ក្រោយពីបិទសវនាការ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ។

យ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន នៅតែសង្ឃឹមថា លោកនឹងអាចរួចផុតពីការឃុំឃាំង ប្រសិនបើគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ចាប់ដៃគ្នា ចរចាផ្នែកនយោបាយ។

លោក ជូង ជូងី មេធាវីរបស់លោក អ៊ុំ សំអាន បានអះអាងថា សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានលើកហេតុផលចំនួន២ ដែលមិនអាចអនុញ្ញាតឲ្យកូនក្តីរបស់ខ្លួននៅក្រៅឃុំ។ ហេតុផលទី១ គឺខ្លាចលោក អ៊ុំ សំអាន ប្រើតួនាទីជាតំណាងរាស្រ្ត ទៅបំផុសបំផុលនិងញុះញង់មហាជន ឲ្យបង្កចលាចលណាមួយក្នុងសង្គម។ ហេតុផលទី២ គឺសំណុំរឿងរបស់លោក អ៊ុំ សំអាន កំពុងតែស្ថិតនៅក្រោមការស៊ើសង្កេតរបស់សាលាដំបូងរាជធានីភ្នំពេញ ដូច្នេះតុលាការជាន់ទាបមួយនេះ នៅមានភារកិច្្ច ក្នុងការបន្តនីតិវិធីរបស់ខ្លួនបន្ថែមទៀត។ នេះជាការពន្យល់របស់លោក ជូង ជូងី ទាក់ទងនឹងហេតុផលរបស់សាលាឧទ្ធរណ៍។

លោក ជូង ជូងី ហួសចិត្តយ៉ាងខ្លាំង ចំពោះហេតុផលរបស់សាលាឧទ្ធរណ៍។ លោកលើកឡើងថា ហេតុផលទាំង២ របស់ក្រុមប្រឹក្សាជំនុំជម្រះ គ្រាន់តែជាលេស ដែលមិនអាចទទួលយកបានប៉ុណ្ណោះ។ លោកបន្ថែមថា លោក អ៊ុំ សំអាន គឺជាតំណារាស្រ្ត ដែលត្រូវបំពេញកិច្ចការងារក្នុងការបង្កើតច្បាប់ និងតាមដានសកម្មភាពរបស់រាជរដ្ឋាភិបាល ដូច្នេះតុលាការមិនអាចឃុំខ្លួនគាត់ ទាំងមានអភ័យឯកសិទ្ធិនោះទេ។

បន្ទាប់ពីទទួលលទ្ធផលអវិជ្ជមាន មេធាវីរូបនេះ គ្រោងដាក់ពាក្យបណ្តឹងសាទុក្ខ ទៅតុលាការកំពូល ដើម្បីសើរើ ចំពោះសេចក្តីសម្រេចខាងលើ។ ប៉ុន្តែលោក ជូង ជូងី មិនទាន់បញ្ជាក់ឲ្យច្បាស់ថា លោក នឹងដាក់ពាក្យបណ្តឹងសាទុក្ខនេះនៅពេលណានោះទេ។ លោកគ្រាន់បង្ហើបថា នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០​ខែមេសា ឆ្នាំ​២០១៦ ដែល​ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ​ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក​។ ក្រោយមក​ករណី​លោក អ៊ុំ សំអាន នេះ​ត្រូវបាន​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត គាំទ្រ​ឱ្យ​តុលាការ និង​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​បន្ត ចំពោះ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ​៕
 
 

Tag:
 អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com