កីឡាជាតិ
ជាតិ
ទ័ព និង​ព្រះខ័ន​រាជ ទទួលភ្ញៀវ ខណៈ​បឹងកេត និង​ថា​យ​ហ្គឺ​រ​ទៅលេង​ក្រៅ​ដី​
18, May 2016 , 8:19 am        
រូបភាព
ការ​ប្រកួត​កន្លងមក​រវាងបឹងកេតអង្គរ (ស) និង​ខេត្តព្រៃវែងនៅពហុកីឡដ្ឋាន​ជាតិ
ការ​ប្រកួត​កន្លងមក​រវាងបឹងកេតអង្គរ (ស) និង​ខេត្តព្រៃវែងនៅពហុកីឡដ្ឋាន​ជាតិ
ដោយ:
 
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦ នៃ​សប្តាហ៍​ទី​៧ ថ្ងៃទី​១៨ ខែឧសភា នេះ​មានការ​ប្រកួត​នៅក្នុង​ពូ​ល A ៣​គូ និង​ពូ​ល B ៣​គូ ដោយ​ក្រសួងការពារជាតិ ជួប អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ឬ​ឯ​បឹងកេត​អង្គរ ប៉ះ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចំណែក ព្រះខ័ន​រាជ​ស្វាយរៀង ស្វាគមន៍ ខេត្តកំពង់ឆ្នាំង​។ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ស្វាគមន៍ ខេត្តកណ្តាល ខណៈ​យុវជន​បឹងកេត ស្វាគមន៍ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ចំណែក​ខេត្តស្ទឹងត្រែង ជួប ខេត្តព្រៃវែង​។​

 
​ក្នុង​ពូ​ល B ជា​ជំនួប​រវាង​ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ដូចគ្នា ដោយ​ក្រុម​ឈរ​កំពូល​តារាង ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ​ក្រុម​ឈរ​ដំ​ដាប់​លេខ​៣ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។ ចំណែក​ក្រុម​ឈរ​លំដាប់​ទី​២ បឹងកេត​អង្គរ ធ្វើដំណើរ​ទៅ​កីឡដ្ឋាន​ខេត្ត​កំពង់ ដើម្បី​ជួប​ប្រកួត​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​រក​៣​ពិន្ទុ​បន្ថែម​សម្រាប់​ត្រៀម​ឈរ​លំដាប់​ទី​១ ហើយ​ក្រុម​នេះ​អាច​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​សប្តាហ៍​នេះ ប្រសិនបើ​អាស៊ី​អឺរ៉ុប​អាច​ទប់ទល់ ឬ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​។ 
 
​ក្នុង​ពូ​ល B ដដែល​ក្រុម​ឈរ​លេខ​១​ពូ​ល F នៃ​វគ្គ​ជម្រុះ ខេត្តស្ទឹងត្រែង ក្រោយពី​អាច​ទប់​ជាមួយ​ក្រុម​បឹងកេត​អង្គរ កាលពី​សប្តាហ៍​ទី​៥ ដោយ​លទ្ធផល ៥-៤ ស្វាគមន៍​ក្រុម​ភ្ញៀវ​ឡើងមក​ពី​វគ្គ​ជម្រុះ​ដូចគ្នា​គឺ​ខេត្តព្រៃវែង ដែលជា​ក្រុម​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ឈ្នះ​សម្រាប់​ការប្រកួត​ជម្រុះ​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​នេះ​។ 
 
​ចំណែក​ក្នុង​ពូ​ល A ជា​ជំនួប​រវាង​ក្រុម​ដែល​ឡើង​ពី​វគ្គ​ជម្រុះ​តាម​ខេត្ត​ដូចគ្នា គឺ​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នឹង​បើកទ្វារ​កីឡដ្ឋាន​សាកលវិទ្យាល័យ​ឡាយ​ហ្វ​ខេត្ត​ព្រះសីហនុ ស្វាគមន៍ ក្រុម​លេខ​២​ពូ​ល A នៃ​វគ្គ​ជម្រុះ ខេត្តកណ្តាល​។ ចំណែក​យុវជន​បឹងកេត​កំពង់ចាម ប្រើ​កីឡដ្ឋាន​របស់ខ្លួន ចំការកៅស៊ូ​កំពង់ចាម ស្វាគមន៍​ក្រុម​ភ្ញៀវ​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដែលជា​ក្រុម​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល A​។ 
 
​ជាមួយគ្នានេះ ក្រុប​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ព្រះខ័ន​រាជ​ស្វាយរៀង នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​លេខ​១​ពូ​ល D នៃ​វគ្គ​ជម្រុះ ខេត្តកំពង់ឆ្នាំង ដែលជា​ក្រុម​កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​២​ក្នុង​ពូ​ល​។ ក្រុម​នេះ​មាន​៧​ពិន្ទុ​ស្មើ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​មាន​៦​ពិន្ទុ ប៉ុន្តែ​៧​ពិន្ទុ​របស់​ខេត្តកំពង់ឆ្នាំង​ក្នុងការ​ប្រកួត​៣​លើក ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រឹមតែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​៕ 
    
​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​១៨ ខែឧសភា នេះ​៖
​ពូ​ល A៖
-​ម៉ោង​៣:៣០-​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជួប ខេត្តកណ្តាល នៅ​កីឡដ្ឋាន​សាកលវិទ្យាល័យ​ឡាយ​ហ្វ​ខេត្ត​ព្រះសីហនុ​
-​ម៉ោង​៣:៣០-​យុវជន​បឹងកេត​កំពង់ចាម ជួប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​ចំការកៅស៊ូ​កំពង់ចាម​
-​ម៉ោង​១៨:០០-​ព្រះខ័ន​រាជ​ស្វាយរៀង ជួប ខេត្តកំពង់ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
​ពូ​ល B៖
-​ម៉ោង​៣:៣០-​ខេត្តស្ទឹងត្រែង ជួប ខេត្តព្រៃវែង នៅ​ពហុ​កីឡដ្ឋាន​ខេត្តស្ទឹងត្រែង​
-​ម៉ោង​៣:៣០-​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ជួប បឹងកេត​អង្គរ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
-​ម៉ោង​៣:៣០-​ក្រសួងការពារជាតិ ជួប អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។  

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com