ជាតិ
ភ្ញៀវ​ចាប់ផ្តើម​ធ្លាក់ចុះ​ព្រោះ​ខែ​Low Season ចូលមក​ដល់​
18, May 2016 , 3:34 pm        
រូបភាព
​សៀមរាប​៖ ខែ Low Season ឫ​រដូវ​ស្ងាត់​ភ្ញៀវ បាន​ចូល​មកដល់​ខេត្តសៀមរាប បន្ទាប់ពី​ចូលឆ្នាំ​ហើយ​។ សព្វថ្ងៃនេះ នៅតាម​ផ្ទះសំណាក់ ឫ​សណ្ឋាគារ​មួយចំនួន កំពុង​សល់​បន្ទប់​ច្រើន និង​ខ្លះទៀត ក៏បាន​ប្រកាស​កាត់បន្ថយ​បុគ្គលិក​ផងដែរ​។​



​គេ​អាច​និយាយបានថា សេដ្ឋកិច្ច​ខេត្តសៀមរាប គឺ​ពឹងផ្អែក​សំខាន់ លើ​ភ្ញៀវទេសចរ​។ ពុំ​សូវ​មាន​អាគារ​ពាណិជ្ជកម្ម​ទេ តែ​សៀមរាប​សម្បូរ​ដោយ​ផ្ទះសំណាក់ ប៉ូ​ទិ​ក និង​សណ្ឋាគារ រីក​ព្រោងព្រាត​។

​ចង់​ឫ​មិន​ចង់ ដល់​ខែ Low season មក គឺ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប មិនសូវ​ល្អប្រសើរ​ទេ​។ អាជីវកម្ម​ស្ទើរ​គ្រប់​ប្រភេទ បាន​ជួប​ការលំបាក និង​ស្ទើ​មិនអាច​ទប់ទល់​ទៅនឹង​ថ្លៃ​ចំណាយបាន​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប លោក ផាវ ព្រឿ​ន បាន​និយាយថា ភាគច្រើន​ម្ចាស់​សណ្ឋាគារ នៅ​ទីក្រុង​សៀមរាប គឺ​ពួកគេ​តែង​និយាយថា «​រក​ខែ​សម្បូរ​ភ្ញៀវ ដើម្បី​ទប់ទល់​ខែ​ស្ងាត់​ភ្ញៀវ​»​។ ចំពោះ Low season នៅ​ឆ្នាំនេះ លោក ព្រឿ​ន កត់សម្គាល់​ឃើញថា រៀង​ស្ងាត់​ជាង​ឆ្នាំមុន​បន្តិច​។ ហេតុផល​លោក​ពន្យល់ថា ដោយសារ​អាកាសធាតុ​ប្រែប្រួល ក្តៅ​ខ្លាំង ទើប​ពុំ​សូវ​មាន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​។​

​យ៉ាងណាមិញ លោក ព្រឿ​ន ដែល​ធ្វើការ​ជិតស្និទ្ធ​នឹង​វិស័យ​ទេសចរណ៍ បាន​បញ្ជាក់ថា ប៉ូ​ទិ​ក​មួយចំនួន នៅតែ​អាច​រក​ភ្ញៀវ​បាន តាមរយៈ​អន​ឡាញ ដែល​ភ្ញៀវ​ភាគច្រើន គឺ​ចូលចិត្ត​ដំណើរ​កម្សាន្ត​ជា​ឯកជន ឫ​ជា​ដៃគូ​។ ពួកគេ​ចូលចិត្ត​ចំណាយ​តិច និង​ស្នាក់នៅ​បានយូរ​។ នេះ​ជាការ​លើកឡើង​របស់លោក ព្រឿ​ន មុននឹង​លោក​បន្ថែមថា ពុំ​សូវ​មាន​ភ្ញៀវ​មក​តាមរយៈ​ក្រុមហ៊ុន​ធំៗ​នោះទេ ការណ៍​នេះ​ធ្វើ​ឲ្យ​សណ្ឋាគារ​ខ្លះ កាត់បន្ថយ​បុគ្គលិក​ដោយមាន​ការព្រម​ព្រៀង​ពីគ្នា​ទៅវិញទៅមក​។ «​មុន​ចូលធ្វើ​បុគ្គលិក​បាន​និយាយ​ជាមួយ​ថៅកែ​រួចហើយ គឺ​ពួកគេ​នឹង​ឈប់​អំឡុងពេល​ខែ​Low​មក​។ ជាទូទៅ​នៅ​ចុងខែ ៩​ទើប​ពួកគេ​ចូលធ្វើការ​វិញ​»​។ លោក ព្រឿ​ន​បន្ថែម​។​

​ដោយសារ​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ស្រាប់ និង​ឧស្សាហ៍​ជួប​ម្ចាស់​សណ្ឋាគារ ប៉ូ​ទិ​ត​ផង​នោះ លោក ព្រឿ​ន ក៏​តែង​បាន​ស្តាប់​ពី​ការ​ត្អួ​ញ​ត្អែ​។ ការ​ត្អួ​យ​ត្អែ​ពួកគេ គឺថា ប្រឹងរក​ខែ High (​ខ្ពស់​) ទប់ទល់​នឹង​ខែ Low (​ធ្លាក់​)​។​

​ងាក​ទៅខាង​តំបន់​កំពង់​ភ្លុក ទន្លេសាប​នោះ​វិញ ក៏​ពុំ​សូវ​មាន​ទេសចរ​ទៅលេង​ដែរ​។ គ្មាន​ទឹកជា​រឿង​មួយ ដែល​មិនសូវ​ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តំបន់​ផ្ទះ​លិច​ទឹក​មួយ​នេះ​។ តាម​ការបញ្ជាក់​ពី​ប្រធាន​សហគមន៍​កាណូត​កំពង់​ភ្លុក លោក ប៉ាន់ សាយ បា​នប​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​មាន​ទេសចរ​ពី​១០​ទៅ​៣០​នាក់​ប៉ុណ្ណោះ ដែល​ទៅ​កម្សាន្ត​ក្នុង​តំបន់​នេះ​។​

​ក្នុង​ខែ​នេះ លោក រស់ សណ្តាន ដែលជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​រុស្ស៊ី មាន​ពេលទំនេរ​ច្រើន​។ លោក សណ្តាន ប្រាប់ថា ភ្ញៀវ​ជនជាតិ​រុស្ស៊ី​ចាប់ផ្តើម​ធ្លាក់ចុះ​រយៈពេល​យូរ​ខែ​មកហើយ​។

​គួរ​បញ្ជាក់ថា តួលេខ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប​បង្ហាញថា ជនជាតិ​ចិន គឺជា​ភ្ញៀវទេសចរ​ឈរ​លេខ​រៀង​ទី​១ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​ច្រើនជាងគេ ហើយ​អំឡុង​ខែ​ស្ងាត់​ភ្ញៀវ​នេះ វត្តមាន​ពួកគេ​នៅតែមាន​ចំនួន​ច្រើន បើ​ធៀប​នឹង​ជនជាតិ​ដទៃ​៕


© រក្សាសិទ្ធិដោយ thmeythmey.com