កីឡាអន្តរជាតិ
អន្តរជាតិ
Euro2016៖ ពូ​ល B មាន អង់គ្លេស រុស្ស៊ី ស្លូ​វ៉ា​គី និង​វេ​លស៍​
19, May 2016 , 7:39 am        
រូបភាព
ដោយ: រួបរួម
 ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ (UEFA EURO 2016) នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដោយមាន​២៤​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ចំនួន​១០​ក្នុងប្រទេស​បារាំង ដោយមាន​ការបែងចែក​ជា​៦​ពូ​ល​។

 
​បន្ទាប់ពី​ពូ​ល A ថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ សូម​ផ្តល់ព័ត៌មាន​សង្ខេប​ទាក់ទង​នឹង​ក្រុម​ជម្រើសជាតិ​ដែល​ស្ថិតនៅក្នុង​ពូ​ល B​។ អង់គ្លេស​គឺជា​ក្រុម​ដែល​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ជាងគេ ប៉ុន្តែ​នៅក្នុង​ពូ​ល​នេះ មានតែ​រុស្ស៊ី ប៉ុណ្ណោះ ធ្លាប់​ឈ្នះ​ជើងឯក​ក្នុងនាម​ជា​សហភាពសូវៀត កាលពី​ឆ្នាំ​១៩៦០ ខណៈ​វេ​លស៍ និង​ស្លូ​វ៉ា​គី បង្ហាញ​វត្តមាន​ជា​លើកដំបូង​។​
 
​អង់គ្លេស​ដឹកនាំ​ដោយ​លោក Roy Hodgson ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១២ មក​។ ក្រុម​មួយ​នេះ​មាន​រហស្សនាម​ថា «Three Lions» ឬ​ហៅ​ជា​សាមញ្ញ​ថា «​តោ​កំណាច​»​។ ថ្វីត្បិតតែ​ជា​ក្រុម​ដែល​ពោ​ពេញ​ទៅ​ប្រជាប្រិយភាព​ក៏ដោយ តែតោ​កំណាច​អង់គ្លេស មាន​ប្រវត្តិ​ចូល​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពីរលើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​១៩៦៨ និង​ឆ្នាំ​១៩៩៦ ។​ 
 
​រុស្ស៊ី​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​របស់​ខ្លួន គឺ​លោក Leonid Slutski ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៥ មក​។ នា​ការសម្ពោធ​ព្រឹត្តិការណ៍​នេះ  ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦០ រុស្ស៊ី ដែល​កាលពីមុន​ជា​សហភាពសូវៀត បានឈ្នះ​តំណែង​ជើងឯក ហើយ​បន្ត​បន្ទាប់មក ពួកគេ​បានបង្ហាញ​វត្តមាន​ជាប្រចាំ​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះ  ដោយបាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ឆ្នាំ​១៩៦៤ ឆ្នាំ​១៩៧២ និង​ឆ្នាំ​១៩៨៨ ។​

 
​ស្លូ​វ៉ា​គី មាន​លោក Jan Kozak ជា​គ្រូបង្វឹក​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៣ មក​។ កាលពី​មិនទាន់​ការបែកបាក់​គ្នា ឆេ​កូ​ស្លូ​វ៉ា​គី ធ្លាប់​ឈ្នះ​ជើងឯក​អឺរ៉ុប​កាលពី​ឆ្នាំ​១៩៧៦ ដោយ​ឈ្នះ​អាល្លឺម៉ង់​ខាងលិច​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ បើ​គិត​ចាប់តាំងពី​ការប្រកាស​ឯករាជ្យ​មក នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់​ស្លូ​វ៉ា​គី ក្នុង​ព្រឹត្តិការណ៍ EURO​។​

 
​វេ​លស៍ ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក Chris Coleman ចាប់ពី​ដើមឆ្នាំ​២០១២ មកម្ល៉េះ​។ ក្រុម​នេះ​មាន​រហស្សនាម​ថា Dreigiau (​នាគ​)​។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​បែ​ល​ហ្សិ​ក ១-០ ដែល​សម្រេចបាន​ដោយ Gareth Bale បាន​នាំ​ឲ្យ​វេ​លស៍ កក់ក្តៅ​នៅ​វគ្គ​ចាប់​ពូ​ល Euro ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​៕

ព័ត៌មានទាក់ទង​នឹងពូលនីមួយៗ៖
ពូល A http://www.thmeythmey.com/?page=detail&ctype=article&id=39954&lg=kh

ពូល B http://www.thmeythmey.com/?page=detail&ctype=article&id=39979&lg=kh

ពូល C http://www.thmeythmey.com/?page=detail&ctype=article&id=40010&lg=kh

ពូល D http://www.thmeythmey.com/?page=detail&ctype=article&id=40076&lg=kh

ពូល E http://www.thmeythmey.com/?page=detail&ctype=article&id=40104&lg=kh

ពូល F http://www.thmeythmey.com/?page=detail&ctype=article&id=40126&lg=kh




 
 
 
   

Tag:
 Euro2016
  EuroGroupB
© រក្សាសិទ្ធិដោយ thmeythmey.com