កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ និង​ថា​យ​ហ្គឺ​រ រក្សា​គម្លាត​នាំមុខ​ពូ​ល A ខណៈ​ការពារជាតិ និង​បឹងកេត វ៉ា​ដាច់​នៅ​ពូ​ល B
19, May 2016 , 11:28 am        
រូបភាព
ដោយ:
 
 
​នា​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន សប្តាហ៍​ទី​៧ កាលពី​ម្សិលមិញ ក្រសួងការពារជាតិ​(​ទ័ព​) ស៊ី អាស៊ី​អឺរ៉ុប ៣-១ ខណៈ​ក្រុម​បឹងកេត​អង្គរ និង​ព្រះខ័ន​រាជ​ស្វាយរៀង​លត់​ក្រុម​ខេត្ត ១២-0 ដូចគ្នា​។ ចំណែក​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លត់​យុវជន​បឹងកេត​កំពង់ចាម ៨-១ ឬ​ឯ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បំបាក់ ខេត្តកណ្តាល ៦-១ ចំណែក​ខេត្តស្ទឹងត្រែង តាម​ត្រឹម​ស្មើ​ជាមួយ​ខេត្តព្រៃវែង ១-១​។​

 
​គ្រាន់តែ​ចាប់ផ្តើម​ការប្រកួត​តង់​ទី​១​ភ្លាម​នៅ​នាទី​ទី​២ កីឡាករ ឈិន ឈឿន របស់​ក្រសួងការពារជាតិ​បា​នរក​គ្រាប់​បាល់​មួយ​គ្រាប់​ជូន​ក្រុម​របស់ខ្លួន ដើម្បី​នាំមុខ​អាស៊ី​អឺ​រុ​ប ១-០ លុះដល់​នាទី​ទី​១៤ កីឡាករ ជិន ជុំ បានសម្រេច​គ្រាប់​បាល់​ជូន​អាស៊ី​អឺរ៉ុប​មួយ​គ្រាប់​ផងដែរ សម្រាប់​នាំ​ក្រុម​របស់ខ្លួន​ស្មើ​ជាមួយ​ទ័ព​ក្នុង​លទ្ធផល ១-១​។  
 
 
​នៅ​នាទី​ទី​៤៦ ប្រធាន​ក្រុមរ​បស់ទ័ព ភួង សុខ​សា​ណា ស​ម្រ​ច​បាន​មួយ​គ្រាប់ លុះដល់​នាទ​ទី​៧៨ ទ័ព សម្រេច បាន​មួយ​គ្រាប់​បន្ថែមទៀត ដោយ​កីឡាករ កែ វណ្ណៈ ក្រោយ​បញ្ចប់​ការប្រកួត​ទាំងពីរ​តង់​ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​លើ​ក្រុម អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ក្នុង​លទ្ធផល ៣-១ ទាំង​លំបាក​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ ក្រសួងការពារជាតិ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​បន្ត​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល B ជា​បណ្តោះអាសន្ន ដោយមាន​១២​ពិន្ទុ​។​
 
​ជាមួយគ្នានេះ ក្រុម​បឹងកេត​អង្គរ និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​លត់​ក្រុម​ដែល​ឡើង​មកពី​វគ្គ​ជម្រុះ​តាម​ខេត្ត ១២-០ ដូចគ្នា ដោយ​បឹងកេត​អង្គរ លត់​ក្រុម​ម្ចាស់ផ្ទះ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នៅក្នុង​ពូ​ល B ឬ​ឯ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លត់​ខេត្ត​កំពង់​ឆ្នាំ នៅក្នុង​ពូ​ល A នៅលើ​ទឹកដី​របស់ខ្លួន​។ ចំណែក ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លត់​ក្រុម​ម្ចាស់ផ្ទះ​យុវជន​បឹងកេត​កំពង់ចាម ៦-១ នៅក្នុង​ពូ​ល A ផងដែរ​។
 
 
​ដោយឡែក ការប្រកួត​រវាង​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​តាម​ខេត្ត ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​ប្រើ​កីឡដ្ឋាន​នៃ​សាកលវិទ្យាល័យ​ឡាយ​ហ្វ​ខេត្ត​ព្រះសីហនុ លត់​ក្រុម ខេត្តកណ្តាល ៦-១ នៅក្នុង​ពូ​ល A​។ ចំណែក​នៅក្នុង​ពូ​ល B ខេត្ត​ស្ទឺ​ង​ត្រែង ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​ក្រុម ខេត្តព្រៃវែង បន្ទាប់ពី​រក្សា​លទ្ធផល ១-១ នៅ​កីឡដ្ឋាន​ខេត្តស្ទឹងត្រែង​។​
 
​នៅក្នុង​ពូ​ល A ព្រះខ័ន​រាជ​ស្វាយរៀង រក្សា​តំណែង​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយមាន​១២​ពិន្ទុ ក្រុម​លេខ​២ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មាន​១០​ពិន្ទុ ឈរ​ពីលើ​ខេត្តកំពង់ឆ្នាំង (៧​ពិន្ទុ​) កំពង់ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហនុ ៦​ពិន្ទុ ខណៈ​យុវជន​បឹងកេត​កំពង់ចាម និង​ខេត្តកណ្តាល ចាញ់​ទាំង​៤​ប្រកួត​។​  
   
​សម្រាប់​ពូ​ល B ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ ឈ្នះ​ទាំង​៤​ប្រកួត​ដូចគ្នា ដោយមាន​១២​ពិន្ទុ​។ ក្រុម​៤​ផ្សេងទៀត​ស្ថិតនៅ​គម្លាត​យ៉ាង​ឆ្ងាយ ដោយ​អាស៊ី​អឺរ៉ុប មាន​៦​ពិន្ទុ ខេត្តស្ទឹងត្រែង​៤​ពិន្ទុ ខេត្តព្រៃវែង​១​ពិន្ទុ ខណៈ​ខេត្តកំពង់ធំ មិនទាន់មាន​ពិន្ទុ​រាប់​នៅឡើយ​។​
 
​លទ្ធផល​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ថ្ងៃទី​១៨ ខែឧសភា ៖
​ពូ​ល A៖
-​ម៉ោង​៣:៣០-​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ៦-១ ខេត្តកណ្តាល នៅ​កីឡដ្ឋាន​សាកលវិទ្យាល័យ​ឡាយ​ហ្វ​ខេត្ត​ព្រះសីហនុ​
-​ម៉ោង​៣:៣០-​យុវជន​បឹងកេត​កំពង់ចាម ១-៨ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​ចំការកៅស៊ូ​កំពង់ចាម​
-​ម៉ោង​១៨:០០-​ព្រះខ័ន​រាជ​ស្វាយរៀង ១២-០ ខេត្តកំពង់ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
​ពូ​ល B៖
-​ម៉ោង​៣:៣០-​ខេត្តស្ទឹងត្រែង ១-១ ខេត្តព្រៃវែង នៅ​ពហុ​កីឡដ្ឋាន​ខេត្តស្ទឹងត្រែង​
-​ម៉ោង​៣:៣០-​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ០-១២ បឹងកេត​អង្គរ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
-​ម៉ោង​៣:៣០-​ក្រសួងការពារជាតិ ៣-១ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។​
 
   
 
  

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com