កីឡាអន្តរជាតិ
អន្តរជាតិ
Euro2016៖ ពូ​ល C មាន អាល្លឺម៉ង់ អៀរ​ឡង់​ខាងជើង ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​
20, May 2016 , 7:39 am        
រូបភាព
ដោយ: រួបរួម
 
 
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ (UEFA EURO 2016) នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដោយមាន​២៤​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ចំនួន​១០​ក្នុងប្រទេស​បារាំង ដោយមាន​ការបែងចែក​ជា​៦​ពូ​ល​។

 
​បន្ទាប់ពី​ពូ​ល A និង​ពូ​ល B ថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ សូម​ផ្តល់ព័ត៌មាន​សង្ខេប​ទាក់ទង​នឹង​ក្រុម​ជម្រើសជាតិ​ដែល​ស្ថិតនៅក្នុង​ពូ​ល C​។ អាល្លឺម៉ង់​គឺជា​ក្រុម​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​ពូ​ល ដោយ​ធ្លាប់​ឈ្នះ​ជើងឯក​អឺរ៉ុប​៣​លើក ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន ធ្លាប់​ឈានចូល​ដល់​វគ្គ​នេះ ខណៈ​អៀរ​ឡង់​ខាងជើង បង្ហាញខ្លួន​ជា​លើកដំបូង​។​
 
​លោក Joachim Low ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០០៦ ហើយ​បាន​នាំ​ក្រុម​ឥន្ទ្រី​ដែក (​ឬ DFB-Elf) ឈ្នះ​ជើងឯក World Cup កាលពី​ឆ្នាំ​២០១៤ ។ សម្រាប់​ប្រវត្តិ​នៅក្នុង EURO អាល្លឺម៉ង់​ធ្លាប់​ឈ្នះ​ជើងឯក​បី​លើក គឺ​ឆ្នាំ​១៩៧២ ឆ្នាំ​១៩៨០ ក្នុងនាម​ជា​ប្រទេស​អាល្លឺម៉ង់​ខាងលិច និង​ឆ្នាំ​១៩៩៦ ក្រោយ​ការបង្រួបបង្រួម​ប្រទេស​។​
 
​អៀរ​ឡង់​ខាងជើង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Michael O’ Neill ចាប់តាំងពី​ចុងឆ្នាំ​២០១១ មក​។ ក្រុម​ដែល​អ្នកគាំទ្រ​របស់ខ្លួន​ហៅថា Norn Iron មួយ​នេះ មិន​ធ្លាប់មាន​ប្រវត្តិ​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ EURO ឡើយ ប៉ុន្តែ​ពួកគេ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​នៅ​វគ្គ​ជម្រុះ ដោយបាន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅក្នុង​ពូ​ល F ។​
 
​ប៉ូឡូញ មាន​លោក Adam Nawalka ដឹកនាំ​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៣ មក​។ ក្រុម​នេះ​មាន​រហស្សនាម​ថា Bialo-czerwoni (​ស និង​ក្រហម​) ដោយបាន​ឈានចូល​វគ្គ​ចែក​ពូ​ល​លើកដំបូង​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១២ នៅពេលដែល​ពួកគេ​ធ្វើជា​សហ​ម្ចាស់ផ្ទះ​។ 
 
​លោក Mykhailo Fomenko បាន​ដឹកនាំ​បង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ចុងឆ្នាំ​២០១២ ។ អ៊ុយ​ក្រែ​ន ដែលមាន​រហស្សនាម​ថា Synyo-Zhovti (​ខៀវ និង​លឿង​) គឺ​ធនធាន​មួយ​របស់​អតីត​សហភាពសូវៀត​ដែល​បានឈ្នះ​ពាន​កាលពី​ឆ្នាំ​១៩៦០ ។ ក្រោម​ទង់​របស់​អ៊ុយ​ក្រែ​ន នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ពួកគេ​នៅ​វគ្គ​ចែក​ពូ​ល បន្ទាប់ពី​ពួកគេ​ធ្វើជា​សហ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១២ ៕​
   
ព័ត៌មានទាក់ទង​នឹងពូលនីមួយៗ៖
ពូល A http://www.thmeythmey.com/?page=detail&ctype=article&id=39954&lg=kh

ពូល B http://www.thmeythmey.com/?page=detail&ctype=article&id=39979&lg=kh

ពូល C http://www.thmeythmey.com/?page=detail&ctype=article&id=40010&lg=kh

ពូល D http://www.thmeythmey.com/?page=detail&ctype=article&id=40076&lg=kh

ពូល E http://www.thmeythmey.com/?page=detail&ctype=article&id=40104&lg=kh

ពូល F http://www.thmeythmey.com/?page=detail&ctype=article&id=40126&lg=kh



Tag:
 Euro2016
  EuroGroupC
© រក្សាសិទ្ធិដោយ thmeythmey.com