ជាតិ
ក្រសួង​មុខងារសាធារណៈ នឹង​ចុះ​ពិនិត្យ​បញ្ជី​វត្តមាន​មន្ត្រីរាជការ​តាម​ស្ថាប័នរដ្ឋ ដោយ​ស្ងាត់ៗ​
20, May 2016 , 8:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រសួង​មុខងារសាធារណៈ ប្រកាសថា​នឹង​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​បញ្ជី​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​។ ប្រតិបត្តិការ​នេះ នឹង​មិនមាន​ការជូន​ដំណឹង​ជាមុន​ដល់​ក្រសួង ស្ថាប័ន​ទាំងអស់​នោះឡើយ​។​


​បើតាម​លោក ជុប មុន្នី អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AKP នៅ​ថ្ងៃទី​១៨​ខែឧសភា មានប្រសាសន៍ថា ក្រុមការងារ​ក្រសួង​មុខងារសាធារណៈ នឹង​ទៅ​ត្រួតពិនិត្យ​បញ្ជី​វត្តមាន​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ​ទាំងអស់ ដើម្បី​ស្រាវជ្រាវ​រក​ភាពមិនប្រក្រតី​លើ​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​។ លោក​បន្ថែមថា ការចុះ​ត្រួត​ពិ​និ ត្យ​នេះ នឹង​មិនមាន​ការជូន​ដំណឹង​ដល់​ក្រសួង ឬ​ស្ថាប័ន​ទាំងនោះ​ជាមុន​ឡើយ​។​
 
​លោក ជុប មុន្នី អះអាងថា ការគ្រប់គ្រង​បញ្ជី​វត្តមាន​មន្ត្រីរាជការ​បានល្អ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ​ជា​បន្តបន្ទាប់​។​
​អនុរដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​រូបនេះ លើកឡើង​ទៀតថា នីតិវិធី​គ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ ត្រូវធ្វើ​ទៅតាម​ឋានានុក្រម ពោលគឺ​មន្ត្រី ដែលមាន​ឋា​នុ​ក្រម​ខ្ពស់ ត្រូវ​គ្រប់គ្រង​វត្តមាន​មន្ត្រី ដែលមាន​ឋានៈ​ទាប​ជាង​។  លោក​ពន្យល់ថា   អគ្គនាយក​ត្រូវ​ពិនិត្យ​វត្តមាន​អគ្គនាយករង និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​។ ចំណែក​ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​វត្តមាន​លើ​អនុប្រធាននាយកដ្ឋាន និង​ប្រធានការិយាល័យ ខណៈដែល​ប្រធានការិយាល័យ ត្រូវ​មើល​វត្តមាន​អនុប្រធាន​ការិយាល័យ និង​មន្ត្រីក្រោមឱវាទ​។​
 
​បើ​យោងតាម​អនុក្រឹត្យ​លេខ​៥៦​ស្តីពី​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា កំណត់ថា មន្ត្រីរាជការ​ស៊ីវិល​ត្រូវ​អនុវត្តន៍​កាតព្វកិច្ច​ការងារ​រយៈ​ពេល​៨​ម៉ោង​ក្នុង​មួយថ្ងៃ និង​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ឬ​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​។ ករណី​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​ចាប់ពី​៥​ថ្ងៃ ដល់​១០​ថ្ងៃ​ក្នុង​មួយឆ្នាំ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឡើង ថ្នាក់ ឬ​ឋានន្តរស័ក្តិ​ប្រចាំឆ្នាំ​ឡើយ​។ ដោយឡែក​ការ​អវត្តមាន​គ្មាន​ច្បាប់​ជាប់ៗ​គ្នា​ចាប់ពី​១៥​ថ្ងៃ​ឡើងទៅ នឹងត្រូវ ចាត់វិធានការ​ផ្អាក​ប្រាក់បៀវត្សរ៍ ឬ​ដាក់ទណ្ឌកម្ម​លុបឈ្មោះ​ចេញពី​បញ្ជី​ក្របខណ្ឌ​៕
 
 
 

Tag:
 ជុប មុន្នី​
  វត្តមាន​មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com