កីឡាជាតិ
ជាតិ
កីឡាករ​កីឡាការិនី​កម្ពុជា ៦​រូប​នឹងចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​
20, May 2016 , 8:39 pm        
រូបភាព
ដោយ:
​ក្រោយពី​ទទួលបាន​សិទ្ធិ និង​ការអនុគ្រោះ​នាពេល​កន្លងមក កីឡាករ​កីឡាការិនី​ផ្នែក​អត្តពលកម្ម ហែល​ទឹក តេ​ក្វាន់​ដូ និង​ចំបាប់​បូរាណ របស់​កម្ពុជា​ចំនួន​៦​រូប នឹងចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ Olympic Games 2016 នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា​ខាងមុខនេះ​។ គួរ​បញ្ជាក់ថា ក្នុងចំណោម​កីឡាករ​ទាំងអស់​មានតែ​កីឡាការិនី ស៊ន សៀវ​ម៉ី ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ដោយ​មិនបាច់​ប្រើ WILD CARD​។ 



​កីឡាករ​កីឡាការិនី​កម្ពុជា​ចំនួន​៦​រូប រួមមាន កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី​, កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី និង​កីឡាករ ពូ សុវិជ្ជា​, កីឡាការិនី​អត្តពលកម្ម​ផ្នែក​ម៉ារ៉ាតុន លី ណា​រី និង​កីឡាករ​ជនជាតិ​ជប៉ុន​សញ្ជាតិ​ខ្មែរ NEKO នឹងចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​លោក​បាន​បន្តថា ក្នុងចំណោម​កីឡាករ​កីឡាការិនី​ទាំង​៦​រូបនោះ គឺ​មានតែ​កីឡាការិនី ស៊ន សៀវ​ម៉ី ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​សិទ្ធ​ចូលរួម​ប្រកួត​តាមរយៈ​ការប្រើ​សមត្ថភាព​ផ្ទាល់ខ្លួន ដោយ​រូបគេ​ដណ្តើមបាន​មេដាយមាស​នៅក្នុង​ការប្រកួត​ជម្រុះ​អូឡាំពិក នៅ​ប្រទេស​ម៉ាឡេស៊ី​។ ចំណែក​កីឡាករ​កីឡាការិនី​ឯទៀត គឺ​តាមរយៈ​សិទ្ធ​អនុគ្រោះ​ប៉ុណ្ណោះ WILD CARD​។​

​ដោយឡែក កីឡាការិនី​ចំបាប់​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចូ​វ សុធា​រ៉ា ទោះបីជា​បរាជ័យ​ក្នុងការ​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​នៅ​ប្រទេស​តួ​ក​គី​ក៏ដោយ ប៉ុន្តែ​ដោយសារ​កីឡាការិនី​ចំបាប់​ជើងចាស់​ម្នាក់នេះ​ធ្វើបាន​ល្អ​នៅក្នុង​ការប្រកួត នោះ​គណៈកម្មការ​សម្រេច​ផ្តល់​សិទ្ធ​អនុគ្រោះ WILD CARD ឲ្យ​កីឡាការិនី ចូ​វ សុធា​រ៉ា ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ខាងមុខនេះ​។ ហើយ​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នេះ ចូ​វ សុធា​រ៉ា នឹងធ្វើ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៤៨​គីឡូក្រាម​។​

​លោក​អគ្គលេខាធិការ NOCC រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​មកទល់ពេលនេះ​យើង​បាន​ចុះឈ្មោះ​ជាបឋម​ចំនួន​៦​នាក់​ហើយ​សម្រាប់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​រី​យ៉ូ ក្នុងនោះ​កីឡាការិនី​តេ​ក្វាន់​ដូ​ម្នាក់ កីឡាអត្តពលកម្ម​២​នាក់ កីឡាហែលទឹក​២​នាក់ ហើយ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា ម្នាក់ទៀត ក្រោយពី​រូបគេ​ធ្វើបាន​ពិន្ទុ​ល្អ​នៅក្នុង​ការប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស​តួ​ក​គី ទោះបី​មិនជា​ប់​ចំណាត់ថ្នាក់​ក៏ដោយ​»​។
 
​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​ត្រៀប​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ Olympic Games 2016 នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល កីឡាករ​កីឡាការិនី​កម្ពុជា បាននិងកំពុង​ធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​មួយចំនួន ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ ឬ​ឯ​កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ចំ​ណែ​កីឡាការិនី លី ណា​រី ហ្វឹកហាត់​នៅ​ប្រទេស​កេ​ន​យ៉ា និង​កីឡាករ NEKO កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​។​

​គួរ​បញ្ជាក់ថា កីឡាការិនី​រត់​ចម្ងាយ លី ណា​រី និង​កីឡាករ​ជនជាតិ​ជប៉ុន​សញ្ជាតិ​ខ្មែរ NEKO នឹងធ្វើ​ការប្រកួត​ក្នុង​រយៈ​ចម្ងាយ​៤២​គីឡូម៉ែត្រ​។ ហើយ លី ណា​រី ជា​កីឡាការិនី​កម្ពុជា​ម្នាក់​គត់​ដែល​រត់​ក្នុង​រយៈ​ចម្ងាយ ៤២​គីឡូម៉ែត្រ​ប្រើ​រយៈពេល​តិចជាង​៣​ម៉ោង​។ ហើយ​ចំនួន​កីឡាករ​កីឡាការិនី​៦​នាក់​ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នេះ​អាចមាន​ការប្រែប្រួល ព្រោះ​នៅមាន​សហព័ន្ធ​មួយចំនួន​កំពុង​ត្រៀម​បញ្ជូន​កីឡាករ​របស់ខ្លួន​ចូលរួម​ប្រកួត​ជម្រុះ​អូឡាំពិក​ផងដែរ​៕


Tag:
 កីឡា​អូឡាំពិក​
  ​វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com