កីឡាអន្តរជាតិ
Euro2016៖ ពូ​ល D មាន ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ សាធារណរដ្ឋ​ឆែក តួ​ក​គី និង​ក្រូ​អាស៊ី​
21, May 2016 , 4:40 pm        
រូបភាព
ដោយ: រួបរួម
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ (UEFA EURO 2016) នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដោយមាន​២៤​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ចំនួន​១០​ក្នុងប្រទេស​បារាំង ដោយមាន​ការបែងចែក​ជា​៦​ពូ​ល​។

 
​បន្ទាប់ពី​ពូ​ល A ពូ​ល B និង​ពូ​ល C ថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ សូម​ផ្តល់ព័ត៌មាន​សង្ខេប​ទាក់ទង​នឹង​ក្រុម​ជម្រើសជាតិ​ដែល​ស្ថិតនៅក្នុង​ពូ​ល D​។ អេ​ស្ប៉ា​ញ នឹង​ចាប់ផ្តើម​យុទ្ធនាការ​ដើម្បី​ការពារ​ជើងឯក​របស់ខ្លួន និង​ស្វះស្វែង​លើក​ពាន​ជា​លើក​ទី​៤ ដូចជា​ស្លូ​វ៉ា​គី​ផងដែរ សាធារណរដ្ឋ​ឆែក​ធ្លាប់មាន​ប្រវត្តិ​លើក​ពាន​១​លើក​ក្នុងនាម​ជា​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី តួ​ក​គី​ធ្លាប់​ចូលដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រូ​អាស៊ី ធ្លាប់​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
 

 យុគសម័យ​មាស​របស់​អេ​ស្ប៉ា​ញ បានកើត​ឡើង​ក្រោម​ការដឹកនាំ​របស់លោក Vicente del Bosque ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០០៨​មក​។ ពួកគេ​បានឈ្នះ​ជើងឯក World Cup នៅ​ឆ្នាំ​២០១០ និង​ឈ្នះ​ជើងឯក EURO នៅ​ឆ្នាំ​២០១២ បន្ទាប់ពី​បានឈ្នះ​ពីរលើក​រួចហើយ​នៅ​ឆ្នាំ​១៩៦៤ និង​ឆ្នាំ​២០០៨​។ នេះ​ជា​ឱកាស​របស់​ក្លិប​ដែលមាន​រហស្សនាម​ថា La Roja ក្នុងការ​គ្រប់គ្រង​ពាន​អឺរ៉ុប​៣​លើក​ជាប់ៗ​គ្នា​។​
 


​សាធារណរដ្ឋ​ឆែក មាន​លោក Pavel Vrba ជា​គ្រូបង្វឹក​ចាប់តាំងពី​ដើមឆ្នាំ​២០១៤ មក​។ ដូចជា​ស្លូ​វ៉ា​គី​ផងដែរ ឆែក​មាន​ប្រវត្តិ​លើក​ពាន​ក្នុងនាម​ជា​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី កាលពី​ឆ្នាំ​១៩៧៦​។ បើ​គិត​ចាប់តាំងពី​ក្លាយជា​រដ្ឋ​ឯករាជ្យ​នៅ​ឆ្នាំ​១៩៩៤ សាធារណរដ្ឋ​ឆែក បង្ហាញខ្លួន​យ៉ាង​ទៀងទាត់​នៅ EURO ដោយបាន​ជាប់​លេខ​២​នៅ​ឆ្នាំ​១៩៩៦ និង​លេខ​៣​នៅ​ឆ្នាំ​២០០៤ ។​
 


​តួ​ក​គី​ដឹកនាំ​ដោយ​លោក Fatih Terim តាំងពី​ខែសីហា ឆ្នាំ​២០១៣ មក​។ ក្នុងចំណោម​ការបង្ហាញ​ខ្លួន​៤​លើក​កន្លងមក បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦ តួ​ក​គី​មាន​កំណត់ត្រា​ដ៏​ល្អ​របស់ខ្លួន គឺ​ការឈាន​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ​បាន​ចាញ់​អាល្លឺម៉ង់ ៣-២ ទាំង​ប្រផិតប្រផើយ​។​
 


​លោក Ante Cacic ទើបតែ​ចូល​ដឹកនាំ​ក្រូ​អាស៊ី នៅ​ខែកញ្ញា ឆ្នាំ​២០១៥ ។ បន្ទាប់ពី​ផ្តាច់​ចេញពី​យូ​ហ្គោ​ស្លា​វី​នៅ​ឆ្នាំ​១៩៩១ ក្រូ​អាស៊ី បានបង្ហាញ​ឥទ្ធិពល​ដ៏​រឹងមាំ​របស់ខ្លួន​នៅ​តំបន់​អឺរ៉ុប ដោយបាន​ឈានដល់​វគ្គ​ចុងក្រោយ​៥​លើក​ក្នុងចំណោម​ការព្យាយាម​៦​លើក​។ លទ្ធផល​ដ៏​ល្អ​បំផុត​របស់​ក្រូ​អាស៊ី គឺ​ការ​បង្ហាញខ្លួន​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ​១៩៩៦ និង​ឆ្នាំ​២០០៨៕


ព័ត៌មានទាក់ទង​នឹងពូលនីមួយៗ៖
ពូល A http://www.thmeythmey.com/?page=detail&ctype=article&id=39954&lg=kh

ពូល B http://www.thmeythmey.com/?page=detail&ctype=article&id=39979&lg=kh

ពូល C http://www.thmeythmey.com/?page=detail&ctype=article&id=40010&lg=kh

ពូល D http://www.thmeythmey.com/?page=detail&ctype=article&id=40076&lg=kh

ពូល E http://www.thmeythmey.com/?page=detail&ctype=article&id=40104&lg=kh

ពូល F http://www.thmeythmey.com/?page=detail&ctype=article&id=40126&lg=kh



Tag:
 Euro2016
  EuroGroupD
© រក្សាសិទ្ធិដោយ thmeythmey.com