កីឡាជាតិ
ខេត្ត​កែប​ជាទី​តាំង​ដ៏​សាក​សម​សម្រាប់​ការប្រកួត​ជើង​ថ្នាក់ជាតិ​កីឡា​ទ្រី​យ៉ា​ត្លុង
21, May 2016 , 1:40 pm        
រូបភាព
ដោយ:
សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា នឹងធ្វើ​យុទ្ធនា​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៦ រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែតុលា ខាងមុខនេះ ហើយ​ខេត្ត​កែប នឹង​ក្លាយជា​ទីតាំង​ដ៏​សាក​សម​សម្រាប់​ការរៀបចំ​ការប្រកួត ហើយ​នេះ​ក៏​ជា​លើក​ទី​២​ដែរ​សម្រាប់​ការរៀបចំ​នៅ​ខេត្ត​មួយ​នេះ ក្នុងចំណោម​ការប្រកួត​៤​លើក​របស់​សហព័ន្ធ​។

 
​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា សម្រេច​ជ្រើសរើស​ខេត្ត​កែប​ជាទី​តាំង​សម្រាប់​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៦ ដោយសារ​ខេត្ត​នេះ​មាន​ផ្លូវថ្នល់​នៅជាប់​នឹង​សមុទ្រ ដែល​អំណោយផល​សម្រាប់​ការប្រកួត​កីឡា​មួយ​នេះ ព្រោះ​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​កីឡា​មួយ​ប្រភេទ ដែល​រួមបញ្ចូល​កីឡា​បី​ប្រភេទ​គឹ ហែល​ទឹក ជិះ​កង់ និង​រត់​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​ការជ្រើសរើស​ខេត្ត​កែប​ជាទី​តាំង​សម្រាប់​ប្រកួត​នេះដែរ លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​រៀបរាប់ថា​៖«​ការដែល​យើង​ជ្រើសរើស​ខេត្ត​កែប​ជាទី​តាំង​សម្រាប់​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ដោយសារ​ខេត្ត​កែប​ជាទី​តាំង​មួយ​ដែលមាន​សមុទ្រ​ជាប់​នឹង​ផ្លូវថ្នល់ ដែល​យើង​ងាយស្រួល​ក្នុង​ការរៀបចំ​ការប្រកួត​ថ្នាក់ជាតិ ហើយ​វា​ឆ្លើយតប​ទៅនឹង​បច្ចេកទេស​នៃ​កីឡា​ទ្រី​យ៉ា​ត្លុង​»​។  
 


​លោក​បាន​បន្ថែមថា សម្រាប់​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​សហព័ន្ធ​មិនទាន់​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ​នោះទេ ពោលគឺ​ក្រសួង​កំពុង​ដាក់សំណើរ​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ​ដើម្បី​ស្នើសុំ​ថវិកា​ក្នុង​ការរៀបចំ​ការប្រកួត​នេះ​។ ប្រសិនបើ​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហព័ន្ធ​នឹង​ចាប់​យុទ្ធនាការ​នេះ​តែម្តង​។ 
 
​ចាប់តាំងពី​សហព័ន្ធ​បាន​បង្កើតឡើង​ការរៀបចំ​ថ្នាក់ជាតិ​លើក​នេះ​ជា​លើក​ទី​៤​ហើយ ប៉ុន្តែ​វា​ជា​លើក​ទី​២​សម្រាប់​ការជ្រើសរើស​ខេត្ត​កែប​ជាទី​តាំង​ដើម្បី​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​។ ហើយ​លោក​អគ្គលេខាធិការ​សហ​ព័ន្ធ​រូបនេះ​អះអាងថា ឆ្នាំនេះ​នឹងមាន​លក្ខណៈ​ធំ​ជាង​ឆ្នាំមុន ពោលគឺ​សហព័ន្ធ​ចង់​រៀបចំ​ក្នុង​ទំហំ​លើស​១៥០​នាក់ ខណៈ​ឆ្នាំមុន​មាន​ចំនួន​១០០​នាក់​។​
 


​គួរ​បញ្ជាក់ថា កីឡា​ទ្រី​យ៉ា​ត្លុង​ជា​កីឡា​មួយ​ប្រភេទ​ដែល​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​ក្នុង​ការរៀបចំ​ការប្រកួត National Games នោះទេ ដោយសារ​សហព័ន្ធ​នេះ​មិនទាន់មាន​ក្លិប​ជា​សមាជិក​នៅតាម​ខេត្ត​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ​ក្នុង​រៀបចំ​ការប្រកួត​នេះ​៕   

Tag:
 ទ្រី​យ៉ា​ត្លុង​
  ងិន សុ​បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com