កីឡាជាតិ
កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​នឹងចូលរួម​ប្រកួត​នៅ​សិង្ហ​បុរី
22, May 2016 , 9:40 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា នឹង​បញ្ជូន​កីឡាករ​ចំនួន​៤​រូប ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ASEAN University Games 2016 នៅ​ប្រទេស​សិង្ហ​បុរី នា​ខែកក្កដា ខាងមុខ​។ ការប្រកួត​នេះ​មាន​ប្រទេស​ចំនួន​១១​ចូលរួម ហើយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ​មានតែ​៣​ប្រទេស​ប៉ុណ្ណោះ​ដែលជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កម្ពុជា​។​

 
​កីឡាករ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​ចំនួន​៤​រូប​នឹងចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ក្នុង​ព្រឹ​តិ្ត​ការណ៍ ASEAN University Games 2016 នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​៦ ខែកក្កដា​ខាងមុខនេះ​។ ព្រឹ​តិ្ត​ការណ៍​កម្រិត​អាស៊ាន​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​១១ ហើយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ​គឹ​មានតែ​ប្រទេស សិង្ហ​បុរី វៀតណាម និង​ថៃ ប៉ុណ្ណោះ​ដែលជា​ឧបសគ្គ​រារាំង​ដ៏​ធំ​សម្រាប់​កម្ពុជា ព្រោះ​ប្រទេស​ទាំងនេះ​សម្បូរ​ទៅដោយ​កីឡាករ​ជើងចាស់​ដែលមាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​។ នេះ​បើ​យោងតាម លោក សម បូ​រ័ត្ន គ្រូបង្វឹក​ក្រុម​កីឡាករ​វាយ​កូនឃ្លី​លើ​តុ​ជម្រើស​របស់​កម្ពុជា​។​
 
​លោក​បាន​បន្តថា កីឡាករ​ដែល​លោក​នឹង​បញ្ជូន​សុទ្ធសឹងតែ​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព និង​បច្ចេកទេស​ខ្ពស់ និង​ជា​កីឡាករ​ដែល​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​មេគង្គ​ហ្គេម​ផងដែរ​។ នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​កីឡាករ កម្ពុជា ក្នុងការ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី ASEAN University Games ហើយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការចូលរួម​លើក​នេះ​កូនសិស្ស​របស់លោក​នឹង​ទទួលបាន​លទ្ធផល​ល្អ ព្រោះ​កីឡាករ​ទាំងនេះ​បាន​ហ្វឹកហាត់​យ៉ាង​យកចិត្ត​ទុក និង​ព្យាយាម​បានល្អ​។​
 
​នៅក្នុង​ខែកក្កដា​នេះដែរ កីឡាករ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ School Games 2016 នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ ហើយ​ក្នុង​ខែ​នេះដែរ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​យុវជន​១១​ប្រទេស​ផងដែរ​។ 
 
​គួរ​បញ្ជាក់ថា កីឡាករ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា ធ្លាប់បាន​ចូលរួម​ក្នុង​កម្មវិធី ASEAN University Games នេះ​ពីរលើក​រួចមកហើយ ដោយ​កាលពី​ឆ្នាំមុន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤៕
 

Tag:
 វាយ​កូនឃ្លី​លើ​តុ​
  សម បូ​រ័ត្ន​
  ASEAN University Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com