ជាតិ
ពលរដ្ឋ​ខ្លាច​បាត់​ព្រះ​សារីរិកធាតុ​ជាថ្មី ទោះ​អាជ្ញាធរ​អះអាង​ពី​ការ​រឹតបន្តឹង​សន្តិសុខ​
21, May 2016 , 11:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះ​សារីរិកធាតុ ដែល​បាន​រកឃើញ​វិញ បន្ទាប់ពី​ត្រូវ​ជនល្មើស​លួច កាលពី​ខែធ្នូ ឆ្នាំ​២០១៣ កន្លងទៅ ត្រូវបាន​ដង្ហែ​ទៅ​តម្កល់ទុក នៅ​ព្រះ​សក្យមុនីចេតិយ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​វិញ​ហើយ នៅ​ថ្ងៃទី​២០​ខែឧសភា ឆ្នាំ​២០១៦​។ តែ​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ នៅតែ​ខ្លាច​បាត់​ព្រះ​សារីរិកធាតុ​នេះ​ម្តងទៀត ទោះបី​អាជ្ញាធរ​បាន​អះអាង​ពី​ការ​រឹតបន្តឹង​សន្តិសុខ​ក៏ដោយ​។​

 
​ព្រះ​បរម​សារីរិកធាតុ ត្រូវបាន​ដាក់​លើ​រថយន្ត​បុស្បុក ដង្ហែ​តាមបែប​សាសនាព្រះពុទ្ធ​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ​ហើយ​ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦។ ពិធី​តាម​បែបសាសនា​នេះ មានការ​អមដំណើរ​ពី លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា មន្ត្រី​ស្ថាប័នរដ្ឋ​នានា ព្រះសង្ឃ ពុទ្ធបរិស័ទ និង​សិស្ស​និស្សិត​ជាង​១​ពាន់​នាក់ ។ ព្រះ​បរម​សារីរិកធាតុ ត្រូវបាន​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង ទៅ​ភ្នំ ឧដុង្គ ឆ្លងកាត់​តាម​មហាវិថី​ព្រះ​នរោត្តម វិថី​ព្រះ​អង្គឌួង មហាវិថី​ព្រះមុនីវង្ស ឆ្លងស្ពាន​ជ្រោយចង្វារ តាមផ្លូវ​ជាតិ​លេខ ៦​ឆ្ពោះទៅ​ស្ពាន​ព្រែក​តា​មាក់ និង​ស្ពាន​ព្រែក​ក្តាម​រួច ឆ្ពោះទៅកាន់​ព្រះមហា​សក្យមុនី​ចេ​តី​យ៍​ភ្នំ​អដ្ឋរស្ស​តែម្តង​។​
 
​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ អាជ្ញាធរ​បាន​អះអាង​ពី​ការ​រឹតបន្តឹង​សន្តិសុខ ដោយ​ដាក់កម្លាំងការពារ​ព្រះ​បរម​សារីរិកធាតុ​នៅ​ភ្នំ​អដ្ឋរស្ស ឬ​ឧដុង្គ​នេះ ទាំងយប់ ទាំង​ថ្ងៃ​ដែរ​។ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា មានប្រសាសន៍ថា រដ្ឋាភិបាល​បានប្រគល់​ព្រះ​សារីរិកធាតុ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែលមាន​ទីតាំង នៅក្បែរ​ភ្នំ​ព្រះរាជ​ទ្រព្យ​នោះ រួមមាន​ខេត្ត​៥ គឺ​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​កំពង់ចាម ដើម្បី​ថែរក្សា​ការពារ​សុវត្ថិភាព​ព្រះ​សារីរិកធាតុ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​មិនអាច​លម្អិត​ពី​ការ​ការពារ​ព្រះ​បរម​សារីរិកធាតុ​នេះឡើយ គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា​៖«​ពាក់ព័ន្ធ​រឿង​សន្តិសុខ​នេះ ជា​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​»​។​ ​ទោះ​ជាមាន​បញ្ជាក់​យ៉ាងនេះ​ក្តី ប៉ុន្តែ​ប្រ​ជា​ពល​រដ្ឋ​​នៅតែ​បារម្ភ​ដដែល ខ្លាច​មាន​ជនខិលខូចលួច​ម្តងទៀត។
 
​លោក ស្វាយ ម៉ុ​ល រីករាយ​ណាស់​ដែល​នៅពេល​អាជ្ញាធរ​ដង្ហែ​ព្រះ​សារីរិកធាតុ​មក​តម្កល់ទុក​ភ្នំ​ឧដុង្គ​វិញ​។ ប៉ុន្តែ​បុរសចំណាស់​ដែល​រស់នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល រូប​នេះ នៅតែមាន​កង្វល់​ក្នុង​ចិត្ត​ពី​សុវត្ថិភាព​របស់​ព្រះ​សារីរិកធាតុ​។ ព្រឹទ្ធាចារ្យវ័យ​៧២​ឆ្នាំ បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ខ្លាច​បាត់បង់ ព្រោះ​ខ្ញុំ​មិនដឹងថា រដ្ឋអំណាច​គេ​យាមកាម​យ៉ាងណាទេ​។ កាលណា​សារីរិកធាតុ​ត្រូវ​បាត់បង់ ពលរដ្ឋ​ជឿ​បារមី​ព្រះអង្គ​តែងមាន​អារម្មណ៍​មិន​សុខ​ក្នុង​ចិត្ត​ទេ​»​។​
 
​មិនសូវ​ខុសគ្នា​ដែរ ទន្ទឹមនឹង​ការ​សាទរ​ពី​ការវិលត្រឡប់​របស់​ព្រះ​បរម​សារីរិកធាតុ លោក ឆេង ឈឿន ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ​ដែរ​នោះ ក៏​បារម្ភ​ដូច្នេះ​ដែរ​។ បុរស​វ័យ ៥៣​ឆ្នាំ​រូបនេះ បាន​រៀបរាប់ថា បើ​ព្រះ​សារី​រិ​ធាតុ​ស្ថិតនៅ​ភ្នំ​ឧដុង្គ ពលរដ្ឋ​តែង​ជួប​សេច​កី្ត​សុខ​សប្បាយ​។ លោក​បញ្ជាក់ ជាមួយនឹង​ជំនឿ​យ៉ាងនេះ​ថា​៖«​តំបន់​យើង​រាំងស្ងួត​ប្លែក តែ​គ្រាន់តែ​អាជ្ញាធរ​ដង្ហែ​មកវិញ យើង​ទទួលបាន​ភ្លៀង​ពីរ​បី​មេ ត្រជាក់ត្រជុំ​ណាស់​។ ខ្ញុំ​ជឿ​លើ​បារមី​ព្រះអង្គ​»​។  
 
«អាជ្ញាធរ​ត្រូវការពារ​ព្រះ​សារីរិកធាតុ​តឹងរឹង​ជាង​មុន​»​។ គឺជា​ការស្នើ​របស់​ពុទ្ធ​សាសនិក​ម្នាក់ទៀត គឺ​លោក អ៊ូ​ន ទន់​។ ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល វ័យ​៦១​ឆ្នាំ  រូបនេះ បាន​សង្កត់​យ៉ាងនេះ​ថា​៖«​រដ្ឋអំណាច ត្រូវ​ទប់ស្កាត់​សត្រូវ​បំផ្លាញ​ទ្រព្យសម្បតិ្ត​រដ្ឋ​ឲ្យ​អស់ ព្រោះ​ពួកគេ​បំផ្លាញ​សន្តិសុខ​ជាតិ បំផ្លាញ​ទ្រព្យ​ជាតិ​»​។ លើសពីនេះបុរស​រូបនេះ ក៏​ឆ្លៀត​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ តាម​ថែរក្សា​ប្រជាជន​កម្ពុជា​ទាំងមូល​ដែរ​។​
 
​សូមបញ្ជាក់ថា ព្រះ​សារីរិកធាតុ​ត្រូវបាន​តម្កល់ទុក​បណ្ដោះអាសន្ន ក្នុង​ព្រះបរមរាជវាំង​មួយរយៈ ក្រោយពី​ជនល្មើស​លួច​ព្រះ​សារីរិកធាតុ កាលពី​វេលាយប់​ទៀបភ្លឺ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣​ និងរកឃើញវិញនៅរយៈពេល២ខែក្រោយ។ សំណុំរឿង​លួច​ព្រះ​សារីរិកធាតុ​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបានសាលាដំបូង​ខេត្តកណ្តាល ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​៥​នាក់ ក្នុងចំណោម ៦​នាក់ ដាក់ពន្ធនាគារ​ម្នាក់ៗ​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​។​
 
​ព្រះ​បរម​សារីរិកធាតុ​ ត្រូវបាន ព្រះបាទ​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដង្ហែពី​ប្រទេស​ស្រីលង្កា មកដល់​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ ១៩៥៧។ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បានរៀបចំ​ពិធី​ដង្ហែ​ព្រះ​សារីរិកធាតុ ពី​ព្រះ​សក្យមុនីចេតិយ​នៅ​ភ្នំពេញ យកទៅ​តម្កល់​នៅ​ព្រះ​សក្យមុនីចេតិយ​ថ្មី នៅ​ភ្នំ​អដ្ឋរស្ស ឬ​ឧដុង្គ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០០២៕
 

Tag:
 សារីរិកធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com