កីឡាអន្តរជាតិ
Euro2016៖ ពូ​ល F មាន អូទ្រីស ហុង​គ្រី អ៊ី​ស្លង់ និង​ព័រ​ទុយ​ហ្គា​ល់​
23, May 2016 , 9:00 am        
រូបភាព
ដោយ: រួបរួម
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ (UEFA EURO 2016) នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដោយមាន​២៤​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ចំនួន​១០​ក្នុងប្រទេស​បារាំង ដោយមាន​ការបែងចែក​ជា​៦​ពូ​ល​។

 
​បន្ទាប់ពី​ពូ​ល A ពូ​ល B ពូ​ល C ពូ​ល D និង​ពូ​ល E ថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ សូម​ផ្តល់ព័ត៌មាន​សង្ខេប​ទាក់ទង​នឹង​ក្រុម​ជម្រើសជាតិ​ដែល​ស្ថិតនៅក្នុង​ពូ​ល F​។ នៅក្នុង​ពូ​ល​នេះ អ៊ី​ស្លង់ នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ខណៈ​ព័រ​ទុយ​ហ្គា​ល់ អូទ្រីស និង​ហុង​គ្រី សុទ្ធតែ​មានបទពិសោធន៍​រួចហើយ​។​
 
​លោក Marcel Koller គ្រូបង្វឹក​សញ្ជាតិ​ស្វី​ស បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អូទ្រីស​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១១ មក​។ កាលពី​ឆ្នាំ​២០០៨ អូទ្រីស​បានធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ជាមួយ​ស្វី​ស ប៉ុន្តែ​ពួកគេ​បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​នៅក្នុង​ពូ​ល ដោយ​ចាញ់​ក្រូ​អាស៊ី អាល្លឺម៉ង់ និង​ស្មើ​ប៉ូឡូញ​។​
 


​ហុង​គ្រី ស្ថិតក្រោម​ការដឹកនាំរ​បស់​គ្រូបង្វឹក​អាល្លឺម៉ង់ លោក Bernd Storck ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៥ មក​។ ក្រុម​មួយ​នេះ មាន​ប្រវត្តិ​មិន​អន់​នោះឡើយ ដោយ​ធ្លាប់​រងជើង​ឯក World Cup នៅ​ឆ្នាំ​១៩៣៨ និង​ឆ្នាំ​១៩៥៤ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​អូឡាំពិក​៣​លើក​។ កាលពី​ឆ្នាំ​១៩៦៤ ពួកគេ​បាន​ចំណាត់ថ្នាក់​លេខ​៣​រង្វាន់​ទ្វីបអឺរ៉ុប ប៉ុន្តែ​ពួកគេ​ត្រូវ​រង់ចាំ​អស់​រយៈពេល​រាប់​ឆ្នាំ​ដើម្បី​បង្ហាញខ្លួន​សាជាថ្មី​។​
 
 


​អ៊ី​ស្លង់ ដែលមាន​ឈុត​យុវជន​ដ៏​លេចធ្លោ នឹង​បង្ហាញ​វត្តមាន​លើកដំបូង​ដើម្បី​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប​។ ក្រុម​នេះ មាន​រហស្សនាម​ថា Strákarnir okkar (Our boys) ដោយ​ស្ថិតក្រោម​ការដឹកនាំ​រួមគ្នា​ពី​សំណាក់​គ្រូបង្វឹក​ស៊ុយអែត លោក Lars Lagerbäck និង​គ្រូបង្វឹក​អ៊ី​ស្លង់ លោក Heimir Hallgrimsson ។ លោក Hallgrimsson នឹង​កាន់កាប់​ដំណែង​ផ្តាច់​មុខក្រោយ EURO ពោលគឺ​បន្ទាប់ពី​លោក Lagerback ចូលនិវត្តន៍​។​
 


​ព័រ​ទុយ​ហ្គា​ល់ ហាក់ដូចជា​ក្រុម​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​ពូ​ល​។ លោក Fernando Santos បាន​ដឹកនាំ​ក្រុម​មួយ​នេះ តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤ ។ ចំណាត់ថ្នាក់​ល្អ​បំផុត​របស់​ព័រ​ទុយ​ហ្គា​ល់​ក្នុង​យុទ្ធនាការ​ប្រចាំ​ទ្វីប គឺ​ការ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០០៤​។ ខ្សែប្រយុទ្ធ Cristiano Ronaldo ដែល​លេង​ឲ្យ​ក្លិប Real Madrid បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​រហូតដល់​៥៥​គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​៕


ព័ត៌មានទាក់ទង​នឹងពូលនីមួយៗ៖
ពូល A http://www.thmeythmey.com/?page=detail&ctype=article&id=39954&lg=kh

ពូល B http://www.thmeythmey.com/?page=detail&ctype=article&id=39979&lg=kh

ពូល C http://www.thmeythmey.com/?page=detail&ctype=article&id=40010&lg=kh

ពូល D http://www.thmeythmey.com/?page=detail&ctype=article&id=40076&lg=kh

ពូល E http://www.thmeythmey.com/?page=detail&ctype=article&id=40104&lg=kh

ពូល F http://www.thmeythmey.com/?page=detail&ctype=article&id=40126&lg=kh




Tag:
 Euro2016
  EuroGroupF
© រក្សាសិទ្ធិដោយ thmeythmey.com