ពីនេះ ពីនោះ
សតវត្សរ៍​ទី​២១ អ្នកត្រូវកា​ន់​អាវុធ​១០​យ៉ាង​ជាប់​ខ្លួន
23, May 2016 , 9:03 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចង់​ក្លាយជា​បុគ្គល​ម្នាក់​ដែល​រស់នៅ​ជោគជ័យ​ក្នុង​សតវត្សរ៍​ទី​២១ គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ជាពិសេស​សម្រាប់​អ្នក​មិនទាន់​ទទួលបាន​ជោគជ័យ​។ ទោះជា​យ៉ាងណា មាន​អាវុធ​ចំនួន​១០ ដែល​បុគ្គល​គ្រប់រូប​គួរតែ​យក​ជាប់​ខ្លួន​ជានិច្ច​ដើម្បី​ដើរ​ឲ្យ​ទាន់សម័យ​កាល​នេះ និង​ក្លាយជា​បុគ្គល​មានឱកាស​ពង្រីក​សមត្ថ​ភាព និង​ភាពជោគជ័យ​របស់ខ្លួន​។ តើ​អាវុធ​ទាំង​១០ នោះ​មាន​អ្វីខ្លះ​?



-​ជំនាញ​ផ្លាស់ប្ដូរ​ខ្លួនឯង​តាម​សភាពការណ៍ៈ ពាក្យចាស់​លោក​ថា​«​ផ្លូវវៀច​កុំបោះ​បង់ ផ្លូវត្រង់​កុំចោល​»​ពិតជា​មិន​ខុស​ទេ​។ សត​វត្សរ៍​ទី​២១ នេះ​អ្នក​ត្រូវតែ​ជា​បុគ្គល​ស្គាល់​កាលៈទេសៈ ស្គាល់​ស្ថានភាព ចេះ​បត់បែន​ខ្លួនឯង​ប្រកបដោយ​ភាពឈ្លាសវៃ ដើម្បី​សម្រេច​កិច្ចការ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ក្លាយជា​បុគ្គល​មិន​យល់​ការណ៍​។​

-​ជំនាញ​គ្រប់គ្រង​ពេលវេលាៈ  ជា​បុគ្គល​ស្គាល់​កាលៈទេសៈ​ហើយ ក៏​ចាំបាច់​ត្រូវតែ​ជា​បុគ្គល​ដែល​ចេះ​គ្រប់គ្រង​ពេលវេលា គ្រប់គ្រង​ឱកាស​ផងដែរ​។ ព្រោះ​បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ក្លាយជា​ជន​បរាជ័យ​ព្រោះតែ​មិន​ស្គាល់​តម្លៃ​នៃ​ពេល​វា​លា​។​

-​ជំនាញ​តស៊ូ​មតិ​, បកស្រាយ , ពន្យល់ៈ ចំណុច​នេះ​គឺជា​កត្តា​សំខាន់​មួយ​ក្នុងចំណោម​ចំណុច​សំខាន់ៗ​ទាំងឡាយ​។ ព្រោះថា​បុគ្គល​ម្នាក់ មាន​សិល្បៈ​នៅក្នុង​ការតស៊ូ​មតិ គឺអាច​ធ្វើ​ឲ្យ​ស្ថានភាព​ក្រឡាប់ចាក់​បាន​។

-​ជំនាញ​ពង្រីក​កិត្តិសព្ទ​របស់ខ្លួន​ចូលក្នុង​សង្គមៈ ចង់​ជោគជ័យ​ក្នុងសម័យ​សតវត្សរ៍​ទី​២១ អ្នក​ចាំបាច់​ត្រូវតែ​បង្ហាញ​វិសាលភាព​នៃ​កិត្តិយស​របស់​អ្នក​ឲ្យ​គេ​ស្គាល់​ឲ្យ​បាន​ច្រើន​។ កត្តា​នេះ​គឺ​ចង់បង្ហាញ​ពិភព​មនុស្ស​ថា អ្នក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវបានគេទទួលស្គាល់ និង​អាច​ជឿទុកចិត្ត​បាន ។​

-​ជំនាញ់​កំ​ព្យូ​ទ័​រៈ សម័យ​ប​ច្ចេ​វិទ្យា សម័យ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ជំនាញប្រើប្រាស់កំព្យូទ័រគឺ​ត​ម្រូ​វការ​របស់​សង្គម​។ ហេតុនេះ​បុគ្គល​គ្រប់រូប​ត្រូវតែ​សិក្សា​ជំនាញ​កំ​ព្យូ​ទ័​រ​នេះ ឲ្យ​ចេះ​ចាំ អាច​ប្រើការ​បានល្អ​សម្រាប់ធ្វើ​ការងារ​។​

-​ជំនាញ​លើ​សមត្ថភាព​ដំណោះស្រាយ​បញ្ហាៈ  អ្នក​ត្រូវតែ​ជា​បុគ្គល​ដែលមាន​ភាពឈ្លាសវៃ​ក្នុងការ​ដោះស្រាយ​បញ្ហា មាន​ជំនាញ​ដោះស្រាយ​បញ្ហា​ដោយ​មិន​ឲ្យ​ភាគី​ណាមួយ​ទទួល​ភាពអយុត្តិធម៌ ។​

-​ជំនាញ​លើ​ការសម្រេចចិត្តៈ ការសម្រេចចិត្ត​ដែលមាន​មូលដ្ឋាន​ច្បាស់លាស់​គឺជា​អំណាច​មួយ ដែល​បញ្ជាក់​ពី​ភាពច្បាស់លាស់​របស់​បុគ្គ​ល​។

-​ជំនាញ​វិភាគ​វែកញែកៈ ជំនាញ​ក្នុង​ការវិភាគ គឺជា​ជំនាញ​មួយ​ដែល​មិនមែន​គ្រប់​បុគ្គល​ណា​ក៏​អាច​ធ្វើបាន​នោះទេ មានតែ​អ្នក​ដែលមាន​មូលដ្ឋាន​ចំណេះដឹង ស្គាល់​កាលៈទេសៈ មាន​យុទ្ធវិធី​ច្បាស់លាស់​ទើប​អាច​វិភាគ​បញ្ហា​អ្វីមួយ​បាន​។​

-​ជំនាញការ​បង្កើត​ថ្មី​និង​ការច្នៃ​ប្រ​ឌិ​តៈ បុគ្គល​ដែល​អាច​ដើរ​ទាន់​សង្គម គឺ​ត្រូវតែ​ជា​បុគ្គល​ដែល​អាច​គិត​ឃើញ​អ្វីដែល​ថ្មី បង្កើត​អ្វីដែល​បរិបទ​សង្គម​ត្រូវការ​។ កត្ដា​នេះ​អាច​បញ្ជាក់​ពី​សមត្ថភាព​ប្រកួតប្រជែង​របស់​បុគ្គល​។​

-​ជំនាញ​ទំនាក់ទំនងៈ ចង់​ជោគជ័យ មិន​អាចធ្វើ​អ្វីមួយ​តែ​ខ្លួនឯង​បានទេ គឺ​ចាំបាច់​ត្រូវតែមាន​សហ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ក្នុងសង្គម​។ ហេតុនេះ ជំនាញ​ទំនាក់ទំនង គឺជា​ជំនាញ​ដ៏​សំខាន់​ដើម្បី​នាំខ្លួន​របស់​អ្នក​ឲ្យ​សង្គម​ទទួលស្គាល់​។​


© រក្សាសិទ្ធិដោយ thmeythmey.com