ពីនេះ ពីនោះ
ឱម​នុស្ស​! មាន​ខ្លាំង ពិបាក​ខ្លាំង​!
23, May 2016 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ ប៉ាកកា​ខ្មៅ​
​កំណាព្យ​បទ​ពាក្យ​៨



-​ពីមុន​នៅ​អត់​មានអី​ក៏បាន​    ​    ​    ​ជីវិត​ចាប់​ថ្កាន​ប្រើប្រាស់​ស៊ីម៉ាក​
​ហូបចុក​ស្លៀកពាក់​ចាប់ផ្តើម​ពិបាក​    ​    ​មានទឹក​រក​កាក​មិនដែល​ចេះ​គ្រប់​។​

-​ពីមុន​ក្រៀមក្រោះ​ដាក់​អស់​មិន​អី​    ​    ​ពេលនេះ​អាំងត្រី​ត្រូវការ​ទឹក​ស៊ុប​
​ពេល​បាន​ម្ហូប​ឆា​ទារ​រក​ស្ងោរ​ទប់​    ​    ​ហូប​មិនចេះ​គ្រប់​ព្រោះ​អាង​មាន​ប្រាក់​។​

-​បាន​ត្រី​ក្រឹម​ក្រាញ់​ថា​ឆ្ងាញ់​ងាវ​គ្រំ​    ​    ​ពេល​បាន​ត្រី​ធំ​ចង់​ត្រី​ចង្កាក់​
​បាន​មាន់​ទាខ្វៃ​ចង់​អាំង​ប្រឡាក់​    ​    ​មាន​ត្រី​សា​បាក់​បែរ​រក​ធូ​ណា​។​

-​ផ្ទះល្វែង​លែង​សុខ​រស់​ស្មុគ​ស្អុះ​ក្តៅ​    ​    ​ថ្លែងប្រាប់​អ្នក​ក្រៅ​ចង់បាន​វីឡា​
​មាន​ហើយ​ដីស្រែ​ចង់​ថែម​ចំការ​    ​    ​បាន​ចិញ្ចៀន​ត្រា​ប្រាថ្នា​ខ្សែ ក​។​

-​ពេល​ជិះ​ម៉ូតូ​ស្រែកថ្ងូរ​រក​ឡាន​    ​    ​ទោះ​ថោក​ក៏បាន​ក៏​ចិត្ត​ត្រេកអរ​
​លុះ​ចាប់​ឡើង​លុយ​ដូរ​ឡាន​បន្ត​    ​    ​ឆ្លាម​ឆ្លូញ​ធ្លាប់​ល្អ​ប្រែ​អស់​និស្ស័យ​។​

-​ផឹក​កាហ្វេ​តែ​ទាល់តែ​ម៉ាក​ល្បី​    ​    ​ខោអាវ​ចេញ​ថ្មី​ទាល់តែ​ម៉ូដ​ថ្លៃ​
​មុន​ខោអាវ​ដាច​ធ្លាប់​ដេរ​ដោយ​ដៃ​    ​    ​អ្នក​ទាន់សម័យ​ចោល​កៀនជញ្ជាំង​។​

-​ថ្លែង​មិនចេះចប់​រឿងក្តី​ប្រាថ្នា​    ​    ​មិន​ថា​សាសន៍​ណា​អាស៊ី​អា​គាំង​
​បើ​ចិត្ត​ជ្រួល​ជ្រុល​គួរតែ​ឃាត់ឃាំង​    ​    ​ត្រូវ​រៀប​ជញ្ជាំង​ខណ្ឌ​ចិត្ត​ខ្លួនឯង​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com