កីឡាជាតិ
ជាតិ
​អាស៊ី​អឺរ៉ុប​ស្គាល់​ជាតិ​ឈ្នះ​លើកដំបូង រីឯ​ការពារជាតិ និង​បឹងកេត នៅតែ​ឈរ​ជាប់​គ្នា​លើ​តារាង​
23, May 2016 , 5:09 pm        
រូបភាព
ដោយ:
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ កាលពី​ចុង​សប្តាហ៍​កន្លងមក ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ រកបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​ដើម្បី​រក្សា​ការ​ប្រជែង​គ្នា​ឈរលើ​កំពូល​តារាង ស្រប​ពេលដែល​អាស៊ី​អឺរ៉ុប​ស្គាល់​ជ័យជម្នះ​លើកដំបូង​ក្នុងចំណោម​ការប្រកួត​៨​លើក តាមរយៈ​ការបំបាក់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ២-០ ។​



​កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួងការពារជាតិ​បាន​លត់​ក្រុម​ភ្ញៀវ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ៣-០ ដើម្បី​បន្ត​ឈរ​កំពូល​តារាង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​សប្តាហ៍​ទី​៨ ។ ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho រក្សា​កំណត់ត្រា​ពិសេស​របស់ខ្លួន តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៨​ប្រកួត​ជាប់ៗ​គ្នា​។ សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​នេះ Choe រកបាន​២​គ្រាប់​បន្ថែមទៀត ហើយ​ប្រធាន​ក្រុម ភួង សុខ​សា​ណា បំពេញបាន​១​គ្រាប់​។ 

​ជ័យជម្នះ​របស់​ការពា​រ​ជាតិ កើតឡើង​មួយថ្ងៃ​ក្រោយ បឹងកេត​អង្គរ យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ខ្សែប្រយុទ្ធ​អ៊ូ​ហ្គ​ង់​ដា Atuheire Kipson រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​នៅ​ដើមតង់​ទី​ពីរ​សម្រាប់​ព្រះខ័ន​រាជ ប៉ុន្តែ​ជាង​៥​នាទី​មុននឹង​បញ្ចប់​ការប្រកួត ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ជា​បន្តបន្ទាប់​ដើម្បី​នាំ​ជ័យជម្នះ​ដ៏​រំភើប​សម្រាប់​បឹងកេត​។​

​ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ រក្សា​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២​លើ​តារាង ដោយមាន​២១​ពិន្ទុ ដូចគ្នា ប៉ុន្តែ​ការពារជាតិ មានប្រៀប​លើ​រូបមន្ត Head to Head ។ ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho របស់​ការពារជាតិ និង ចាន់ វឌ្ឍនាកា របស់​បឹងកេត មាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​១២​គ្រាប់​រៀងៗ​ខ្លួន​ពី​ការប្រកួត​៨​លើក​។​

​ណាហ្គា​វើ​ល បាន​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​៣​ដោយមាន​១៤​ពិន្ទុ បន្ទាប់ពី​បាន​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១ កាលពី​ល្ងាច​ថ្ងៃអាទិត្យ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សុះ ស៊ូ​ហា​ណា និង ទុំ សា​រ៉ា​យ ជា​អ្នកសម្រេច​ផល​សម្រាប់​ណាហ្គា​វើ​ល មុនពេល​ដែល នុត ស៊ីនួន រក​គ្រាប់​បាល់​បង្គ្រប់កិច្ច​សម្រាប់​ន​គ​របាល​ជាតិ​។​

​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ស្ថិតនៅ​លេខ​៥ ដោយមាន​១៣​ពិន្ទុ​ស្មើ​ក្រុម​លេខ​៤ ព្រះខ័ន​រាជ​ស្វាយរៀង ។ នា​ជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​សៅរ៍ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៦-០ ដោយ Tomoki Muaramatsu រកបាន​៣​គ្រាប់ Masato Yoshihara រកបាន​២​គ្រាប់ ហើយ សួង វិ​រៈ បន្ថែម​បាន​១​គ្រាប់​។

​ភ្នំពេញ​ក្រោ​ន ទទួលរង​នូវ​ការខកចិត្ត​នៅក្នុង​សប្តាហ៍​ទី​៨​នេះ ដោយ​ពួកគេ​បាន​រងគ្រោះ​ដោយសារ​ក្រុម​បាត​តារាង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅលើ​ទឹកដី RSN របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Baldwin Ngwa បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​២​គ្រាប់ ដើម្បី​នាំ​អាស៊ី​អឺរ៉ុប ស្គាល់​ជ័យជម្នះ​លើកដំបូង​។ ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​៦​ដោយមាន​១១​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​លោត​ទៅ​លេខ​៨ ដោយ​៥​ពិន្ទុ ហើយ​ក្រុម​ស៊ីម៉ាក់​ស្ថិតនៅ​លេខ​៧​មាន​៧​ពិន្ទុ​។​

​ក្រុម​ដែល​មិនទាន់​ស្គាល់​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​វេ​ស្ទើ​ន​ភ្នំពេញ ស្ថិតនៅ​បាត​តារាង ដោយមាន​ត្រឹមតែ​៤​ពិន្ទុ និង​៣​ពិន្ទុ ប៉ុណ្ណោះ​៕


Tag:
 ​បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com