ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុំ សំអាន មិន​ឆ្លើយ​សំណួរ​ចៅក្រម ក្រោម​ហេតុផល​ថា​លោក​មាន​អភ័យឯកសិទ្ធិ​
25, May 2016 , 11:03 am        
រូបភាព
លោក អ៊ុំ សំអាន នា​ថ្ងៃសាកសួរនៅតុលាការ​កាលពី​ថ្ងៃទី​១៧ ខែឧសភា កន្លងមក
លោក អ៊ុំ សំអាន នា​ថ្ងៃសាកសួរនៅតុលាការ​កាលពី​ថ្ងៃទី​១៧ ខែឧសភា កន្លងមក
 
 
​លោក អ៊ុំ សំអាន​មិនបាន​ឆ្លើយ​នឹង​សំណួរ​របស់ ចៅក្រម​ស៊ើបសួរ​ឡើយ នៅក្នុង​បន្ទប់​សវនាការ​ជាង​២​ម៉ោង នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា​នេះ​។  ការបដិសេធ មិន​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​របស់ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​រូបនេះ ក្រោម​ហេតុផល​ថា​លោក​ជា​រាស្ត្រ​ដែលមាន​អភ័យឯកសិទ្ធិ​។


​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ ជុំវិញ​រឿង​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា​នេះ​។  យ៉ាងណាក៏ដោយ ក្រោយ​បញ្ចប់​ការសាកសួរ​ជាង ២​ម៉ោង លោក អ៊ុំ សំអាន មិនបាន​ឆ្លើយ​នឹង​សំណួរ របស់​ចៅក្រម​ស៊ើបសួរ​ឡើយ ជុំវិញ​សំណុំរឿង រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន​នេះ​។​
 
​លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ចៅក្រម​បាន​សាកសួរ​កូនក្តី​របស់ខ្លួន​ច​នួំ​ន​៦​សំណួរ​ជុំវិញ ការតវ៉ា​របស់ខ្លួន​រឿង​ព្រំដែន​កន្លងមក ក្នុង​សវនាការ​រយៈពេល​ជាង​២​ម៉ោង​នេះ​។ 
 
​លោក អ៊ុំ សំអាន មិនបាន​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះឡើយ ដោយ​លើក​ហេតុផល​ថា លោក​ជា​តំណាងរាស្ត្រ​ដែលមាន​អភ័យឯកសិទ្ធិ​។ លើសពីនេះ លោក អ៊ុំ សំអាន បាន​ឆ្លើយតប​ទៅវិញ​ថា បើ​ចង់​ឲ្យ​រូបគាត់​ឆ្លើយ​សំណួរ​ទាំងនេះ ទាល់តែ​សភា​ដក​អភ័យឯកសិទ្ធិ​គាត់​ជាមុនសិន​។ នេះ​ជាការ​បញ្ជាក់​របស់​មេធា​វី​ដដែល​។​
 
​ក្រោយ​សាកសួរ នៅពេលនេះ លោក អ៊ុំ សំអាន កំពុងស្ថិត​នៅក្នុង​បន្ទប់​រង់ចាំ ចាំ​ការ​បញ្ជូនទៅ​មន្ទីរឃុំឃាំង​ព្រៃ​ស​វិញ​។​
 
​សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១២​ខែមេសា ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក អ៊ុំ សំអាន ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​កាលពី​ម៉ោង​១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១១​មេសា នៅក្នុង​ខេត្តសៀមរាប​៕
 
 

Tag:
 អ៊ុំ សំអាន​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com