កីឡាជាតិ
ជាតិ
អ្នក​ចំបាំង​ក្រុង​អង្គរ​៥​រូប ប៉ះ​ជើង​ខ្លាំង​ថៃ នៅ ASEAN Fight ប្រទេស​ថៃ ថ្ងៃនេះ
27, May 2016 , 2:51 pm        
រូបភាព
ដោយ:
 
​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន​៥​រួប ត្រូវ​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ នៅលើ​ទឹកដី​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ចាប់ពី​រសៀល​ម៉ោង ៣ ដល់​ម៉ោង​៥ ថ្ងៃ​សុក្រ​ទី​២៧ ឧសភា នេះ ដោយ​ការប្រកួត​នេះ​មាន​លក្ខណៈ​ខុសពី​ការប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ ពោលគឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ហើយ​ការប្រកួត​នេះ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ CTN​។

 
​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ចំនួន​៥​រូប រួមមាន អ៊ុង វិ​រៈ​, ម៉ឺន សុភា​, ឡុង សុវណ្ណ​ឌឿ​ន​, សារឿន ច័ន្ទ និង ហ៊ឹម សេរី ត្រូវ​ប្រជែង​ជាមួយ​ជើង​ខ្លាំង​ថៃ នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​របស់​ថៃ គឺ ASEAN Fight ដែលជា​ព្រឹ​តិ្ត​ការណ៍​ប្រកួត​លំដាប់​អាស៊ី ដែលមាន​កីឡាករ​មកពី​បណ្តា​នៅក្នុង​តំបន់​អាស៊ី​ជាច្រើន​ចូលរួម ប៉ុន្តែ​ការប្រកួត​នេះ​មានតែ​៣​ទឹក​ប៉ុណ្ណោះ​។​
 
​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ទាំង​៥​រូបនោះ​ត្រូវបាន លោក ម៉ា សេរី ប្រធាន​គ្រប់គ្រង​កីឡា​នៅ​ស្ថានីយទូរទស្សន៍ CTN និង CNC និង​អ្នកដឹកនាំ​ក្រុម​កីឡាករ មន្ត្រ​កីឡា និង​គ្រូបង្វឹក​ចូលរួម​ក្នុង​កម្មវិធី​នេះ បានដាក់​រហ័ស​នាម​ថា​«​អ្នក​ចំបាំង​អង្គរ​»​ឬ​ឯ​កីឡាករ​ថៃ​«​អ្នក​ចំបាំង​ទីក្រុង​ស្យាម​»​។    
 
​បើ​យោងតាម​រូបភាព និង​ការសរសេរ​រៀបរាប់​នៅលើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក ម៉ា សេរី បាន​ឲ្យ​ដឹងថា កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា អ៊ុង វិ​រៈ ត្រូវ​ជួប​កីឡាករ​ថៃ Kimlai Phit ប៉ុន្តែ​ដោយសារ​កីឡាករ​រូបនេះ​ជួប​ឧបទ្ទវហេតុ​ត្រូវ​ជំនួស​ដោយ​កីឡាករ Natakiet វិញ​ម្តង​។ គូ​នេះដែរ កីឡាករ អ៊ុង វីរៈ មាន​ទម្ងន់​លើស​កីឡាករ  Natakiet រហូតដល់ ៥ គីឡូក្រាម ដោយ អ៊ុង វីរៈ មាន​ទម្ងន់ ៧៥​គីឡូក្រាម ចំណែក Natakiet មាន​ទម្ងន់ ៧០​គីឡូក្រាម ហើយ​ថៃ​ម្នាក់នេះ​ក៏​ធ្លាប់​ចាញ់​ពិន្ទុ អ៊ុង វិ​រៈ នា​ការប្រកួត​នៅ​ទីក្រុង​ភ្នំពេញ​ម្តង​ផងដែរ​។​
 
​ចំណែក​អ្នកលេង​កណ្តាប់ដៃ ម៉ឺន សុភា ត្រូវ​ប៉ះ​ថៃ Kongyam ក្នុង​ទម្ងន់ ៧០ គីឡូក្រាម គឺ សុភា ស្រាល​ជាង​ថៃ​ម្នាក់នេះ ១ គីឡូក្រាម ដោយ សុភា មាន​ទម្ងន់ ៦៩ គីឡូក្រាម ចំណែក Kongyam មាន​ទម្ងន់ ៧០​គីឡូក្រាម ប៉ុន្តែ សុភា មានប្រៀប​ទាំង​កម្ពស់ និង​បទពិសោធ​ប្រកួត ព្រោះ សុភា ធ្លាប់​ប្រកួត​បាន ៤៨ ដង ឈ្នះ ៣៨ ចាញ់ ៨ និង​ស្មើ ២ ដង ខណៈ Kongyam ធ្លាប់​ប្រកួត ៣០ ដង ឈ្នះ ២៥ និង​ចាញ់ ៥ ដង​។​
 
​ឬ​ឯ ឡុង សុវណ្ណ​ឌឿ​ន ត្រូវ​ប៉ះ Chok Chai ដែល​ថៃ​ម្នាក់នេះ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​នៅ CTN ក្រោយ​ឈ្នះ ផាន់ គ្រាន់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​គេ​ក៏​ធ្លាប់​បានឈ្នះ​កីឡាករ​កម្ពុជា​ជាច្រើន​នាក់​ទៀតផង​ដែរ​។ កីឡាករ Chok Chai រូបនេះ​មានប្រៀប​លើ​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ទាំង​អាយុ កម្ពស់ និង​ប្រវត្តិ​នៃ​ការប្រកួត ដោយ រូបគេ មាន​អាយុ ២៨​ឆ្នាំ កម្ពស់​១.៨០​ម៉ែត្រ ធ្លាប់​ប្រកួត​ចំនួន​១២០​ដង ឈ្នះ​៧០​ដង ចាញ់​៤៨​ដង និង​ស្មើ​២​ដង​។ ចំណែក ឡុង សុវណ្ណ​ឌឿ​ន ធ្លាប់​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៤១ ចាញ់​១២ និង​ស្មើ​៧​ដង​។ តើ ឡុង សុវណ្ណ​ឌឿ​ន អាច​យកឈ្នះ​លើ​កីឡាករ​ចាស់វស្សា​ម្នាក់នេះ​ដើម្បី​សងសឹក​ជួស​កីឡាករ​កម្ពុជា​បាន​ឬ​យ៉ាងណា​?    
 
​ដោយឡែក​កីឡាករ​កម្ពុជា សារឿន ច័ន្ទ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ Tam Roulek ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ដោយ​កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​ប្រកួត ៧០ ដង ឈ្នះ ៥៨ ចាញ់ ១០ និង​ស្មើ ២ ដង ឬ​ឯ សារឿន ច័ន្ទ ធ្លាប់​ប្រកួត​ចំនួន​១០៧​ដង ឈ្នះ​៧០ ចាញ់​២០​ដង និង​ស្មើ​១៧​ដង​។ ចំណែក​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ហ៊ឹម សេរី ប៉ះ​ជើង​ខ្លាំង​ថៃ Saylab ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ដោយ​ថៃ​រូបនេះ​ធ្លាប់​ប្រកួត ៦០​ដង ឈ្នះ​៥១​ដង និង​ចាញ់​៩​ដង ចំណែក ហ៊ឹម សេរី ធ្លាប់​ប្រកួត​៤៦​ដង ឈ្នះ​៤១​ដង ចាញ់​៤​ដង និង​ស្មើ​១​ដង​។ 
 
​គួរ​បញ្ជាក់ថា ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​វេលា​ម៉ោង ៣​រសៀល ដល់​ម៉ោង​៥​រៀល ថ្ងៃទី​២៧ ខែឧសភា នេះ នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។ ហើយ​ការប្រកួត​នេះ​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ CTN៕

Tag:
 ប្រដាល់​
  ASEAN Fight
© រក្សាសិទ្ធិដោយ thmeythmey.com