ជាតិ
និស្សិត​អូស្ត្រាលី​ជាច្រើន​រយ​នាក់ មក​សិក្សា​និង​ចុះ​កម្មសិក្សា​នៅ​កម្ពុជា​
27, May 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តាមរយៈ​កម្មវិធី New Colombo Plan របស់​រដ្ឋាភិបាល​អូស្ត្រាលី និស្សិត​អូស្ត្រាលី​ជាច្រើន​រយ​នាក់ បានមក​សិក្សា​តាម​សាកលវិទ្យាល័យ​នានា និង​ចុះ​កម្មសិក្សា​នៅតាម​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹងថា កម្មវិធី New Colombo Plan នឹង​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា និង​អូស្ត្រាលី​បានធ្វើកា​រួមគ្នា និង​សិក្សា​ពីគ្នា ដែល​អាចធ្វើ​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អ​និង​យូរអង្វែង​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ទៀតថា កម្ពុជា​បាន​ចូលរួម​ក្នុង​កម្មវិធី New Colombo Plan នៅក្នុង​ឆ្នាំ​២០១៥ ។ ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំនេះ និស្សិត​អូស្ត្រាលី​ចំនួន ៣៧០​នាក់​បានមក​កាន់​កម្ពុ​ជា ដើម្បី​អនុវត្ត​ចំណេះដឹង និង​ជំនាញ​របស់​ពួកគេ ក្នុងការ​ចូលរួម​ជួសជុល​បរិក្ខា​វេជ្ជសាស្ត្រ​, ព្យាបាល​ជំងឺ​សត្វពាហនៈ ដែល​អាច​រាតត្បាត​ឆ្លង​ប្រទេស និង​បានធ្វើការ​ជាមួយ​បុគ្គលិក​សង្គមកិច្ច ដើម្បី​ពង្រឹងគុណភាព​ជីវិត​ជនពិការ​ផងដែរ​។

​លោក សាយ​ម៉ុ​ន ហ្វ៊ែ​ល​ឡូ​វ​ស៍ ភារៈធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្មវិធី New Colombo Plan នៅ​ថ្ងៃទី​២៦​ខែឧសភា ថា ការដែល​និស្សិត​អូស្ត្រាលី​ចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​មក​សិក្សា​និង​ចុះ​កម្មសិក្សា​នៅ​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​ចំណង​ទំនាក់ទំនង​ផ្នែក​អប់រំ និង​មិត្តភាព​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ​។​

​គួរ​បញ្ជាក់ថា កម្មវិធី New Colombo Plan របស់​រដ្ឋាភិបាល​អូស្ត្រាលី​នេះ ត្រូវបាន​បង្កើត ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​អូស្ត្រាលី​វ័យក្មេង បាន​បង្កើន​ការយល់ដឹង​ឲ្យ​កាន់តែ​ជ្រាលជ្រៅ​អំពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក តាមរយៈ​ការគាំទ្រ​ឲ្យ​និស្សិត​ទាំងនោះ​បាន​ទៅ​សិក្សា និង​ចុះ​កម្មសិក្សា​ផ្ទាល់​ក្នុងប្រទេស​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែលមាន​កម្ពុជា​ផងដែរ​៕


Tag:
 និស្សិត​អូ​ស្រា្ត​លី
© រក្សាសិទ្ធិដោយ thmeythmey.com