កីឡាជាតិ
ជាតិ
ASEAN Peace World Cycling Tour នៅ​មី​យ៉ាន់​ម៉ា មាន​អ្នកចូលរួម​ជាង​៧០០​នាក់​
28, May 2016 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​ទោចក្រយាន​មី​យ៉ាន់​ម៉ា បានរៀបចំ​ព្រឹត្តិការណ៍ ASEAN Peace World Cycling Tour l​លើកដំបូង​នៅ​កីឡដ្ឋាន Thuwana ក្រុង​យាំង​ហ្គោ​ន កាលពី​សប្តាហ៍​មុន មាន​អ្នកចូលរួម​ជាង​៧០០​នាក់​។ ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​សំណាក់​អ្នកជិះ​កង់​ពី​ប្រទេស​ចំនួន​៧​នៅ​តំបន់​អាស៊ាន (​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា កម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​) រួមទាំង​បង់​ក្លា​ដែ​ស​ដែលជា​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា​។​



​មី​យ៉ាន់​ម៉ា បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​ជិះ​កង់​ក្នុងការ​ជុំរុញ​ការការពារ​បរិស្ថាន ពង្រឹង​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ និង​ពង្រឹង​សន្តិភាព​រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន រួមទាំង​ប្រទេសជិតខាង​របស់ខ្លួន​។ ការរៀបចំ​ព្រឹត្តិការណ៍ ASEAN Peace World Cycling នៅ​កីឡដ្ឋាន Thuwana Stadium ក្នុង​ក្រុង​យ៉ាំង​ហ្គោ​ន កាលពី​ចុង​សប្តាហ៍​កន្លងមក ត្រូវ​លោក Khin Maung Win ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​មី​យ៉ាន់​ម៉ា អះអាងថា​៖ «​ព្រឹត្តិការណ៍​នេះ ក៏​ជុំរុញ​ផងដែរ​ដល់​សហគមន៍​មូលដ្ឋាន បន្ត​លើកទឹកចិត្ត​ក្នុងការ​ប្រើប្រាស់​កង់ ជា​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលារៀន ឬ​ដំណើរ​ផ្សេងៗ​»​។​


ASEAN Peace World Cycling ជា​លើកដំបូង​នេះ មានការ​ចូលរួម​ពី​អ្នកជិះ​កង់​មី​យ៉ាន់​ម៉ា ជាង​៦០០ និង​ជិត​១០០ មកពី​តំបន់​អាស៊ាន និង​បង់​ក្លា​ដែ​ស​។ កម្ពុជា​តំណាង​ដោយ​ក្លិប​ជិះ​កង់​ដើម្បី​សហគមន៍ (Cycling Community Club) ដែលមាន​គ្នា​ជិត​១០​នាក់​ផងដែរ​។​

​លោក Ejaz Mahmood Rony អ្នកជិះ​កង់​ពី​បង់​ក្លា​ដែ​ស បាន​ថ្លែងប្រាប់​ទូរ​ទស្ស​ន័ MITV ថា​៖ « ទោះ​យើង​មិនមែនជា​សមាជិក​អាស៊ាន​ក៏ដោយ ប៉ុន្តែ​យើង​ចង់​បង្ហាញថា ការ​ជិះ​កង់​បានក្លាយ​ជាការ​កម្សាន្ត​ដ៏​ពេញនិយម​ឡើងវិញ​ហើយ​សម្រាប់​យុវជន​សម័យថ្មី​។ វា​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ជួយ​ពង្រឹង​សុខភាព និង​ស្មារតី​ជ្រះថ្លា​»​។​


​លោក គិ​ម ប៊ុន​ថា​ន់ តំណាង​ក្លិប​ជិះ​កង់​ដើម្បី​សហគមន៍ បាន​អះអាងថា ក្រុម​លោក​ចំណេញ​ច្រើន​ពី​ការចូលរួម​ព្រឹត្តិការណ៍​នេះ បើទោះបីជា​ពួកលោក​បាន​រាប់​រង​នូវ​ការចំណាយ​ស្ទើរតែ​ទាំងស្រុង​ដោយ​ខ្លួនឯង​ក៏ដោយ​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចង់​មើល​ការរៀបចំ​ជា​លក្ខណៈ​តំបន់​នេះ ដើម្បី​យក​ធ្វើ​បទពិសោធន៍​ក្នុងការ​រៀបចំ​នៅ​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ណាមួយ​ខាងមុខ​»​។​


​លោក អាំង ពិសាល ដែលជា​សមាជិក​ម្នាក់ទៀត​របស់​ក្លិប CCC គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​មី​យ៉ាន់​ម៉ា ប្រព្រឹត្ត​ដោយ​រលូន និង​ជោគជ័យ បើទោះបីជា​មានការ​រំខាន​ដោយសារ​ភ្លៀង​ធ្លាក់​ក៏ដោយ​៕













Tag:
 ជិះ​កង់​
  អាស៊ាន​
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com