បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​យុវជន​សម្រេច​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួនឯង ?
29, May 2016 , 8:19 pm        
រូបភាព
«​ម្តាយ​ទុក ឪពុក​ដាក់​» ឬ «​នំ មិនធំ​ជាង​នាឡិ​» ជា​ពាក្យ​ដែល​សំដៅលើ​ការ​ទុកដាក់​កូនចៅ​ឲ្យ​មានគូស្រករ​ដែល​ម្ដាយ​ឪពុក​រៀបចំ​សម្រាប់​កូនចៅ​។ ប៉ុន្តែ​ទំនៀម​នេះ ហាក់​លែងមាន​ឥទ្ធិពល​លើ​យុវវ័យ​បច្ចុប្បន្ន​ទៀតឡើយ​។ យុវវ័យ ត្រូវការ​ភាព​ឯករាជ្យ ម្ចាស់ការ​លើ​ខ្លួនឯង ជាពិសេស​ការជ្រើសរើស​ស្វាមី ឬ​ភរិយា​។  តើ​ហេតុអ្វី​បានជា​ពួកគេ​ចង់​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួនឯង​?



«​ការ​ស្គាល់គ្នា​មុនពេល​រៀបការ អាចធ្វើ​ឲ្យ​យើង​បាន​ស្គាល់ចិត្ត​ថ្លើម​គ្នា​ច្បាស់​»​។ នេះ​ជាការ​លើកឡើង​របស់​យុវតី ឡោម ផល្លី ដែលជា​និស្សិត​ផ្នែក​អប់រំ​នៃ​សាកលវិទ្យាល័យ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​។ ផល្លី និស្សិត​មកពី​ខេត្តក្រចេះ បាន​ពន្យល់ថា ការ​ស្គាល់គ្នា​មុន​ចូល​រោងការ អាច​ឲ្យ​ខ្លួន​ដឹង​ពី​អត្តចរិត​របស់​ដៃគូ ថា​តើ​ពួកគេ​ទាំងពីរ​អាច​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​ដល់​ជីវិតចុងក្រោយ​បានដែរ ឬ​យ៉ាងណា​? សម្រាប់​ផល្លី ការ​ស្គា​ល់ពី​ប្រវត្តិ​របស់​បុរស​ដែលជា​អនាគត​ស្វាមី​របស់គាត់ គឺ​រឹតតែ​សំខាន់​។ «​តើ​គាត់​ធ្លាប់​ទំនាក់ទំនង​ជាមួយ​នារី​ណា​ម្នាក់​ដែរ​ឬ​អត់​? ជា​ទំនាក់ទំនង​យ៉ាងដូចម្តេច​? ឬក៏​ថា​តើ​បច្ចុប្បន្ន​ទំនាក់ទំនង​នោះបាន​ដាច់ស្រេច​ហើយ​ឬ​នៅ ជាដើម​?»​។ នេះ​ជាការ​បញ្ជាក់​របស់​ផល្លី​។​

​យុវតី    វ័យ​២០​ឆ្នាំ​រូបនេះ បានបង្ហាញ​ពី​ផ្នត់គំនិត​របស់ខ្លួន​ជុំវិញ​ការ​រើស​គូជីវិត​ថា បច្ចុប្បន្ន មនុស្ស​ស្រី​ភាគច្រើន​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ដូច​មនុស្ស​ប្រុស​ដែរ ហើយ​ពួកគេ​ក៏មាន​ការងារ​ធ្វើ ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​។ នាង​បន្ថែមថា សម័យ​បច្ចេកវិទ្យា​ទំនើប​ដូច​ឥឡូវ គេ​អាច​ស្គាល់គ្នា​បាន​គ្រប់កន្លែង ទាំង​នៅ​សាលារៀន កន្លែង​កម្សាន្ត និង​ក្នុង​បណ្តាញ​សង្គម ដែល​ទាំងអស់នេះ ធ្វើ​ឲ្យ​ពួកគេ​អាចបង្កើត​ទំនាក់ទំនង​ជាមួយគ្នា​បាន​យ៉ាង​ងាយ​។ នាង​ក៏​យល់ស្រប​ដែរ​ថា ឪពុកម្តាយ​មួយចំនួន ក៏បានផ្តល់​សិទ្ធិ​ពេញលេញ​សម្រាប់​កូន​ពួកគេ រើស​ប្រពន្ធ ឬ​ប្តី ដោយ​ខ្លួនឯង​ដែរ​។

​កញ្ញា សុខ អេង និស្សិត​ផ្នែក​ព័ត៌មាន​គមនាគមន៍ បាន​អះអាងថា ការស្វែងយល់​ពីគ្នា​រវាង​ដៃគូ​មុន​រៀបការ អាច​ឲ្យ​នាង​អាច​ជ្រើសរើស​បុរស ដែល​ស្រលាញ់​នាង​ពិតប្រាកដ និង​អាច​រើស​បាន​មនុស្ស​ដែល​ស័ក្តិសម​នឹង​ខ្លួន​។ ក្នុង​វ​វ័យ​២១​ឆ្នាំ យុវតី​កូនកាត់​ចិន​រូបនេះ និយាយ​ដោយ​ម៉ឺង​មាត់​ថា​៖«​ខ្ញុំ​ត្រូវ​ជ្រើសរើស​បុគ្គល​ដែល​ស្រលាញ់​ទាំង​ខ្ញុំ និង​ក្រុមគ្រួសារ​របស់ខ្ញុំ ហើយ​ត្រូវ​មានចិត្ត​ស្មោះ​ទៀត​។ ទាល់តែ​រកបាន​មនុស្ស​បែបនេះ ទើប​ខ្ញុំ​អាច​ទទួលបាន​សុភមង្គល និង​ក្តី​ស្រឡាញ់​ពី​អនាគត​ស្វាមី​ខ្ញុំ​»​។​

​មិន​ខុសពី កញ្ញា សុខ អេង​ដែរ យុវជន​តុលា ក៏ត្រូវ​ការ​នារី​ម្នាក់​ដែល​ស្រលាញ់​រូបគេ និង​ក្រុមគ្រួសារ​របស់ខ្លួន​។ និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​បង្ហើប​ពី​លក្ខណៈសម្បត្តិ​របស់​នារី​ដែល​គេ​នឹង​ជ្រើសរើស​ជា​ភរិយា​ទៀតថា គឺជា​មនុស្ស​សុភាពរាបសា​រ និង​ចេះ​យល់ចិត្ត​ជាដើម​។  តុលា​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ដែល​យុវវ័យ​មិនបាន​យល់ចិត្ត​គ្នា​មុន​សំពះ​ផ្ទឹម​យ៉ាងនេះ​ថា​៖« បើ​រៀបការ​ទាំង​មិនបាន​ស្គាល់ ឬ​មិន​យល់ចិត្ត​គ្នា វា​អាច​នឹង​ឆាប់​បែក​គ្នា​» ។

«​ខ្លាច​ប្តី​ធ្វើបាប និង​ក្បត់ចិត្ត​»​។ នេះ​ជាការ​បារម្ភ​របស់ កញ្ញា ស្រីអូន ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប្រសិនបើ​យុវវ័យ​បច្ចុប្បន្ន​មិនបាន​ស្គាល់គ្នា​មុន​ទេនោះ​។ យុវតី​សម្បុរ​សណ្ដែកបាយ​រូបនេះ​ជីវិត​បាន​បន្ថែមទៀតថា ការយល់​ពី​ជម្រៅ​ចិត្ត​រវាង​ដៃគូ ក៏​អាចធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ កាន់តែ​ផ្អែម​ល្អែ​ម និង​មាន​សុភមង្គល​ដែរ​។ តែ​ទោះជា ស្រីអូន យល់ស្រប​ថា​ការស្វែងយល់​ចិត្ត​គ្នា​ទៅវិញទៅមក មុន​សំពះ​ផ្ទឹម គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​យុវវ័យ​បច្ចុប្បន្ន​ក៏ដោយ តែ​នាង​បារម្ភ​ពី​ការប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរ ពី​សំណាក់​ដៃគូ​ទាំងពីរ​។ ស្រីអូន ពន្យល់ថា​៖«​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នានេះ គឺ​ផ្តោតលើ​ការស្វែងយល់​ចិត្ត​គ្នា មិនមែន​ជាការ ប្រគល់​ខ្លួន ប្រគល់​ប្រាណ​នោះទេ​។ នេះ​ជា​កំហុសឆ្គង​»​។ សម្រាប់ កញ្ញា​ស្រីអូន ទង្វើ​បំពាន​ប្រពៃណី​បែបនេះ ប្រសិនបើ​លេចឮ​ទៅ​ក្រៅ ចង់ មិន​ចង់ តិច ឬក៏​ច្រើន នឹងធ្វើ​ឲ្យ​គ្រួសារ​អាប់ឱន​កិត្តិយស​។​

​ត្រង់​នេះហើយ​ដែលជា​បញ្ហា​ប្រឈម​មួយ​របស់​យុវជន​សម័យថ្មី​ដែរនោះ​។ តើ​ការស្វែងយល់​ចិត្ត​គ្នា ត្រូវ​គ្របដណ្តប់​ដល់​ការរួម​ភេទ មុន​រៀបការ​ដែរ​ឬ​យ៉ាងណា​? តើ​ការស្វែងយល់​ចិត្ត​គ្នា​នេះ ត្រូវមាន​រយៈពេល​យូរ​ប៉ុណ្ណា​?


Tag:
 យុវវ័យ​
  ​រៀបការ
© រក្សាសិទ្ធិដោយ thmeythmey.com