ជាតិ
ក្រសួងយុត្តិធម៌​បើក​វគ្គ​ស្វែងយល់​ពី​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដល់​អ្នកសារព័ត៌មាន​
30, May 2016 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
 ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២ មិថុនា ក្នុង​សប្តាហ៍​នេះ ក្រសួងយុត្តិធម៌​ ដោយបានសហការ​ជាមួយ​ក្លិបអ្នកកាសែត​កម្ពុជា (CCJ) នឹង​ផ្តល់​វគ្គ​សិក្សា​ខ្លី​មួយ​ដល់​អ្នកសារព័ត៌មាន​ដើម្បី​ពួកគេ​អាច​ស្វែងយល់​អំពី ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ អ្នកសារព័ត៌មាន​មក​ពី​គ្រប់​អង្គភាព​សារព័ត៌មាន​អាច​ចុះឈ្មោះ​ជាមួយ​មន្ត្រី​ក្រសួងយុត្តិធម៌​តាមរយៈ​លេខ​ទូរ​សព្ទ ០៦១ ៧៦៧ ៧៧៨ និង​លេខ​ទូរ​សព្ទ ០១៦ ៩៧៤ ៤៤៤  និង​តាមរយៈ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ដូចគ្នា​។

 
​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នឹង​ធ្វើជា​វាគ្មិន​នៅក្នុង​វគ្គ​សិក្សា​ស្តីពី​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដែល​នឹង​ផ្តល់ជូន​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ វគ្គ​សិក្សា​ដែល​ចាប់ផ្តើម​ពី​ម៉ោង​៩ ដល់​ម៉ោង​១២​នោះ នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​។​
 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌ វគ្គ​ស្វែងយល់​ស្តីពី​ក្រមព្រហ្មទណ្ឌ​នេះ មាន​គោលដៅ​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​មួយចំនួន​ទាក់ទង​នឹង​ទិដ្ឋភាព​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដល់​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដើម្បី​ពួកគេ​អាច​ស្វែងយល់​អំពី​ចំណាត់ការ​នីតិវិធី​នានា​របស់​អយ្យការ និង​តុលាការ​កម្ពុជា​។​
 
«​វគ្គ​ស្វែងយល់​នេះ ពុំមែន​ជា​សន្និសីទកាសែត ឬ​ជា​វេទិកា​សួរដេញដោល​ទាក់ទង​នឹង​សំណុំរឿង​ជាក់ស្តែង​ណាមួយ​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងយុត្តិធម៌​៕
 
 

Tag:
 ក្រសួងយុត្តិធម៌
  កើត រិ​ទ្ធ
  ក្រមព្រហ្មទណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com