អន្តរជាតិ
ប្រមុខ​គណកម្មការ​អឺរ៉ុប​នឹង​ស្កាត់​ជួប​លោក ពូ​ទីន ទោះ​អាមេរិក​និង​ប្រទេស​អឺរ៉ុប​ខ្លះ​ជំទាស់​
31, May 2016 , 8:39 pm        
រូបភាព
ខែមិថុនា​ខាងមុខ ប្រធាន​គណកម្មការ​អឺរ៉ុប នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​សហព័ន្ធរុស្ស៊ី​ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​មួយ ប៉ុន្តែ​លោក​ក៏​ទំនងជា​ជួប​ជជែក​ផ្ទាល់​ជាមួយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ពាក់ព័ន្ធ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដែរ​។ នេះ​អាចជា​សកម្មភាព​ថ្មី​មួយ​ដែល​បង្ហាញថា​សហភាព​អឺរ៉ុប​កំពុង​បន្ទន់​ជំហរ​ដាក់​រុស្ស៊ី​ដោយ​តាម​ទៅ​ជួប​លោក ពូ​ទីន ដល់ផ្ទះ ស្រប​ពេលដែល​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជិត​ផុតកំណត់​ហើយ​។


តែ​កាលពី​សប្តាហ៍​មុន​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ជប៉ុន​បណ្តា​មេដឹកនាំ​ក្រុម​ប្រទេស ៧ បាន​អះអាងថា​ពួកគេ​នឹង​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទៀត​នៅ​ចុងខែ​មិថុនា​ខាងមុខនេះ​ទាំង​ដែរ រុស្ស៊ី​ប្រកាសថា​ខ្លួន​មិន​ខ្វល់​ពី​ទណ្ឌកម្ម​ឡើយ​។ ចង់​ដក​ក៏​ដក​ទៅ ឬ​មិន​ដក​ក៏​អត់​ទៅ​។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ប្រមុខ​គណៈកម្មការ​អឺរ៉ុប​លោក ហ្ស​ង់​ក្លូ ចាំ​កឺ ( Jean-Claude Juncker) នឹង​បំពេញ​ទស្សនកិច្ច​នៅ​សហព័ន្ធរុស្ស៊ី​នៅ​ខែមិថុនា​ខាងមុខនេះ ដោយ​លោក​នឹងចូលរួម​វេទិកា​សេដ្ឋកិច្ច​មួយ​ដែល​រៀបចំឡើង​នៅ​St Petersburg ។ នៅក្នុង​កិច្ច​វេទិកា​នេះ លោក ចាំង​កឺ នឹង​ស្កាត់​ជួប​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ផងដែរ​ប៉ុន្តែ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា មេដឹកនាំ​ទាំងពីរ​នឹងមាន​កិច្ចពិភាក្សា​តទល់​មុខ​គ្នា​ដាច់ដោយឡែក​ឬ​អត់​។ គេ​រំពឹងថា បញ្ហា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នឹងត្រូវ​លើកយក​មក​ពិភាក្សា​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នេះដែរ ព្រោះ​មេដឹកនាំ​អឺរ៉ុប​កំពុង​ខ្វែងគំនិត​គ្នា​នៅឡើយ​និយាយ​ដល់​ការបន្ត​ទណ្ឌ​កម្មនេះ​។ អាមេរិក​និង​ប្រទេស​មេដឹកនាំ​អឺរ៉ុប​មួយចំនួន ប្រឆាំង​ទស្សនកិច្ច​នេះ ដោយ​សម្អាងថា វា​ហាក់ដូចជា​អឺរ៉ុប​កំពុង​រណប​រុស្ស៊ី​ដូច្នេះ​ដែរ​។  កន្លងមក​រុស្ស៊ី​បានបញ្ជាក់​ច្បាស់​ហើយ​ថា ខ្លួន​គ្មាន​បំណង​លើកយក​បញ្ហា​ទណ្ឌកម្ម​ទៅ​ជជែក​ជាមួយ​សហភាព​អឺរ៉ុប​ឡើយ ទោះជា​អឺ​រុ​ប​ចង់​ដក ឬ​ចង់ទុក​ក៏​ខ្លួន​មិន​ខ្វល់​ដែរ​។ តែ​រុស្ស៊ី​ស្វាគមន៍​វត្តមាន​មេដឹកនាំ​អឺរ៉ុប​ដូចជា​លោក ហ្ស​ង់​ក្លូ ចាំង​កឺ​នេះ​។​

១. អឺរ៉ុប​បែក​បែក​គ្នា ឬ​អឺរ៉ុប​បន្ទន់ឥរិយាបថ​ដាក់​រុស្ស៊ី ?
​វត្តមាន​របស់លោក ហ្ស​ង់​ក្លូ ចាំង​កឺ នៅ​រុស្ស៊ី​បង្ហាញ​ពី​ការបន្ទន់​ឥរិយាបទ​មួយ​ចំពោះ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង ថ្វីបើ​វិបត្តិ​អ៊ុយ​ក្រែ​ន​មិនទាន់​ឈានដល់​ទីបញ្ចប់​ក៏ដោយ​។ លោក ចាំង​កឺ ក្លាយជា​មេដឹកនាំ​សហភាព​អឺរ៉ុប​ទីមួយ ដែល​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​និង​ជួប​មេដឹកនាំ​រុស្ស៊ី ចាប់តាំងពី​ពេលដែល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea និង​គាំទ្រ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤​មក​។ លោក ចាំង​កឺ ខុសពី​មេដឹកនាំ​សហភាព​អឺរ៉ុប​ផ្សេងទៀត ព្រោះ​លោក​យល់ថា បើ​រក្សា​ជំហរ​រឹងត្អឹង​ដាក់រ​ស្ស៊ី គ្មាន​អ្នកណា​ចំណេញ​ទេ ហើយ​អ្វីដែល​គ្រោះថ្នាក់​គឺ​ការ​ប្រជែង​សព្វាវុធ​រវាង​អឺរ៉ុប​និង​រុស្ស៊ី​តែម្តង​។

​បើសិន​មានការ​លើកឡើង​ពី​បញ្ហា​ទណ្ឌកម្ម​រុស្ស៊ី​ក្នុង​ទស្សនកិច្ច​នេះ​មែន​វា​ជា​ជំហាន​មួយ​ដែល​អឺរ៉ុប​និង​រុស្ស៊ី​ចាប់យក​ការសន្ទនា​គា្ន​ដើម្បី​ដោះស្រាយ​បញ្ហា ស្រប​ពេលដែល​រដ្ឋ​អឺរ៉ុប​ទាំង​២៨ ត្រូវ​សម្រេច​នៅ​ចុងខែ​មិថុនា​ថា​ត្រូវ​បន្ត​ទណ្ឌកម្ម​ប្រឆាំង​ឬ​អត់​។ ហើយ​បើ​ជំនួប​ពិភាក្សា​នេះ​មាន​ផ្លែផ្កា​ច្រើន រដ្ឋមន្ត្រីការបរទេស​លោកស្រី Federica Mogherini  ប្រហែលជា​នឹង​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​រុស្ស៊ី​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការស្តារ​ទំនាក់ទំនង​អឺរ៉ុប​ជាមួយ​រុស្ស៊ី​និង​ជំរុញ​ឲ្យ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង  Minks II ពេញលេញ​ផងដែរ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ បណ្តា​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ដូចជា​លី​ទុយ​អា​នី និង​ឡា​ត់​វី ដែលជា​អតីត​រដ្ឋ​សហភាពសូវៀត​នោះ​មិន​ពេញចិត្ត​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ស្ថាប័ន​នីតិបញ្ញត្តិ​សហភាព​អឺរ៉ុប​ឡើយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  រដ្ឋមន្ត្រីការបរទេស​លី​ទុយ​អា​នី Linas Linkevicius អះអាងថា​៖« ទស្សនកិច្ច​របស់​មន្ត្រី​អឺរ៉ុប​គ្រប់​ជាន់ថ្នាក់​សុទ្ធតែ​មានតម្លៃ​ជា​និមិត្តរូប​មួយ​។ ហើយ​ខ្ញុំ​មើលមិនឃើញ​ថា​មាន​ហេតុផល​អ្វីដែល​យើង​ត្រូវ​បង្ហាញ​រុស្ស៊ី​ថា​យើង​កំពុង​ត្រូវការ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដូច្នេះ​»​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​ឡា​ត់​វី Edgars Rinkevics  វិញ​បានលើកឡើង​ស្រដៀង​គ្នា​ថា លោក ចាំង​កឺ គួរ​ចៀសវាង​ឲ្យ​បាន​នូវ​ការបញ្ចេញ​ឥរិយាបទ​ដែល​បញ្ជាក់ថា ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហភាព​អឺរ៉ុប​ត្រូវ​បន្ត​ទៅមុខ​ក្នុង​ក្របខណ្ឌ​ធុរកិច្ច​ជាធម្មតា​ដោយ​ព្រងើយកន្តើយ​ចំពោះ​ព្រឹត្តិការណ៍​ឆ្នាំ ២០១៤​ឡើយ​។ ប្រទេស​ទាំងពីរ​នេះ​មិន​គាំទ្រ ចំពោះ​ការបន្ទន់​ជំហរ​ដាក់​រុស្ស៊ី​នេះឡើយ ព្រោះ​ពួកគេ​គិតថា​វា​គ្មាន​ផលចំណេញ ហើយ​រុស្ស៊ី​ក៏​មិន​ផ្លាស់ប្តូរ​គោលនយោបាយ​គំរាម​ប្រទេស​តូចៗ​ដែរ​។​

​តែ​ដូច​រៀបរាប់​ខាងលើ​ដូច្នេះ​ដែរ អឺរ៉ុប​នៅ​បែកខ្ញែក​គ្នា​នៅឡើយ ហើយក៏​មិនទាន់​អា​ចរក​ជំហរ​រួមគ្នា​បានដែរ ពេលដែល​និយាយ​ដល់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ប្រទេស​ធំៗ​ដូចជា បារាំង និង​អ៊ីតាលី ម្តង​ជា​ពីរដង​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ប្រញាប់ប្រញាល់​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ចេញ ដើម្បី​បើកទ្វារ​សម្រាប់​ការជជែក​ពិភាក្សាគ្នា​ដោះស្រាយ​វិបត្តិ​និង​បញ្ចៀស​ការខាតបង់​ប្រយោជន៍​ធំៗ​។

២.​រដ្ឋ​អឺរ៉ុប​ទំនងជា​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទៀត ទោះ​មានការ​ជំទាស់​
 យ៉ាងណាក៏ដោយ ទណ្ឌកម្ម​ច្រើន​ជំហាន​ដែល​អឺរ៉ុប​បានដាក់​ប្រឆាំង​រុស្ស៊ី​ទំនងជា​មិនត្រូវ​ដក​ឬ​បញ្ចប់​ត្រឹម​ចុងខែ​មិថុនា​នេះ​ទេ​។ រដ្ឋ​អឺរ៉ុប​ធំៗ​ដូចជា​អង់គ្លេស អាល្លឺម៉ង់​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប អាមេរិក យល់ឃើញ​ដូចគ្នា​ថា វា​ចាំបាច់​ត្រូវ​បន្ត​ទុក ទណ្ឌ​កម្មនេះ​។ ដូច្នេះ​វា​ពិតជា​មិនអាច​ចៀសផុត​ឡើយ ទោះជា​មាន​អ្នកជំទាស់​ការបន្ត​ទណ្ឌកម្ម​នេះ​ក្តី ព្រោះ​គេ​ចង់បង្ហាញ​ពី​ការ​ឯកភាពគ្នា​ផ្ទៃក្នុង​រវាង​សមាជិក​។

​ក្នុង​ថ្ងៃទី​២​នៃ​កិច្ចប្រជុំ​កំពូល​ប្រទេស ៧ នៅ​ប្រទេស​ជប៉ុន​សប្តាហ៍​មុន ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​សលោក ដេវីដ ខេ​មេ​រ៉ូ​ន បាន​លើកឡើងថា​បណ្តា​សមាជិក​ក្រុម​ប្រទេស ៧ បាន​ឯកភាពគ្នា​រួចរាល់​ហើយ​ថា​នឹង​បន្ត​ទណ្ឌកម្ម​រុស្ស៊ី​ចាប់ពី​ចុងខែ​មិថុនា​ខាងមុខ​។   ការបន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នេះ​ត្រូវបាន​បណ្តា​មេដឹកនាំ​ក្រុម​ប្រទេស ៧​នេះ​ពន្យល់ថា​ជាការ​ដាក់​គំនៀប​ឲ្យ​រុស្ស៊ី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk ទី ២ ដែល​ចូល​ជា​ធរមាន​តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំមុន​ឲ្យ​បាន​ពេញលេញ​សិន​៕

Tag:
 Jean Claude Juncker
  វ្ល៉ា​ឌី​មៀ​ពូ​ទីន​
  គណៈកម្មការ​អឺ​រុ​ប​
© រក្សាសិទ្ធិដោយ thmeythmey.com