ពីនេះ ពីនោះ
សុភាសិត​៖«​ទូក​ទៅ កំពង់​នៅ​»​មាន​អត្ថន័យ​ដូចម្ដេច​?
02, Jun 2016 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកប្រាជ្ញ​បុរាណ​ខ្មែរ​សម័យមុនៗ មាន​ទម្លាប់​មួយ នៅពេល​លោក​ចង់​ប្រដៅ អប់រំ​កូនចៅ ឬ​រឿង​សង្គម​ណាមួយ​លោក​តែងតែ​សរសេរ​ជា​អត្ថបទ កំណាព្យ ពាក្យស្លោក ជាពិសេស​គឺ​សុភាសិត ដែលមាន​លក្ខណៈ​ខ្លី ខ្លឹម និង​បង្កប់​អត្ថន័យ​លក្ខណៈ​ប្រៀបធៀប​។ រីឯ​«​ទូក​ទៅ កំពង់​នៅ​» ជា​សុភាសិត​មួយ​ដែល​ដូនតា​ខ្មែរ​បានលើកឡើង​។ អ្វី​ជា​អត្ថន័យ​នៃ​សុភាសិត​នេះ​?



«​ទូក​ទៅ កំពង់​នៅ​» គឺជា​សុភាសិត​មួយ​ដែល​មនុស្ស​ខ្មែរ​ស្ទើរ​គ្រប់គ្នា ធ្លាប់​បានឮ ធ្លាប់បាន​សរសេរ ធ្លាប់បាន​និយាយ​ត​គ្នា ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ សុភាសិត​នេះ បើ​គេ​គិត​ក្នុង​ន័យត្រង់ គឺ​ចង់​សំដៅថា ទោះបីជា​ទូក ដែលជា​យាន្ត​ជំនិះ​សម្រាប់​ឆ្លង​ទឹក ត្រូវធ្វើ​ដំណើរ​ចាក​ចេញពី​កំពង់​ដែលជា​កន្លែង​សម្រាប់​ចតទូក​ក្ដី ក៏​កំពង់​នោះ​មិន​ទៅណា ហើយ​វា​ស្ថិតនៅ​កន្លែង​ដដែល​ជា ទី​ចត​សម្រាប់​ទូក​នានា​ដែល​មក​ចត​។ ក្នុងករណីនេះ ទោះ​ទូក​ទៅ កំពង់​នៅតែ​ជាទី​ចំណត​ដដែល​។​

​ប៉ុន្តែ​ចំពោះ​សុភាព​សិត​នេះ មិនបាន​កំណត់​វិសាលភាព​អត្ថន័យ​របស់ខ្លួន​ត្រឹមតែ​ជា​ន័យត្រង់​នោះទេ​។ ផ្ទុយ​មកវិញ គឺជា​សុភាសិត​មួយ​ដែល​បាន​បង្កប់​នូវ​អត្ថន័យ​អប់រំ​យ៉ាងជ្រៅ​សម្រាប់​អប់រំ​ដល់​កូនចៅ​ខ្មែរ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។

​ពាក្យ​មួយ​ឃ្លា «​ទូក​ទៅ កំពង់​នៅ​»​នេះ ដូនតា​ខ្មែរ​ចង់​ឲ្យ​កូន​ខ្មែរ ចេះ​កសាង​ជីវិត កសាង​កេរ្តិ៍ឈ្មោះ កសាង​កិ​ត្ត​យស កសាង​តម្លៃ​ខ្លួនឯង​ក្នុងនាម​ជា​បុគ្គល​ត្រឹមត្រូវ​មួយរូប ក្លាយជា​ជន​គំរូ ដែល​រស់នៅ​កន្លែង​ណាមួយ ឬ​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​សង្គមជាតិ​។ ប្រការនេះ ទោះបី​នៅ​ថ្ងៃ​ណាមួយ​បុគ្គល​នោះ​ត្រូវ​ចាកចេញទៅ ឬក៏​ត្រូវស្លាប់​ខ្លួន ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ល្អ កិត្តិយស​ថ្លៃថ្នូរ តម្លៃ​របស់​បុគ្គល​នេះ នៅតែ​ជា​គំរូ​ដល់​អ្នកផង​ទាំងពួង​។ គំរូ​ល្អ​នេះហើយ គឺ​ប្រៀបបាន​ទៅនឹង​ទូក ដែល​បាន​ចាក់ចេញ​ទៅហើយ ប៉ុន្តែ​កំពង់​នៅតែ​ដដែល​។ រាងកាយ​បុគ្គល​បាន​ឃ្លាតឆ្ងាយ​ទៅហើយ ហើយ​អ្នកផង​ក៏​ងាយ​និងបំ​ភ្លេច ប៉ុន្តែ​កេរ្តិ៍ឈ្មោះ កិត្តិយស ស្នាដៃ និង​ភាពថ្លៃថ្នូរ​ត្រូវបាន​គេ​ចងចាំ​ជានិច្ច​។​

​ឧទាហរណ៍​ដូចជា​ព្រះបាទ ជ័យ​វរ្ម័នទី​៧ ទោះបីជា​សព្វថ្ងៃនេះ រាងកាយ​របស់​ព្រះអង្គ​មិនបាន​នៅ​ជាមួយ​មនុស្ស​ខ្មែរ​ទូទាំងប្រទេស ក៏ដូចជា​ពិភពលោក​ទាំងមូល ប៉ុន្តែ​កេរ្តិ៍ឈ្មោះ ស្នាដៃ តម្លៃ និង​កិត្តិយស​របស់​ទ្រង់ នៅតែ​ស្ថិតនៅក្នុង​ដួង​ចិត្ត​ប្រជាជន​ខ្មែរ ក៏ដូចជា​ពិភពលោក​ទាំងមូល​។

​ត្រលប់​មកវិញ សុភាសិត​មួយ​ឃ្លា​របស់​ដូនតា​ខ្មែរ​នេះ ទិសដៅ​ធំ​គឺ​ចង់​អប់រំ​ឲ្យ​កូន​ខ្មែរ​ចេះ​កសាង​ខ្លួន​ជាម​នុស្ស​ល្អ កេរ្តិ៍ឈ្មោះ កិត្តិយស ភាពថ្លៃថ្នូរ ស្នាដៃ ដើម្បី​បន្សល់ទុក​សម្រាប់​ការចងចាំ​របស់​អ្នកជំនាន់ក្រោយ ទោះ​ក្នុង​លក្ខខណ្ឌ​មួយ ដែល​ខ្លួន​របស់​បុគ្គល​នោះ​លែងមាន​អត្ថិភាព​ក្ដី​៕


Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com