ជាតិ
អ្នកភូមិ​កោះកុង​ទាមទារ​សំណង​សមស្រប​ជាង​មុន​ពី​ក្រុមហ៊ុន​ចិន​
02, Jun 2016 , 8:19 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ខណៈដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​គី​រី​សាគរ​បាន​លើកគ្នា​ទៅ​បោះតង់​នៅ​ភូមិ​ចាស់ ប្រកាស​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ម្តងទៀត អភិបាលខេត្ត​កោះកុង​ថ្លែងថា អាជ្ញាធរខេត្ត​មិនទាន់​ទទួលបាន​ដំណឹង​នេះដែរ​។ លោក​ថា ក្រុមហ៊ុន​ជា​អ្នកដោះស្រាយ​រឿងនេះ ចំណែកឯ​អាជ្ញាធរ​អាច​ត្រឹមតែ​ជួយ​សម្របសម្រួល​។ ប្រជាពលរដ្ឋ​២២​គ្រួសារ​នេះ បានទទួល​លុយ​ជា​សំណង​ពី​១៥,០០០​ដុល្លារ ទៅ​៧,០០០​ដុ​លា្ល​រ និង​បាន​ដី​ទំហំ​៥​ហិកតា​ក្នុង​មួយ​គ្រួសារ ដែលជា​ចំនួន​មួយ​ច្រើនជាង​ក្រុម​ប្រជាពលរដ្ឋ​លោក​បានទទួល​។

 
​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្តកោះកុង​ជាង​២០០​គ្រួសារ​ដែល​បាន​យល់ព្រម​ចាក​ចេញពី​ភូមិដ្ឋាន​ចាស់​របស់ខ្លួន​កាលពី​ឆ្នាំ​២០១២ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន Union Development Group (UDG) អនុវត្ត​គម្រោង​វិនិយោគ​ទីក្រុង​ទេសចរ បានសម្រេច​វិលត្រឡប់​ចូលទៅ​កាន់កាប់​ដីធ្លី​របស់ខ្លួន​វិញ បន្ទាប់ពី​បានដឹងថា សំណង​ដែល​ក្រុមហ៊ុន​ចិន​នេះ បានផ្តល់​ឲ្យ​កន្លងមក​មិន​សមស្រប និង​មិន​តុល្យភាព ធៀប​នឹង​សំណង​ដែល​ប្រជាពលរដ្ឋ​ផ្សេងទៀត​បានទទួល​កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកតំណាង​ប្រជាពលរដ្ឋ និង​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំខេត្ត​កោះកុង​។​

​ការវិលត្រឡប់​ទៅកាន់​ភូមិដ្ឋាន​ចាស់​នេះ កើតឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២២​គ្រួសារ​ផ្សេងទៀត បានទទួល​សំណង​ពី​ក្រុមហ៊ុន​ចិន UDG កាលពី​ពាក់​កណា្ត​ល​ខែឧសភា​ឆ្នាំ​២០១៦​នេះ​។ អ្នកតំណាង​ប្រជាពលរដ្ឋ ដែល​សម្រេច​នាំគ្នា​ទៅ​បោះតង់​ទាមទារ​សំណង​ពី​ដី​ចាស់ បាន​និយាយថា សំណង​ដែល​ខ្លួន​ទទួល កាលពី​ពេលមុន គឺ​មិន​សមស្រប ហើយ​បានធ្វើ​ឲ្យ​អ្នក​បម្លាស់​ទី​ធ្លាក់ខ្លួន​ក្រ និង​ក្លាយជា​កូនបំណុល​។​

​លោក អ៊ុំ វីរៈ ជា​តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​ព្រមព្រៀង រើ​ចេញពី​ទីតាំង​ចាស់​ក្នុងភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ទៅកាន់​ទីតាំង​ថ្មី​ក្នុងភូមិ​ឃុំ​ដដែល តែមាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​មាត់សមុទ្រ កាលពី​ឆ្នាំ​២០១២​។ លោក​បាន​ប្រាប់ VOA ថា ការផ្តល់​សំណង​របស់​ក្រុមហ៊ុន គឺ​មិនមាន​តម្លាភាព និង​អយុត្តិធម៌ បើ​ធៀប​នឹង​សំណង​ដែល​ប្រជាពលរដ្ឋ​ផ្សេងទៀត​បានទទួល​។​

​លោក​បញ្ជាក់ថា ការ​មក​តាំងនៅ​ភូមិដ្ឋាន​ថ្មី បានធ្វើ​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​យ៉ាងខ្លាំង​ដោយ​គ្មាន​របរ​រកស៊ី ហើយ​ដំណាំ​ដែល​បាន​ផល​ហើយ​តែ​គ្មាន​ទីផ្សារ​រហូត​ត្រូវ​បង្ខំចិត្ត​លក់​ដី ដែលជា​ផ្នែក​មួយ​នៃ​សំណង​ដែល​ក្រុមហ៊ុន​បានផ្តល់​ឲ្យ​កាលពី​ពេលមុន​។​

​លោក អ៊ុំ វីរៈ បញ្ជាក់ថា​៖ «​អា​រឿង​ការរស់នៅ​តំបន់​ថ្មី​នោះ បង​ដឹង​ស្រាប់​ហើយ ប្រជាពលរដ្ឋ​ខ្ញុំ ជួប​ការលំបាក​ខ្លាំងណាស់ ខ្លះ​លក់​ដី សឹង​អស់រលីង​ហើយ​រក​លំនៅដ្ឋាន​អត់​មាន​ផង ដោយសារ​ការជួប​ទីទ័លក្រ​លំបាក​វេទនា​ហ្នឹង​ណា៎​»​។​

​លោក អ៊ុំ វីរៈ បាន​បន្តថា ក្រុម​ប្រជាពលរដ្ឋ​ដែល​វិល​ទៅ​ភូមិដ្ឋាន​ចាស់​របស់ខ្លួន​នោះ នឹង​នៅ​ទាមទារ​ឲ្យ​បាន​សំណង​ដូចដែល​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​២២​គ្រួសារ បានទទួល​ពី​ក្រុមហ៊ុន UDG​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​២២​គ្រួសារ​នេះ បានទទួល​លុយ​ជា​សំណង​ពី​១៥,០០០​ដុល្លារ ទៅ​៧,០០០​ដុ​លា្ល​រ និង​បាន​ដី​ទំហំ​៥​ហិកតា​ក្នុង​មួយ​គ្រួសារ ដែលជា​ចំនួន​មួយ​ច្រើនជាង​ក្រុម​ប្រជាពលរដ្ឋ​លោក​បានទទួល​។​

«​ទាមទារ​លុយ ហើយ​និង​ដី​ឲ្យ​ស្មើភាព​មក ខ្ញុំ​ឈប់​ហើយ ឲ្យ​តែ​បាន​ដី​៥​ហិកតា លុយ​ដូច​គេ​មក ឈប់​ហើយ​»​។​

​លោក​បន្ថែមថា ក្រុមហ៊ុន UDG ដដែល​នេះ បាន​ក្បត់​សន្យា​របស់ខ្លួន ដែលថា ខ្លួន​នឹង​ឧបត្ថម្ភ​អង្ករ​ដល់​ប្រជាពលរដ្ឋ​ដែល​ព្រម​ចាក​ចេញពី​លំនៅដ្ឋាន​ចាស់ ទៅកាន់​ទីតាំង​ថ្មី ក្នុង​រយៈពេល​បី​ឆ្នាំ តែ​ប្រជាពលរដ្ឋ​បានទទួល​អង្ករ​តែ​បី​បាវ​ប៉ុណ្ណោះ ហើយក៏​ឈប់​ទទួលបាន​អង្ករ​បន្ថែមទៀត​។ សម្រាប់​សំណង​ដីធ្លី​វិញ លោក​ថា គ្រានោះ​គ្រួសារ​ខ្លះ​បានទទួល​ដី​២​ហិកតា​កន្លះ ជាមួយ​ផ្ទះមួយ​ខ្នង និង​ខ្លះទៀត​បាន​ដី​តែ​២​ហិកតា ហើយ​បាន​ផ្ទះមួយ​ខ្នង​ដែរ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​សំណង​ជា​លុយ ដែល​បាន​ពី​ក្រុមហ៊ុន​នោះទេ​។​

​ក្រុមហ៊ុន Union Development Group នេះ បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​៣,៨​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០០៨​។ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្គឹ​ម​ស្កៃ​នេះ កំពុងដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ក្នុង​ខេត្តកោះកុង​។​

​គម្រោង​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១,០០០​គ្រួសារ ចាក​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​បណ្តើរ​ជា​យូរ​មកហើយ​។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២២​គ្រួសារ​ដែល​ទើប​ទទួលបាន​សំណង​កាលពី​ពាក់កណ្តាល​ខែឧសភា​នេះ ជា​ប្រជាពលរដ្ឋ​ដែល​ប្រកែក​មិន​ព្រម​ចាក​ចេញពី​ភូមិដ្ឋាន​ចាស់ មុននឹង​ពួកគេ​ទទួលយក​សំណង​ដែល​ពួកគេ​យល់ថា សមស្រប និង​អាច​ទទួលយកបាន​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​។​

​លោក អ៊ិន គង់​ជិត មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំខេត្ត​កោះកុង បាន​មានប្រសាសន៍ប្រាប់ VOA ថា ការវិលត្រឡប់​ទៅកាន់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​ព្រម​ចាក​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​កាលពី​បួន​ឆ្នាំមុន​នោះ មានបំណង​សុំ​ឲ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល ទូទាត់​ថ្លៃ​ដី ថ្លៃ​ផ្ទះ និង​ថ្លៃ​ដំណាំ​របស់​ពួកគេ ដូចដែល​ប្រជាពលរដ្ឋ​ប្រមាណ​២២​គ្រួសារ​បានទទួល​។​

​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ថ្លែងថា​៖ «​គាត់​វិល​មក​ភូមិ​ចាស់​វិញ ហើយ​គាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន និង​គណៈកម្មការ​អន្តរក្រសួង​ហ្នឹង​ត្រូវ​ផ្តល់​សំណង​ជា​លុយ​សម្រាប់​ដី​ផ្ទះ​គាត់ ដី​និង​ផ្ទះ និង​ដំណាំ​របស់គាត់​»​។​

​លោក អ៊ិន គង់​ជិត ថ្លែងបន្តថា ការដោះស្រាយ​ទូទាត់​សំណង​ឡើងវិញ​នេះ អាច​នឹងមាន​ភាព​ស្មុ​គ្រ​ស្មាញ​ទៅដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​។ យ៉ាងណាក៏ដោយ លោក​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​បានទទួល​សំណង​ថ្មីៗ​នេះ បាន​តស៊ូ​ក្រាញននាល​ជាច្រើន​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន នៅលើ​ដីធ្លី​របស់​ពួកគេ មុនពេល​ទទួលបាន​សំណង​។ លោក​បញ្ជាក់​បន្ថែមថា ប្រជាពលរដ្ឋ​ដែល​ទើប​ទទួលបាន​សំណង​ថ្មីៗ​នេះ គឺ​មកពី​ចំណុច​វត្ត​ពយ​ជប៉ុន ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ​។ អ្នក​ដែល​កំពុង​ទាមទារ​សំណង​បន្ថែម​នេះ ក៏បាន​ចេញពី​ចំណុច​វត្ត​ពយ​ជប៉ុន​នេះដែរ​។​

​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង បាន​ប្រាប់ VOA កាលពី​ថ្ងៃ​អង្គារ កន្លងទៅនេះ ថា អាជ្ញាធរ​ភូមិ​ឃុំ ពុំទាន់​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ចូលទៅ​ស្នាក់​នៅក្នុង​ទីតាំង​ចាស់ ដែល​ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​រួចទៅហើយ​នោះទេ​។​

«​អាហ្នឹង​ចាំមើល​ជាក់ស្តែង​សិន​ថា ខាង​ក្រុមហ៊ុន​គេ ចំណាត់ការ​យ៉ាងម៉េច​។ ខាង​ក្រុមហ៊ុន ក៏ត្រូវ​តែ​មក​ទំនាក់ទំនង អាជ្ញាធរ​ដែរ ព្រោះ​កន្លែង​ហ្នឹង យើង​ដាក់​ឲ្យ​គេ​វិនិយោគ​ទៅហើយ​»​។​
​លោក​ថា អាជ្ញាធរ​មូលដ្ឋាន ពុំមាន​លទ្ធភាព​សម្រាប់​ទូទាត់​សំណង​ជូន​ប្រជាពលរដ្ឋ​នោះឡើយ គឺមាន​តែ​ខាង​ក្រុមហ៊ុន​ប៉ុណ្ណោះ​។​

VOA ពុំទាន់​អាចទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន Union Development Group បានទេ តាំងពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ​។​

​គម្រោង​សាងសង់​ទីក្រុង​ទេសចរណ៍​នេះ អាច​ត្រូវ​ប្រើពេល​២៥​ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​។ ទីក្រុង​នេះ ប្រសិនបើ​សាងសង់​រួច នឹងមាន​វាល​ព្រលានយន្តហោះ មណ្ឌល​ពាណិជ្ជកម្ម កំពង់ផែ និង​ទីកន្លែង​កម្សាន្ត​ផ្សេងទៀត ដូចជា​កន្លែង​វាយ​កូន​ហ្គោល​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ខេត្តកោះកុង កាលពីពេល​កន្លងមក​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com