ពីនេះ ពីនោះ
ចង់​ឲ្យ​គេ​សរសើរ​ជាតិ តែ​ម្ចាស់​ប្រទេស​នៅតែ​ឈ្លោះ​គ្នា
03, Jun 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អាច​ទេ​ថា​ជាតិ​រឹងមាំ បើ​ម្ចាស់​ប្រទេស មាន​អ្នកមាន​សមត្ថភាព​តិច​។ អាច​ទេ​ជាតិ​រីកចម្រើន បើ​ម្ចាស់​ប្រទេស​មាន​ភាព​ទំនេរ​ច្រើន​។ អាច​ទេ​ជាតិ​ជាតិ​ខ្ពង់ខ្ពស់ បើ​ម្ចាស់​ប្រទេស​ខ្វះ​ភាពថ្លៃថ្នូរ​។ អាច​ទេ​បរទេស​សរសើ​ជាតិ បើ​ម្ចាស់​ប្រទេស​រវល់​តែ​ឈ្លោះ​គ្នា​។ អាច​ទេ​ជាតិ​អាច​ទទួលបាន​សេចក្ដីទុកចិត្ត​ពិត​ពី​ប្រជាពលរដ្ឋ បើ​អ្នកនយោបាយ​ចូលចិត្ត​កុហក ពលរដ្ឋ​ខ្លួនឯង​។



​គ្រប់យ៉ាង គឺជា​រឿង​ដែល​កើតមាន​ដដែលៗ នរណា​ក៏​ដឹង អ្នកណា​ក៏​ឃើញ ប៉ុន្តែ​មិន​ព្រម​កែប្រែ នៅតែ​បន្ត នៅតែ​ធ្វើ​រឿង​ដែល​គ្មាន​ប្រយោជន៍ ហើយ​បង្កើតជា​រឿង បង្ក​ជា​បញ្ហា ក្លាយជា​ជម្លោះ ឈ្លោះ​គ្នា​មិនចេះចប់​មិនចេះហើយ​។ ជាពិសេស​គឺ​សកម្មភាព​របស់​អ្នកនយោបាយ​បច្ចុប្បន្ននេះ កាន់តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​ចិត្ត​ទៅលើ​អាជ្ញាធរ តុលាការ រដ្ឋាភិបាល អ្នកនយោបាយ ព្រោះតែ​ជម្លោះ​ក្នុងទិសដៅ​ស្វែងរក​ផលប្រយោជន៍​។ ចំណែក​ស្ថានភាព​នយោបាយ​បច្ចុប្បន្ននេះ មាន​លក្ខណៈ​ផុស​ស្រួយ​គួរ​ឲ្យ​បារម្ភ ដែល​ត្រូវតែ​យក​បញ្ហា​មក​គិត ពិចារណា រក​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ផលប្រយោជន៍​ខ្មែរ​។​

​យោងតាម​តថភាព​សង្គម និង​ស្ថានភាព​ជាក់ស្ដែង មានតែ​ខ្មែរ​ទេ ដែល​ស្រឡាញ់​ខ្មែរ ជាង​អ្នកណា​ទាំងអស់​។ តែបើ​ខ្មែរ​មិន​ប្រើ​វិធីសាស្ត្រ​សុចរិត ដើម្បី​ខ្មែរ​ទេ ខ្មែរ​ចាំ​ទទួលយក​លទ្ធផល​ដែល​កើត​ពី​អំពើ​ដែល​ខ្លួន​បាន​សាង​ក្នុង​កាល​បច្ចុប្បន្ននេះ​ទៅ​។ ខ្មែរ​ត្រូវ​ចាំ​ថា ខ្មែរ​ត្រូវតែ​មូលមតិ​គ្នា ជំរុញ​កិច្ចការ​ជាតិ​ទៅមុខ ដើម្បី​កុំ​ឲ្យ​អ្នកជិតខាង​គេ​បន្ត​ប្រមាថមើលងាយ​ពូជខ្មែរ ថា​ជា​ពូជ​អន់ថយ ចេះតែ​ឈ្លោះ​គ្នា មិន​ពូកែ​ខាង​រួមគ្នា និង​កសាង​ជាតិ​។

​សន្តិភាព តម្លៃ​ជាតិ កិត្តិយស​ជាតិ កម្លាំង​ជាតិ ស្មារតី​ជាតិ​តែមួយ​...​នឹង​កើតមាន ប្រសិនបើ​ខ្មែរ​យក​ការសន្ទនា ដោយ​ភាពស្មោះត្រង់ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ការពារ​ប្រយោជន៍​ខ្មែរ​។ ជា​ប្រទេសជាតិ​មួយ​ដែល​ខ្លាំង ជា​ជាតិ​មួយ​ដែលមាន​គេ​គោរព​សរសើរ ជា​ជាតិ​មួយ​ដែល​បរទេស​លេង​ប្រមាថមើលងាយ ​ខ្មែរត្រូវតែជា​ប្រទេសជាតិ​មួយ​ដែល​ពលរដ្ឋ​រស់នៅ​ដោយ​ភាពថ្លៃថ្នូរ និង​សាមគ្គីភាព​ដោយ​ស្មារតី​ជា​បង​ជា​ប្អូន​ពិត​។ ប៉ុន្តែ​បើ​នៅតែ​បន្ត​កុំ​សង្ឃឹម​ឡើយ​ថា​អ្នកជិតខាង​គេ​សរសើ​ជាតិ​យើង​ពិត​នោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com