ជាតិ
​ទិវា​សហគមន៍​ខ្មែរ​ត្រូវ​បង្កើតឡើង​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្មែរ​ក្នុងន័យ​វិជ្ជមាន​
03, Jun 2016 , 7:39 am        
រូបភាព
ដោយ:
វ៉ាស៊ីនតោន​៖ ក្នុងអំឡុង​ពិធី​អបអរ​សារ​ខួប​១៥​ឆ្នាំ​នៃ​ទិវា​សហគមន៍​ខ្មែរ (Cambodian Community Day) នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ស​.​រ​.​អា​. អ្នកចូលរួម​រំឭកថា សមាគម​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ដោយសារ​កាលណោះ​មាន​ជនជាតិ​អាមេរិកាំង​តិចតួច​ប៉ុណ្ណោះ​ដែល​ស្គាល់​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​នោះ ពួកគេ​ស្គាល់​តាមរយៈ​រឿង​កាប់សម្លាប់​គ្នា​។​



​ក្នុង​ពិធី​អបអរ​ខួប​១៥​ឆ្នាំ​នៃ​ទិវា​សហគមន៍​ខ្មែរ​(Cambodian Community Day) នៅ​ភោជនីយដ្ឋាន Harvest Moon នៅ​សង្កាត់ Falls Church រដ្ឋ Virginia កាលពី​ថ្ងៃ​សៅរ៍​មានការ​បង្ហាញ​ប្រពៃណី​វប្បធម៌​ខ្មែរ​ទាក់ទង​នឹង​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​និង​សម្អាងការ​កូនក្រមុំ​។ ក្នុង​ពិធីជប់លៀង​ប្រមូល​ថវិកា​ដើម្បី​លើកស្ទួយ​និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នេះ ប្រធាន​សមាគម​ទិវា​សហគមន៍​ខ្មែរ ហើយនឹង​អ្នក​ចូលរួមបាន​រំឭក​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ជនជាតិខ្មែរ​អាមេរិកាំង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​រៀបចំ​បង្កើត​ទិវា​សហគមន៍​ខ្មែរ​នេះ​ឡើង​កាលពី​១៥​ឆ្នាំមុន​។​

​លោក​បេន បាវ ប្រធាន​សមាគម​នេះ​បាន​រំឭកថា ពេល​លោក​មកដល់​សហរដ្ឋអាមេរិក​ដំបូង ជនជាតិ​អាមេរិកាំង​ជាច្រើន​ដែល​លោក​ជួប​គឺ​គេ​ស្គាល់​ប្រទេស​វៀតណាម តែ​មិន​ស្គាល់​ប្រទេស​កម្ពុជា​ទេ ទោះជា​ខ្មែរ​យើង​មាន​ប្រវត្តិ​យូរលង់​ជាង​ប្រទេស​វៀតណាម និង​មាន​ប្រាសាទអង្គរវត្ត​ក៏ដោយ​។ ពួកគេ​ភាគច្រើន​ដឹង​អំពី​ខ្មែរក្រហម វាលពិឃាត តែ​មិនដឹង​អំពី​អារ្យធម៌​ខ្មែរ​ទេ​។  លោក​ឲ្យ​ដឹងថា ដោយសារ​ហេតុនេះហើយ​បានជា​សមាគម​ទិវា​សហគមន៍​ខ្មែរ​ត្រូវបាន​បង្កើតឡើង​។

«​មានការ​ឈឺចិត្ត​នៅក្នុង​សង្គម​អាមេរិកាំង ដោយសារ​គេ​មិនសូវ​ស្គាល់​យើង​។ និយាយ​ឲ្យ​មែនទែនទៅ គេ​មិនដឹង​ខ្មែរ​យើង​នៅឯណា​។ គេ​សួរថា ខ្មែរ​យើង​ចេះ​ពាក់អាវ ឬ​អត់​? គេ​សួរ​ខ្មែរ​យើង​ចេះ​ពាក់​ស្បែកជើង​ឬ​អត់​? ហើយ​ខ្ញុំ​ចេះតែ​នឹក​ឃើញថា អូ​! ខ្មែរ​យើង​ចេះ​សង់​ដល់​ទៅ​ប្រាសាទអង្គរវត្ត​ផង​ម៉េច​គ្មាន​អ្នកណា​ដឹង​? ដូច្នេះ​បានជា​នាំគ្នា​ធ្វើ​អ​ញ្ចេះ​។ ដូច្នេះ​គោលបំណង​ធំ​គឺ​អញ្ចឹង​គឺថា ធ្វើ​ម៉េច​ឲ្យ​ជនជាតិ​បរទេស​ផ្សេងទៀត ជាពិសេស​ជនជាតិ​អាមេរិកាំង ដែល​យើង​មក​នៅ​នេះ ឲ្យ​គេ​ស្គាល់​យើង​ក្នុងន័យ​ល្អ​។ កុំ​ឲ្យ​គេ​ស្គាល់​យើង​ថា យើង​ដូច​ក្នុង​របប​ខ្មែរក្រហម កាប់សម្លាប់​គ្នា​អី​អញ្ចឹង​នោះ​ណា៎​»​។​

​ដូចគ្នានេះដែរ លោក​សូ សុខុម អនុប្រធាន​សម្ព័ន្ធភាព​កម្ពុជា​អាមេរិក (Cambodia America Alliance) និយាយថា លោក​ជួប​បទពិសោធន៍​ដូច​លោក​បេន បាវ​ដែរ​។​លោក​និយាយថា ជនជាតិ​អាមេរិកាំង​ចាប់ផ្តើម​ស្គាល់​ប្រទេស​ខ្មែរ​ច្រើន​ដោយសារ​របប​ខ្មែរក្រហម និង​ខ្សែភាពយន្ត​វាលពិឃាត​។ តែ​សកម្មភាព​សមាគម​វប្បធម៌​ខ្មែរ​នៅ​ស​.​រ​.​អា​. ដូចជា​ទិវា​សហគមន៍​ខ្មែរ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការប្តូរ​មុខមាត់​អវិជ្ជមាន​របស់​ប្រទេស​កម្ពុជា​ដោយ​ការផ្សព្វផ្សាយ​អំពី​សិល្បៈ និង​វប្បធម៌​ដែល​ទាក់ទាញ​អ្នកទេសចរ​។​



«​លក្ខណៈ​ដែល​ល្អ​នោះ​គឺថា យើងទាំងអស់គ្នា​ប្រឹងប្រែង​ឡើង និយាយ​ឲ្យ សង្គម​ស​.​រ​.​អា​.​ហ្នឹង​យល់ដឹង​ពី​រឿង​ស្រុក​ខ្មែរ រឿង​វប្បធម៌​ខ្មែរ​ហ្នឹង ដើម្បី​ឲ្យ​គេ​យល់ គេ​ទៅ​ស្រុក​ខ្មែរ ដូចជា​អង្គរវត្ត​។ អង្គរវត្ត​ល្អ​! ល្អ​មែនទែន​! ដើម្បី​ឲ្យ​សហគមន៍​អាមេរិកាំង​ហ្នឹង​គេ​ទៅ​ទស្សនា​នៅ​អង្គរវត្ត​យើង​។ អាហ្នឹង​ជា​កម្លាំង​លើកទឹកចិត្ត​មួយ​»​។​

​ទោះជា​យ៉ាងណាក្តី លោក​សង្កេតឃើញថា អ្នកចូលរួម​ដែល​មិនមាន​ដើមកំណើត​ជា​ខ្មែរ​មាន​ចំនួន​តិចតួច​នៅឡើយ ក្នុងចំណោម​មនុស្ស​ជាង​២០០​នាក់​នោះ​។ ដូច្នេះ​ត្រូវមាន​ការប្រឹងប្រែង និង​ការផ្សព្វផ្សាយ​បន្តទៀត​។

​ចំណែកឯ​លោក​ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​ថ្មី​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា កម្មវិធី​បែបនេះ​ក៏​ជា​ឱកាស​សម្រាប់​លោក​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា និង​ស្វែងយល់​អំពី​បំណង​របស់​ជនជាតិខ្មែ​រ​នៅ​ស​.​រ​.​អា​.​ដែរ​។​

«​យើង​មាន​ចំណុច​យល់ឃើញ​ដូចគ្នា អញ្ចឹង​ហើយ​បានជា​ខ្ញុំ​ត្រូវតែ​មក​។ ទោះ​រវល់​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​មក​អើត​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​គេ ដើម្បី​ពង្រីក​នូវ​ការយល់ដឹង​ដូចគ្នា​ហ្នឹង​ចំពោះ​ជនជាតិ​អាមេរិកាំង ដើម្បី​ឲ្យ​គាត់​ឃើញថា ខ្មែរ​យើង​មាន​វប្បធម៌ អារ្យធម៌​ខ្ពស់​ខ្ពស់ រាប់រយឆ្នាំ ប្រយោជន៍​ដើម្បី​ឲ្យ​គេ​ចង់​ទៅលេង​ស្រុក​យើង​»​។​

​លោក​ឯកអគ្គរាជទូត​បាន​ឲ្យ​ដឹងថា  មាន​អ្នកទេសចរ​ពីស​.​រ​.​អា​.​ជាង​២​សែន​នាក់​ក្នុងចំណោម​អ្នកទេសចរ​ទៅ​ប្រទេស​កម្ពុ​ជាជាង​៥​លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ ការផ្សព្វផ្សាយ​វប្បធម៌​នេះ​ពិតជា​រួមចំណែក​យ៉ាងច្រើន​។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ស​.​រ​.​អា​.​និង​កម្ពុ​ជាមាន​ទំហំ​ពាណិជ្ជកម្ម​ជាង​៣​ពាន់​លាន​ដុល្លារ និង​មាន​ក្រុមហ៊ុន​អាមេរិកាំង​ជាង​៤០​បាន​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បេន បាវ ប្រធាន​សមាគម​ទិវា​សហគមន៍​ខ្មែរ បាន​បន្តថា ក្រៅពី​សមាគម​របស់លោក នៅមាន​សមាគម​និង​គណៈកម្មការ​ផ្សេងទៀត​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ វប្បធម៌ អារ្យធម៌​ប្រទេស​កម្ពុជា​ដែល​អាច​ទាក់ទាញ​អ្នកទេសចរ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​។​

​លោក​និយាយថា តួនាទី​ជា​ប្រធាន​សមាគម​នេះ​មិនមាន​អ្នក​ចាប់អារម្មណ៍​ចង់​ធ្វើ​ទេ ព្រោះ​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា ហើយ​ប្រឈមមុខ​ការលំបាក​ជាច្រើន ដែលមាន​ពីដំបូង នៅពេល​បង្កើត​សមាគម​រហូតមកដល់​បច្ចុប្បន្ននេះ ជាពិសេស​ការប្រមូល​ថ​វិកា និង​ការកៀងគរ​សមាជិក​។​

​លោក​និយាយថា ការលំបាក​តែមួយគត់​ដែល​ត្រូវ​កាត់បន្ថយ​គឺ​ការរៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​ក្នុងពេល​ចូលឆ្នាំ និង​ខួប​របស់​សមាគម​នេះ នៅក្នុង​វត្ត​ពុទ្ធិកា​រាម ដែលជា​វត្ត​ខ្មែរ នៅ​ទីក្រុង Silver Spring រដ្ឋ Maryland ពីព្រោះ​មិនចាំបាច់​សុំច្បាប់ ដូច​ការរៀបចំ​នៅ​ទីសាធារណៈ ដូចជា​នៅ​សួន Arlington រដ្ឋ Virginia៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com