អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជា​ប្រធានបទ​ក្ដៅ​ក្នុងជំនួប​កំពូល​សន្តិសុខ​នៅ​សិង្ហ​បុរី​
03, Jun 2016 , 8:19 am        
រូបភាព
 ​ការ​កើន​កម្ដៅ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទំនង​ប្រធានបទ​សំខាន់​ក្នុង​របៀបវារៈ​សំខាន់ៗ ក្នុងជំនួប​កំពូល​សន្តិសុខ​នៅ​សិង្ហ​បុរី ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣ ខែមិថុនា​នេះ​។ វេទិកា​នេះ នឹង​បង្ហាញ​ពី​ការបែងចែក​រវាង​មហាអំណាច​អាមេរិក និង​ចិន លើ​បញ្ហា​នេះ ខណៈដែល​តុលាការ​ម​ជ្ឈ​ត្តិ​ការ​អន្តរជាតិ នឹង​សម្រេច​ពាក្យបណ្ដឹង​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្ដឹង​ដោយ​ហ្វីលីពីន​។    

 
​ជំនួប​កំពូល​សន្តិសុខ Shangri-La ដែលជា​វេទិកា​សន្តិសុខ​ដ៏​ធំ​ប្រចាំ​អាស៊ី ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ ខណៈដែល​ជម្លោះ​សមុទ្រ​ខាងត្បូង នឹង​ជា​បញ្ហា​ក្ដៅ​ដែល​ត្រូវ​ពិភាក្សា ក្នុងចំណោម​ប្រមុខ​ការពារជាតិ នៃ​ប្រទេស​អាស៊ី​។ វេទិកា​នេះ នឹង​ក្លាយជា​ឱកាស​សម្រាប់​ចិន និង​អាមេរិក ក្នុងការ​ស្វែងរក​ការគាំទ្រ​ពីរ​ដ្ឋ​ដទៃ មុនពេល​តុលាការ​មជ្ឈត្តិករ​អន្តរជាតិ កាត់ក្ដី​លើ​រឿងនេះ ដែលមាន​ហ្វីលីពីន ជាដើម​បណ្ដឹង​។ 
 
​ក្រុង​ម៉ានីល កំពុងតែ​ប្រជែង​ជាមួយ​ក្រុង​ប៉េកាំង ក្នុង​ជម្លោះទឹកដី​សមុទ្រ​ចិន​ខាងត្បូង ដែល​គ្របដណ្ដប់​លើ​ផ្ទៃ​ទឹក​នៃ​សមុទ្រ​នេះ​។ អ្នកជំនាញ​សន្តិសុខ រំពឹងថា អាមេរិក នឹង​ព្យាយាម​ទាក់ទាញ​ប្រទេស​អាស៊ីអាគ្នេយ៍ ក៏ដូចជា​មហាអំណាច ជប៉ុន និង​ឥណ្ឌា ដើម្បី​គាំទ្រ​ហ្វីលីពីន ដែល​ស្នើ​ឲ្យ​តុលាការ ទទួលស្គាល់​សិទ្ធិ​របស់ខ្លួន ក្នុងការ​ប្រើប្រាស់​ដែនទឹក ក្នុង​សមុទ្រ​នេះ​។ ចំណែកឯ ចិន ដែល​បដិសេធ​យុត្តាធិការ​តុលាការ​លើ​បញ្ហា​នេះ ក៏​រំពឹងថា នឹង​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ដទៃ កុំ​ឲ្យ​បង្ហាញ​ជំហរ​របស់ខ្លួន​ជា​សាធារណៈ ដើម្បី​ការពារ​ការរិះគន់​ពី​លោកខាងលិច​។​
 
​ជាមួយគ្នានេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុងចំណោម​ប្រតិភូ​ចំនួន​ជាង​២០ គេ​នឹង ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង លើ​ជំហរ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍ លើ​បញ្ហា​សមុទ្រ ចិន ខាងត្បូង​។ រដ្ឋ​ជា​សមាជិក​អាស៊ាន នៅ​មិនទាន់​ឯកភាពគ្នា​លើ​ដំណោះស្រាយ​ជាមួយ​ចិន ដែល​កំពុង​ទាមទារ​ដែន​អធិបតេយ្យ​នៅ​តំបន់​នេះ​ទេ ខណៈដែល​ពួកគេ កំពុង​ថ្លឹងថ្លែង​ផល ប្រយោជន៍​សេដ្ឋកិច្ច ជាមួយនឹង​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​នេះ​។ 
 
​ក្រៅពី​ចិន និង​ហ្វីលីពីន ប្រទេស​ផ្សេងទៀត​ដូចជា វៀតណាម ព្រុយ​ណេ តៃវ៉ាន់ និង​ម៉ាឡេស៊ី សុទ្ធតែ​ទាមទារ​ទឹកដី​ក្នុង​តំបន់​នេះ​ផងដែរ​។ សូម្បីតែ​អាមេរិក ក៏​លូកដៃ​ចូល​ជម្លោះ​ដែរ ដោយបាន​បញ្ជូន​នាវា​ល្បាត មក​តំបន់​នេះ ក្រោមលេស សិទ្ធិសេរីភាព​នាវាចរណ៍​អន្តរជាតិ​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​សន្តិសុខ​បី​ថ្ងៃ នឹង​ផ្ដល់ឱកាស​ដល់​មេដឹកនាំ​កងទ័ព មន្ត្រី​ចារកម្ម និង​ថ្នាក់ដឹកនាំ​ស៊ីវិល ពិភាក្សា​ដោយ​ចំហ លើ​បញ្ហា​សន្តិសុខ និង​ជម្លោះ​ដែល​កើតមាន​។ ជំនួប​នេះ​ទៀតសោត ក៏​ធ្វើ​ចំពេល​ដែល​អាស៊ី​កំពុង​ប្រឈមមុខ នឹង​ការផ្លាស់ប្ដូរ​នៅ​តំបន់ ដូចជា ការ​កាន់អំណាច​របស់​លោក Rodrigo Duterte នៅ​ហ្វីលីពីន និង​ការលុបចោល​ការហាមឃាត់​ការលក់​អាវុធ​ឲ្យ​វៀតណាម ពី​សំណាក់​អាមេរិក​។​
 
​ក្រៅពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ក៏​ទំនងជា​ប្រធានបទ​សំខាន់​ផងដែរ បន្ទាប់ពី​រដ្ឋ​ឯកោ​មួយ​នេះ សាកល្បង​អាវុធ និង​គ្រាប់បែកនុយក្លេអ៊ែរ ជាច្រើនលើក​ច្រើនសារ ក្នុងឆ្នាំនេះ​។ ជាមួយគ្នានេះ ការកើនឡើង​អំពើហិង្សា​ជ្រុលនិយម​នៅក្នុង​តំបន់ ក៏បង្ក​ការព្រួយបារម្ភ​ខ្លាំង ចំពោះ​សន្តិសុខ​តំបន់ ដែល​តម្រូវ​ឲ្យ​ប្រមុខ​សន្តិសុខ​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​បន្ទាន់​ដែរ​៕   
 
    
 
 
     

Tag:
 សមុទ្រ​ចិន​ខាងត្បូង​
 ​សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com