អន្តរជាតិ
ជប៉ុន ៖ ក្មេងប្រុសជនជាតិជប៉ុនដែលបាត់ខ្លួននៅក្នុងព្រៃ ត្រូវបានរកឃើញហើយ រូបថតក្មេងប្រុសជនជាតិជប៉ុន
× ក្មេងប្រុសជនជាតិជប៉ុនដែលបានបាត់ខ្លួននៅក្នុងព្រៃរយៈពេល ៦ ថ្ងៃ ត្រូវបានក្រុមជួយសង្គ្រោះរកឃើញនៅមានជីវិតនៅឡើយ កាលពីព្រឹកថ្ងៃសុក្រនេះ នៅក្នុងបន្ទាយទាហានបោះបង់ចោលមួយ នៅក្នុងព្រៃជ្រៅនៃប្រជុំកោះហុកកៃដូ។
វាជារឿងអស្ចារ្យណាស់ដែលកុមារ យ៉ាម៉ាតុ តានូកា អាយុ ៧ ឆ្នាំនេះអាចមានជីវិតរស់នៅ បន្ទាប់ពីរស់នៅក្នុងព្រៃតែម្នាក់ឯងរយៈពេល ៦ ថ្ងៃ ដោយគ្មានអាហារ និងទឹក។ ពាក្យដំបូងបំផុតដែលក្មេងប្រុសបាននិយាយទៅកាន់ក្រុមជួយសង្គ្រោះនោះគឺ « ខ្ញុំឃ្លានខ្លាំងណាស់ »។ ក្មេងប្រុសត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ក្រៅពីមានអាការអស់កម្លាំងរហិតរហៃ និងខ្វះជាតិទឹកក្នុងខ្លួន ក្មេងប្រុសគ្រាន់តែមានរបួសសើស្បែកតិចតួចនៅដៃ និងជើងប៉ុណ្ណោះ។ ក្រុមជួយសង្គ្រោះបានរកឃើញយ៉ាម៉ាតុនៅក្នុងព្រៃជ្រៅ ក្នុងបន្ទាយហ្វឹកហាត់ទាហានមួយដែលគេបោះបង់ចោល ស្ថិតនៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីកន្លែងដែលក្មេងប្រុសបាត់ខ្លួន។
យ៉ាម៉ាតុបាននិយាយថា គេបានដើរកាត់ព្រៃទៅកាន់អតីតបន្ទាយទាហាននោះដោយខ្លួនឯង។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយដែលក្មេងប្រុសវង្វេងនៅក្នុងព្រៃ មានភ្ញៀងធ្លាក់ខ្លាំងៗ ហើយសីតុណ្ហភាពធ្លាក់ចុះដល់ ៧ អង្សាសេ។ ក្មេងប្រុសបានជ្រកកោននៅក្នុងអគារបន្ទាយទាហាន ដោយដេកនៅចន្លោះពូកពីរ និងផឹកទឹកចេញពីក្បាលរ៉ូប៊ីនេនៅក្រៅអគារ។
ឪពុករបស់យ៉ាម៉ាតុបាននិយាយតាមទូរសព្ទនៅលើកញ្ចក់ទូរទស្សន៍អាសាហ៊ីថា៖ « ខ្ញុំរកឃើញយ៉ាម៉ាតុហើយ។ ខ្ញុំបានសុំទោសកូន ហើយគេបានងក់ក្បាល។ វាពិតជាល្អណាស់ ដែលកូនខ្ញុំមានសុវត្ថិភាពល្អ។ ខ្ញុំរកពាក្យអ្វីមកនិយាយមិនបានទេ »។
ក្រុមអ្នកជួយសង្គ្រោះជាង ១៨០ នាក់រួមទាំងទាហានផង បានចុះរុករកយ៉ាម៉ាតុដែលបានបាត់ខ្លួននៅក្នុងព្រៃកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីឪពុកម្តាយរបស់គេបញ្ជាឲ្យចុះពីរថយន្ត ដើម្បីដាក់ទោសចំពោះកូន ដែលបានលេងគប់ដុំថ្មទៅលើរថយន្តរបស់អ្នកដទៃ៕
ប្រភព៖ Daily Mail
© រក្សាសិទ្ធិដោយ thmeythmey.com