ជាតិ
​សិស្ស​វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង​ជាង​១០០០​នាក់ ចុះ​ទស្សនកិច្ច​សិក្សា​នៅ​ឧទ្យាន​ជាតិ​គីរីរម្យ​
08, Jun 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​សិស្សានុសិស្ស និង​បុគ្គលិក​សិក្សា​ចំនួន​ជាង​១០០០​នាក់ នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​ចុះ​ទស្សនកិច្ច​សិក្សា​តាម រយៈ​រថយន្តក្រុង​ចំនួន​២២​គ្រឿង ដែលមាន​រយៈពេល​ពេញ​មួយថ្ងៃ​ឆ្ពោះទៅកាន់ ឧទ្យាន​ជាតិ​គីរីរម្យ មាន​ទីតាំង​ស្ថិត នៅក្នុង​ខេត្ដ​កំពង់ស្ពឺ​។ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ធ្វើឡើង​កាលពី​សប្តាហ៍​កន្លងទៅ ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា ស្វែងយល់​អំពី សង្គម​ខាងក្រៅ ការរស់នៅ​របស់​ប្រជាជន​តាម​ទីជនបទ ជាពិសេស​គឺ​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ ឧទ្យាន​ជាតិ​គីរីរម្យ ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដ៏​មាន​សក្កា​នុព​ល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 
​ឧទ្យាន​ជាតិ​គីរីរម្យ គឺជា​តំបន់​ទេសចរណ៍​មួយ​ដែល​គេ​សង្កេតឃើញ​មាន​រមណីយដ្ឋាន​កែច្នៃ វត្ត​អារាម ផ្ទះ​សម្រាប់​ស្នាក់ នៅ ភោជនីយដ្ឋាន សួនសត្វ សួនច្បារ ទឹកជ្រោះ លាន​លេង​កីឡា ចំការ​តែ និង​ជា​កន្លែង​អតីត​ព្រះរាជដំណាក់​របស់ ព្រះបាទ នរោត្តម​សីហនុ ដែល​បាន​យាង​ដោយ​ដំរី និង​រុក​រកឃើញ​តំបន់​នេះ​ក្នុង​ឆ្នាំ​១៩៩៤​។ បន្ទាប់មក​ព្រះអង្គ​បានដាក់​ឈ្មោះ​តំបន់ នេះ​ថា “​គីរីរម្យ​” ។ 
 
​លោក ឡុង ពិសី ប្រធាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​សិក្សា បានឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា មូលហេតុ​ដែល លោក​ជ្រើសរើស​ឱ្យ​សិស្សានុសិស្ស​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​ទីនោះ ដោយ​លោក​យល់ឃើញថា រមណីយដ្ឋាន​នេះ​ជា​កន្លែង​ដែល មាន​បរិស្ថាន​ស្អាត ខ្យល់អាកាស​បរិសុទ្ធ អំណោយផល​ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​សម្រាក​កម្សាន្ដ អារម្មណ៍​។​


  ​លោក​បាន​បន្ដថា ផ្សារភ្ជាប់​ទៅនឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​យល់ច្បាស់​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ សាលា​បានរៀបចំ​ជា​ប្រ​វ​ត្ដិ​ខេត្ដ​កំពង់ស្ពឺ ប្រ​វ​ត្ដិ​ឧទ្យាន​ជាតិ​គីរីរម្យ ឱ្យ​លោកគ្រូ អ្នកគ្រូ អាន​ឱ្យ​សិស្ស​ស្ដាប់ និង​រៀបចំ ជា​កម្រង​សំនួរ​-​ចម្លើយ​ខ្លីៗ សម្រាប់​ចោទសួរ​ទៅ​សិស្ស​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​។ ឆ្លងតាម​ដំណើរ ទស្សនកិច្ច​សិក្សា​នេះ លោក​សង្ឃឹមថា​សិស្សានុសិស្ស​ទាំងអស់​នឹង​យក​ចិ​ត្ដ​ទុកដាក់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​កាន់​តែមាន មនសិការ​ចេះ​ស្រឡាញ់ ឱ្យ​តម្លៃ និង​ថែរក្សា​សម្បត្ដិ​ធម្មជាតិ បរិស្ថាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ 
 
​លោក​សង្កេតឃើញថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ សិស្សានុសិស្ស​ទាំងអស់​មា​ន​ភាពសប្បាយ​រីករាយ​ឥតឧបមា​ជា មួយ​មិ​ត្ដ​ភ័ក្ដិ បងប្អូន មាតាបិតា អ្នកអាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ​របស់​ពួកគេ ដោយបាន​សម្រាក​លម្ហែកាយ​បន្ទាប់ពី​ការ សិក្សា និង​បានឃើញ​នូវ​ទិដ្ឋភាព​ប្លែកៗ ទេសភាព​ស្រស់បំព្រង ជាពិសេស​ធាតុអាកាស​ដ៏​ត្រជាក់​បែប​ធម្មជាតិ​ពិតៗ គួបផ្សំ​ជា មួយ​ការលេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត និង​ការសម្តែង​ទេពកោសល្យ​របស់​សិស្សានុសិស្ស​។ 
 
​គួរបញ្ជាក់​ផងដែរ​ដែរ​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​លើក​នេះ គឺ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដោយ​សិស្សានុសិស្ស ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ និង​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ​ដ៏​ល្អ ជាមួយ​មិ​ត្ដ​ភ័ក្ដិ​របស់គេ ម្យ៉ាងវិញទៀត​ដោយមាន​ការគាំទ្រ ពី​សំណាក់​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​ដែល​បានផ្ដល់​ការជឿ​ទុក​ចិ​ត្ដ​មកលើ​វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង​អនុញ្ញាត ឱ្យ​បុត្រាបុត្រី​របស់​ពួកគេ​មក​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា នេះ​យ៉ាងច្រើន​កុះករ​៕
 
(​អត្ថបទ​សាលា​)
 

Tag:
 aii
© រក្សាសិទ្ធិដោយ thmeythmey.com